{បាងកក}៖ រដ្ឋាភិបាលថៃបានផ្ញើសារព្រមានយ៉ាងច្បាស់ៗទៅកាន់អាជ្ញាធរមីយ៉ាន់ម៉ា ដោយទាមទារកុំឱ្យជម្លោះប្រដាប់អាវុធផ្ទៃក្នុងរបស់ខ្លួនរាលដាលចូលក្នុងទឹកដីថៃជាដាច់ខាត បន្ទាប់ពីមានហេតុការណ៍បាញ់បោះ និងគ្រាប់ផ្លោងបានធ្លាក់ចូលក្នុងទឹកដីថៃ បង្កការគំរាមកំហែងដល់សុវត្ថិភាពប្រជាពលរដ្ឋ។

នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈកុលបានថ្លែងថា រដ្ឋាភិបាលថៃបានសម្តែងការបារម្ភយ៉ាងខ្លាំងទៅកាន់ភាគីមីយ៉ាន់ម៉ាតាមរយៈបណ្តាញការទូត និងយោធា ព្រមទាំងបានកោះហៅតំណាងស្ថានទូតមីយ៉ាន់ម៉ាមកជួបផ្ទាល់ ដើម្បីជម្រាបជូនជាផ្លូវការអំពីជំហរម៉ឺងម៉ាត់របស់ទីក្រុងបាងកក។

នាយករដ្ឋមន្ត្រីថៃរូបនេះបានសង្កត់ធ្ងន់ថា មីយ៉ាន់ម៉ាត្រូវតែប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីធានាថាការប្រយុទ្ធគ្នាមិនបង្កគ្រោះថ្នាក់ដល់ជីវិត និងទ្រព្យសម្បត្តិរបស់ជនស៊ីវិលក្នុងទឹកដីថៃឡើយ។ ប្រមុខរដ្ឋាភិបាលរូបនេះបានបញ្ជាឱ្យកងកម្លាំងសន្តិសុខថៃបង្កើនការល្បាត និងតាមដានស្ថានការណ៍តាមព្រំដែនយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីត្រៀមខ្លួនការពារអធិបតេយ្យភាពជាតិ។

ទោះជាយ៉ាងណា អាជ្ញាធរថៃក៏បានណែនាំឱ្យជៀសវាងការប៉ះទង្គិចមិនចាំបាច់ណាមួយ ដោយសារថៃមិនមែនជាភាគីពាក់ព័ន្ធក្នុងជម្លោះផ្ទៃក្នុងរបស់មីយ៉ាន់ម៉ានោះទេ។ ដោយឡែក ចំពោះបញ្ហាមនុស្សធម៌ ប្រទេសថៃនៅតែបន្តផ្តល់ជំនួយដល់ពលរដ្ឋមីយ៉ាន់ម៉ាដែលភៀសខ្លួន​ពី​សង្គ្រាម​ ដោយមានផែនការរៀបចំឱ្យពួកគេវិលត្រឡប់ទៅមាតុភូមិវិញតាមនីតិវិធីច្បាប់ នៅពេលដែលស្ថានភាពមានសុវត្ថិភាពឡើងវិញ។

នាយកណ្ដុរ អនុទីន បានគូសបញ្ជាក់ឡើងវិញនូវគោលការណ៍គ្រឹះក្នុងការគ្រប់គ្រងព្រំដែនថា ថៃមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ឬធ្វើឱ្យសង្គ្រាមរបស់ប្រទេសជិតខាងកាន់តែធ្ងន់ធ្ងរនោះទេ ប៉ុន្តែត្រូវតែធានាដាច់ខាតថា ប្រជាជនថៃមិនត្រូវរងគ្រោះដោយសារសង្គ្រាមដែលពួកគេមិនបានបង្កឡើងឡើយ។ លោកបានបន្ថែមថា ប្រទេសថៃប្រាថ្នាចង់បានសន្តិភាព ប៉ុន្តែក៏នឹងការពារអធិបតេយ្យភាព និងសុវត្ថិភាពរបស់ប្រជាជនខ្លួនយ៉ាងម៉ឺងម៉ាត់ជាទីបំផុត៕

Share.