
នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការរវាងរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងសហរដ្ឋអាមេរិក ដែលប្រារព្ធឡើងនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ កន្លងទៅនៅក្នុងទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth បានថ្លែងឡើងដោយផ្តល់នូវនិយមន័យថ្មីនៃយុទ្ធសាស្ត្រ «សន្តិភាពតាមរយៈកម្លាំង» ព្រមទាំងបានលើកយកឧទាហរណ៍ជាក់ស្តែងពីកិច្ចខិតខំប្រឹងប្រែងរក្សាបទឈប់បាញ់តាមបណ្តោយព្រំដែនរវាងប្រទេសថៃ និងកម្ពុជា មកបញ្ជាក់ពីភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់។
និយមន័យ «សន្តិភាពតាមរយៈកម្លាំង» និងវិធីសាស្ត្រ ៣ ចំណុចលោក Pete Hegseth បានគូសបញ្ជាក់ថា ចក្ខុវិស័យរបស់សហរដ្ឋអាមេរិកសម្រាប់តំបន់ប៉ាស៊ីហ្វិក គឺការបង្កើតឡើងនូវភាពស្ថិតស្ថេរ សុវត្ថិភាព និងវិបុលភាព ដែលផ្អែកលើមូលដ្ឋានគ្រឹះនៃភាពរឹងមាំ និងការម្ចាស់ការលើខ្លួនឯងរបស់បណ្តាប្រទេសក្នុងតំបន់ ក្នុងការការពារអធិបតេយ្យភាពរបស់ខ្លួន។

លោកបានកំណត់និយមន័យនៃវិធីសាស្ត្ររបស់អាមេរិកតាមរយៈ ៣ ចំណុចសំខាន់គឺ៖ «រឹងមាំ ស្ងប់ស្ងាត់ និងច្បាស់លាស់»។ ភាពរឹងមាំ លោកបញ្ជាក់ថា ដើម្បីទប់ស្កាត់រាល់ការគំរាមកំហែង និងអំពើឈ្លានពានផ្សេងៗ។ ចំពោះភាពស្ងប់ស្ងាត់ នោះគឺដើម្បីជៀសវាងការតម្លើងភាពតានតឹងដោយគ្មានប្រយោជន៍ ឬការបង្កើតឆាកល្ខោនជាសាធារណៈ ដោយទុកឱ្យសកម្មភាពជាអ្នកនិយាយជំនួសវិញ។ រីឯភាពច្បាស់លាស់ លោកសំដៅដល់មិត្តភក្តិ ដៃគូ និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវយល់ពីជំហររបស់សហរដ្ឋអាមេរិកក្នុងការការពារផលប្រយោជន៍រួម។
យ៉ាងណាមិញលោក Pete Hegseth បានលើកសរសើរដល់ភាពជាអ្នកដឹកនាំរបស់អាស៊ាន ដោយបានទាញយកឧទាហរណ៍ពីកិច្ចខិតខំប្រឹងប្រែងក្នុងការ រក្សាបទឈប់បាញ់តាមបណ្តោយព្រំដែនរវាងប្រទេសថៃ និងកម្ពុជា មកបញ្ជាក់ថា ជាសក្ខីភាពនៃការសម្រេចបាននូវគោលដៅ នៅពេលដែលស្ថាប័នតំបន់នេះដើរតួនាទីដោយមានគោលបំណង និងការប្តេជ្ញាចិត្តច្បាស់លាស់។
លោកក៏បានគូសបញ្ជាក់ផងដែរថា ការយកចិត្តទុកដាក់របស់ប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះបញ្ហានេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ហើយសហរដ្ឋអាមេរិកនៅតែប្តេជ្ញាបន្តរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងដែលដឹកនាំដោយអាស៊ានបន្តទៀត។

យ៉ាងណាមិញ នៅឆ្នាំក្រោយ លោក Hegseth បានស្នើឱ្យមានការបង្កើត «ក្របខ័ណ្ឌសហរដ្ឋអាមេរិក-អាស៊ាន សម្រាប់កិច្ចសហប្រតិបត្តិការការពារជាតិ» មួយ ដែលជាផែនទីបង្ហាញផ្លូវជាក់ស្តែងសម្រាប់កិច្ចសហប្រតិបត្តិការក្នុងរយៈពេលជាច្រើនឆ្នាំខាងមុខ ក្រោមការដឹកនាំបន្តរបស់ប្រទេសសិង្ហបុរីក្នុងនាមជាប្រធានក្រុមការងារអ្នកជំនាញ ADMM-Plus។
ជាចុងក្រោយ លោកបានអះអាងសារជាថ្មីថា សហរដ្ឋអាមេរិកក្នុងនាមជាប្រទេសប៉ាស៊ីហ្វិកដ៏មានមោទកភាព នឹងបន្តឈរអមដំណើរជាមួយបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីសម្រេចឱ្យបាននូវសន្តិភាព វិបុលភាព និងអធិបតេយ្យភាពពេញលេញ ផ្អែកលើស្មារតីគោរពគ្នាទៅវិញទៅមក៕

