បាត់ដំបង÷ អាជ្ញាធរខេត្តបាត់ដំបង បានផ្តល់ស្រូវពូជជូនដល់ប្រជាកសិករចំនួន ៣៧៦គ្រួសារ ដើម្បីស្តារការដាំដុះ និងជីវភាពឡើងវិញក្រោយរងគ្រោះដោយជំនន់ទឹកភ្លៀងកន្លងមក។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ជាមួយមន្ត្រីជំនាញពាក់ព័ន្ធនៅព្រឹកថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៦ នេះបានចុះចែកស្រូវពូជដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា ជូនដល់ប្រជាកសិករចំនួន ៣៧៦គ្រួសារ ក្នុងភូមិសាស្ត្រឃុំវត្តតាមិម និងឃុំរកា ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង ដើម្បីជួយសម្រួលដល់ការស្តារឡើងវិញនូវការបង្កបង្កើនផល និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់កាលពីកន្លងមកនេះ។

ឯកឧត្តម សុខ លូ បានលើកឡើងថា ការផ្តល់ស្រូវពូជជូនដល់ប្រជាកសិករនាពេលនេះជាការយកចិត្តទុកដាក់ និងការគិតគូរបំផុតរបស់រាជរដ្ឋាភិបាល ជួយសម្រាលការលំបាក និងផ្តល់លទ្ធភាពឱ្យបងប្អូនប្រជាកសិករអាចចាប់ផ្តើមស្តារការបង្កបង្កើនផលឡើងវិញ បន្ទាប់ពីទទួលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់។

ឯកឧត្តមបានណែនាំដល់ក្រុមការងារពាក់ព័ន្ធឱ្យបន្តជំរុញការចែកចាយស្រូវពូជឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា បង្កលក្ខណ:ឱ្យប្រជាកសិករបានយកស្រូវពូជដែលបានផ្ដល់ឲ្យទៅដាំដុះទាន់ពេលវេលា ទាន់រដូវកាល។ កន្លងមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់ស្រូវពូជជូនប្រជាកសិករចំនួន ១០.៧០០គ្រួសាររួចមកហើយ ហើយនៅថ្ងៃនេះរដ្ឋបាលខេត្ត និងក្រុមការងារពាក់ព័ន្ធបានបន្តចុះចែកជូនប្រជាកសិករចំនួន ៣៥៦គ្រួសារបន្ថែមទៀត សុទ្ធសឹងតែជាស្រូវពូជមានគុណភាពល្អ។

ឯកឧត្តមក៏បានសំណូមពរដល់បងប្អូនប្រជាកសិករឱ្យខិតខំយកចិត្តទុកដាក់ក្នុងការងារដាំដុះ និងពិចារណាបង្កើនការដាំដំណាំរួមផ្សំបន្ថែមទៀតប្រយោជន៍បង្កើនប្រាក់ចំណូល និងពង្រឹងជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។ ចុងក្រោយ ឯកឧត្តមបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋឱ្យបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងបន្តសាមគ្គីភាព រួមគ្នាជាធ្លុងមួយ រួមចំណែកអភិវឌ្ឍប្រទេស និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែរីកចម្រើន៕
អត្ថបទ÷ ដំបងក្រញូង

