ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានណែនាំដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ និងត្រួតពិនិត្យការលក់ដូរចំណីអាហារ និងភេសជ្ជៈនៅក្នុងបរិវេណសាលារៀនឱ្យបានហ្មត់ចត់ និងជាប្រចាំ ដោយត្រូវហាមឃាត់ដាច់ខាតចំពោះចំណីអាហារ និងភេសជ្ជៈដែលគ្មានប្រភពច្បាស់លាស់ ឬអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសិស្សានុសិស្ស។

ការណែនាំនេះធ្វើឡើងក្នុងពិធីអបអរសាទរបើកបវេសនកាលឆ្នាំសិក្សា ២០២៦-២០២៧ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិទ្យាល័យពោធិ៍សាត់ ខណៈឯកឧត្តមអភិបាលខេត្តបានលើកឡើងពីសារៈសំខាន់នៃការថែរក្សាសុខភាពសិស្សានុសិស្ស ស្របពេលដែលការបរិភោគចំណីអាហារ និងភេសជ្ជៈដែលគ្មានអនាម័យ ឬគ្មានប្រភពច្បាស់លាស់ អាចបង្កហានិភ័យដល់សុខភាពក្នុងរយៈពេលខ្លី និងរយៈពេលវែង។

ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានបង្ហាញពីក្ដីបារម្ភចំពោះបញ្ហាសុខភាពដែលអាចកើតមានពីការបរិភោគចំណីអាហារ និងភេសជ្ជៈមិនមានសុវត្ថិភាព ដោយក្នុងនោះមានហានិភ័យនៃជំងឺធ្ងន់ធ្ងរមួយចំនួន ដូចជា ជំងឺមហារីក និងជំងឺទឹកនោមផ្អែមជាដើម ដូចនេះហើយការជ្រើសរើសចំណីអាហារ និងភេសជ្ជៈសម្រាប់បរិភោគប្រចាំថ្ងៃ គឺជារឿងដែលមនុស្សគ្រប់រូប ជាពិសេសសិស្សានុសិស្ស ត្រូវយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់។

ឯកឧត្តមបានលើកឡើងដោយសង្កត់ធ្ងន់ថា អ្នកលក់មួយចំនួនផ្តោតសំខាន់លើការលក់ដូរដើម្បីទទួលបានប្រាក់ចំណេញ ប៉ុន្តែអ្នកដែលប្រឈមនឹងផលប៉ះពាល់ដល់សុខភាព គឺអ្នកទិញ និងអ្នកបរិភោគផ្ទាល់ ហេតុនេះ សិស្សានុសិស្សមិនគួរមើលរំលងសុវត្ថិភាពចំណីអាហារនោះឡើយ ហើយត្រូវចេះជ្រើសរើសអាហារដែលមានអនាម័យ និងប្រភពច្បាស់លាស់។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តបានលើកឡើងពីទំនាក់ទំនងរវាងសុខភាព និងការអប់រំ ដោយសង្កត់ធ្ងន់ថា «អប់រំដើម្បីសុខភាព សុខភាពដើម្បីការអប់រំ» ព្រោះប្រសិនបើសិស្សានុសិស្សមិនមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្តទេ នោះការសិក្សាក៏មិនអាចទទួលបានលទ្ធផលពេញលេញដែរ។ ដូច្នេះ សិស្សានុសិស្សទាំងអស់ត្រូវចេះថែរក្សាសុខភាព បរិភោគចំណីអាហារដែលមានអនាម័យ និងជៀសវាងអាហារដែលអាចបង្កគ្រោះថ្នាក់ដល់រាងកាយ។

ទន្ទឹមនឹងនេះ ឯកឧត្តមបានក្រើនរំលឹកដល់គណៈគ្រប់គ្រងសាលារៀនឱ្យចាត់ទុកបញ្ហាសុវត្ថិភាពចំណីអាហារជាការងារសំខាន់មួយក្នុងការការពារសុខភាពសិស្ស ដោយត្រូវត្រួតពិនិត្យការលក់ដូររបស់អាជីវករនៅក្នុងសាលាជាប្រចាំ និងចាត់វិធានការហាមឃាត់ជាដាច់ខាតចំពោះចំណីអាហារ និងភេសជ្ជៈណាដែលអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសិស្សានុសិស្ស ហើយការយកចិត្តទុកដាក់លើអនាម័យ និងសុវត្ថិភាពចំណីអាហារនៅតាមសាលារៀន គឺជាកត្តាសំខាន់ក្នុងការការពារសុខភាពកុមារ និងយុវជន ព្រមទាំងជួយបង្កើតបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព និងផ្តល់លទ្ធផលល្អដល់ការសិក្សារបស់សិស្សានុសិស្ស៕

Share.