ទីក្រុង Santo Domingo÷ យប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានប្រតិភូ បានដឹកនាំប្រតិភូរង និងកីឡាករ-កីឡការិនី ទាំង៣ប្រភេទកីឡា រួមមាន៖ បាល់ទះលើឆ្នេរខ្សាច់ ហែលទឹក និងយូដូ ចូលរួមពិធីបិទ (Closing Ceremony) និងលៀងសាយភោជន៍ ក្នុងព្រឹត្តិការណ៍ The 4th USIP World Police Games 2026 ដែលបានប្រព្រឹត្តទៅ នាទីក្រុង Santo Domingo សាធារណរដ្ឋដូមីនីក ចាប់ពីថ្ងៃទី២៦ ដល់៣០ ខែតុលា ឆ្នាំ២០២៦។

ក្នុងព្រឹត្តិការណ៍កីឡានគរបាលលំដាប់ពិភពលោកខាងលើ អត្តពលិកក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បានឈ្នះមេដាយ ៤គ្រឿង ពោលគឺ÷

  • លោកវរសេនីយ៍ទោ នុត សេរីរដ្ឋា ឈ្នះមេដាយសំរិទ្ធយូដូ ១គ្រឿងក្នុងប្រភេទទម្ងន់ក្រោម៦៦គីឡូក្រាម
  • លោកវរសេនីយ៍ទោ ស៊ន់ បញ្ញាវឌ្ឍន៍ ឈ្នះមេដាយសំរិទ្ធយូដូ ១គ្រឿងក្នុងប្រភេទទម្ងន់ក្រោម៨១គីឡូក្រាម
  • កញ្ញាព្រិន្ទបាលទោ សុខ វរល័ក្ខណ ឈ្នះមេដាយសំរិទ្ធ ១គ្រឿងលើវិញ្ញាសាហែលរបៀបកង្កែប៥០ម (Woman 50m Breaststroke)។

ជាមួយគ្នានោះ លោកព្រិន្ទបាលទោ ធី ម៉េងហួង និងលោកព្រិន្ទបាលទោ មឿន ម៉េងឡាយ ឈ្នះមេដាយប្រាក់មួយគ្រឿងក្នុងប្រភេទកីឡាបាល់ទះលើឆ្នេរខ្សាច់ ក្រោយបរាជ័យក្រោមថ្វីដៃម្ចាស់ផ្ទះក្រុមសាធារណរដ្ឋដូមីនីក A ក្នុងលទ្ធផល ២សិតទល់នឹង០ នាវគ្គផ្តាច់ព្រ័ត្រថ្ងៃនេះ។

សូមជម្រាបជូនថា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាក្រសួងមហាផ្ទៃ កម្ពុជាបានបញ្ជូនប្រតិភូ-ប្រតិភូរង គ្រូបង្វឹក និងកីឡាករ-កីឡការិនី សរុបចំនួន១៥រូប លើ៣ប្រភេទកីឡា រួមមាន៖ បាល់ទះលើឆ្នេរខ្សាច់ ហែលទឹក និងយូដូ ដើម្បីចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ The 4th USIP World Police Games ឆ្នាំ២០២៦នេះ ដែលដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានប្រតិភូ៕

Share.