ត្បូងឃ្មុំ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានជំរុញដល់សិស្សានុសិស្ស និងយុវជនទាំងអស់ឱ្យខិតខំសិក្សារៀនសូត្រ ពង្រឹងចំណេះដឹង សមត្ថភាព និងជំនាញផ្ទាល់ខ្លួន ដើម្បីត្រៀមខ្លួនប្រកួតប្រជែងក្នុងការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិល ក្រោមគោលការណ៍ «ចេះ គឺជាប់» និងមានឱកាសចូលរួមបម្រើជាតិមាតុភូមិ។ការលើកឡើងនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់ ស្ថិតក្នុងឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ដែលបានចូលរួមក្នុងពិធីនេះ។ ទន្ទឹមនឹងនេះ ឯកឧត្តមបានលើកឡើងពីវឌ្ឍនភាពនៃការងារកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដែលក្រសួងមុខងារសាធារណៈកំពុងអនុវត្តតាមគោលការណ៍ «ចេះ គឺជាប់» ដោយប្រកាន់ខ្ជាប់នូវតម្លាភាព យុត្តិធម៌ គុណធិបតេយ្យ និងប្រសិទ្ធភាព។

ឯកឧត្តមបានបញ្ជាក់ថា ការប្រឡងជ្រើសរើសមន្ត្រីរាជការនីមួយៗ គឺផ្តល់ឱកាសស្មើៗគ្នាដល់បេក្ខជនគ្រប់រូប ដោយមិនមានការរើសអើង ហេតុនេះ អ្នកដែលមានចំណេះដឹង សមត្ថភាព និងការត្រៀមខ្លួនបានល្អ នឹងមានឱកាសបង្ហាញសមត្ថភាពរបស់ខ្លួនតាមរយៈការប្រឡង។ ដូច្នេះ យុវជនត្រូវខិតខំរៀនសូត្រ និងកសាងសមត្ថភាពឱ្យបានពិតប្រាកដ ព្រោះចំណេះដឹង និងជំនាញ គឺជាកត្តាសំខាន់ក្នុងការបង្កើតឱកាសសម្រាប់អនាគត និងការចូលរួមអភិវឌ្ឍប្រទេសជាតិ។

ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការលះបង់ ការខិតខំប្រឹងប្រែង និងការបំពេញតួនាទីរបស់លោកគ្រូ អ្នកគ្រូ ក្នុងការបង្រៀន និងបណ្តុះបណ្តាលធនធានមនុស្សសម្រាប់សង្គមជាតិ។ ការខិតខំរបស់គ្រូបង្រៀន គឺជាផ្នែកដ៏សំខាន់ក្នុងការកសាងមូលដ្ឋានចំណេះដឹង និងអនាគតរបស់ក្មេងជំនាន់ក្រោយ។

ចំពោះសិស្សានុសិស្ស ឯកឧត្តមបានដាស់តឿនឱ្យបន្តខិតខំរៀនសូត្រ ប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ និងអាកប្បកិរិយាល្អ ព្រមទាំងជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ដែលអាចប៉ះពាល់ដល់ការសិក្សា សុខភាព និងអនាគតរបស់ខ្លួន។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា «ការអប់រំ និងការកសាងសមត្ថភាព គឺជាគ្រឹះរឹងមាំសម្រាប់អនាគតផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល»។

នៅចុងបញ្ចប់នៃពិធីសំណេះសំណាល ឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់ការលើកទឹកចិត្ត និងឧបត្ថម្ភជូនដល់លោកគ្រូ អ្នកគ្រូ ដោយក្នុងម្នាក់ៗទទួលបានកាតាបសម្រាប់ប្រើប្រាស់ និងថវិកាចំនួន ១០ម៉ឺនរៀល។ ចំណែកសិស្សានុសិស្សទទួលបានថវិកាចំនួន ១ម៉ឺនរៀលក្នុងម្នាក់ៗ ព្រមទាំងកាតាប និងសម្ភារសិក្សាមួយចំនួនផងដែរ។ ជំនួបសំណេះសំណាលនេះ គឺជាឱកាសមួយក្នុងការផ្តល់កម្លាំងចិត្តដល់គ្រូបង្រៀន និងសិស្សានុសិស្ស ព្រមទាំងជំរុញឱ្យយុវជនយកចិត្តទុកដាក់លើការសិក្សា និងការអភិវឌ្ឍសមត្ថភាព ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយចំណេះដឹង ជំនាញ និងសីលធម៌ សម្រាប់រួមចំណែកអភិវឌ្ឍសង្គមជាតិទៅថ្ងៃអនាគត៕

Share.