បាងកក៖ កម្លាំងប៉ូលិស CIB របស់ប្រទេសថៃ បានចុះទម្លុះឆែកឆេរឃ្លាំងស្តុកទំនិញមួយកន្លែងស្ថិតក្នុងតំបន់ Nong Khaem ទីក្រុងបាងកក ដោយបានរឹបអូសផលិតផលអាហារបំប៉ន គ្រឿងសម្អាង និងទឹកអប់សង្ស័យក្លែងក្លាយសរុបចំនួន ២៦,១១៧គ្រឿង ដែលមានតម្លៃប៉ាន់ស្មានជាង ៥លានបាត។

ប្រតិបត្តិការនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ក្រោយពីការស្រាវជ្រាវរកឃើញថា មានហាងអនឡាញមួយបានផ្សព្វផ្សាយលក់ផលិតផលថែទាំសុខភាព សម្រស់ ព្រមទាំងអាហារបំប៉នប្រូតេអ៊ីនសាច់ដុំក្នុងតម្លៃថោកខុសពីទីផ្សារធម្មតា។

តាមរយៈការស៊ើបអង្កេត ប៉ូលិសបានរកឃើញថា ទំនិញខុសច្បាប់ទាំងនោះត្រូវបានគេរត់ពន្ធចូលពីប្រទេសជិតខាង តាមច្រកព្រំដែនភាគឥសានប្រទេសថៃ មុននឹងយកមកស្តុកទុកក្នុងឃ្លាំងខាងលើ ដើម្បីរៀបចំវេចខ្ចប់ និងចែកចាយតាមការបញ្ជាទិញអនឡាញក្នុងអត្រាប្រមាណ ២,០០០ដងក្នុងមួយថ្ងៃ ដែលមានជនជាតិចិនម្នាក់ជាអ្នកផ្តល់ទុននៅពីក្រោយខ្នង។

អំឡុងពេលចុះឆែកឆេរនោះ សមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីម្នាក់ឈ្មោះ Nichawadi អាយុ ៣០ឆ្នាំ ជាអ្នកមើលថែឃ្លាំង ដែលបានសារភាពថាខ្លួនបានធ្វើការសម្របសម្រួលការបញ្ជាទិញ និងចែកចាយទំនិញទាំងនេះអស់រយៈពេលជាងមួយឆ្នាំមកហើយ តាមរយៈការបញ្ជាតាមទូរស័ព្ទពីថៅកែជនជាតិចិន៕

Share.