ប្រទេសអ៊ីរ៉ង់បានដាក់ចេញនូវផែនការថ្មី និងមានលក្ខណៈលឿនជាងមុន ដោយស្នើឱ្យមានការបើកឡើងវិញនូវច្រកសមុទ្រសមុទ្រ Hormuz ក្នុងរយៈពេលត្រឹមតែ ២ថ្ងៃប៉ុណ្ណោះ ប្រសិនបើភាគីសហរដ្ឋអាមេរិកយល់ព្រមបំពេញតាមលក្ខខណ្ឌរបស់ខ្លួន។ សេចក្តីប្រកាសនេះ គឺជាការសម្របសម្រួលមួយកម្រិតទៀត ពីសំណាក់រទីក្រុងតេអេរ៉ង់ បន្ទាប់ពីការចរចារស្វែងរកកិច្ចព្រមព្រៀមមួយ ក្រោមការសម្របសម្រួលពីប្រទេសកាតា ខណៈពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះផលប៉ះពាល់លើទីផ្សារថាមពលសកល។

យន្តការនៃផែនការ ៤៨ម៉ោងនេះ ត្រូវបានកាត់បន្ថយមកពីគម្រោងដើម ដែលមានរយៈពេល ៧ថ្ងៃ ដោយនៅថ្ងៃទី១ សហរដ្ឋអាមេរិកត្រូវអនុវត្តវិធានការតាមការទាមទាររបស់អ៊ីរ៉ង់ ដែលរួមមានការដកទណ្ឌកម្មសេដ្ឋកិច្ច ការបន្ធូរបន្ថយវត្តមានយោធាអាមេរិកក្នុងតំបន់ ការស្តារឡើងវិញនូវការលើកលែងទណ្ឌកម្មលើប្រេង និងការប្រគល់ទ្រព្យសម្បត្តិអ៊ីរ៉ង់ដែលត្រូវបង្កកនៅបរទេស។ រីឯនៅថ្ងៃទី២ ច្រកសមុទ្រនេះនឹងត្រូវបើកឱ្យនាវាចរណ៍ធ្វើដំណើរជាប្រក្រតីឡើងវិញ បន្ទាប់ពីលក្ខខណ្ឌខាងលើត្រូវបានបំពេញរួចរាល់ ព្រមទាំងមានការទាមទារឱ្យមានការទទួលស្គាល់ផ្លូវនាវាចរណ៍ថ្មីដែលខ្លួនបានចរចារួចរាល់ជាមួយប្រទេសអូម៉ង់ផងដែរ។

ទោះបីជាមានការស្នើឡើងនូវពេលវេលាដ៏ខ្លីនេះក៏ដោយ ក៏មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បានបញ្ជាក់ថា នេះគ្រាន់តែជាសំណើសម្រាប់ការចរចាប៉ុណ្ណោះ ពុំទាន់មានកិច្ចព្រមព្រៀងជាផ្លូវការណាមួយត្រូវបានចុះហត្ថលេខានៅឡើយទេ។ ភាពទន់ភ្លន់ផ្នែកការទូតនេះ កើតឡើងស្របពេលដែលទីក្រុងតេអេរ៉ង់ បានកត់សម្គាល់ឃើញការផ្លាស់ប្តូរឥរិយាបថដ៏គួរឱ្យកត់សម្គាល់នៅក្នុងសារលិខិតរបស់ថ្នាក់ដឹកនាំអាមេរិក ដែលអ៊ីរ៉ង់ចាត់ទុកថា ជាសញ្ញាវិជ្ជមាន ទោះជាឧប្បត្តិហេតុថ្មីៗ ដូចជាការផ្ទុះគ្រាប់មីនលើនាវាផ្ទុកប្រេង និងនាវាដឹកឧស្ម័នក្នុងដែនទឹកឈូងសមុទ្រនៅតែបន្តជាឧបសគ្គក៏ដោយ។

សូមជម្រាបថា ច្រកសមុទ្រនេះគឺជាបណ្តាញផ្លូវដង្ហើមសេដ្ឋកិច្ចដ៏សំខាន់បំផុតមួយសម្រាប់ទីផ្សារប្រេង និងឧស្ម័នធម្មជាតិពិភពលោក ដូច្នេះការសម្រេចចិត្តបើក ឬបិទ ច្រកសមុទ្រនេះ មិនត្រឹមតែពាក់ព័ន្ធនឹងជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងកំណត់វាសនានៃស្ថិរភាពសេដ្ឋកិច្ច និងតម្លៃថាមពលអន្តរជាតិទាំងមូលផងដែរ៕

