ភ្នំពេញ៖ ទណ្ឌិតចំនួន ៨៣នាក់ ក្នុងចំណោមទណ្ឌិត ៨៨នាក់ ដែលត្រូវបានលើកយកមកពិនិត្យវាយតម្លៃនៅមណ្ឌលអប់រំកែប្រែទី១ ត្រូវបានគណៈកម្មការថ្នាក់មណ្ឌលឯកភាពដាក់បញ្ចូលក្នុងបញ្ជីស្នើសុំបន្ធូរបន្ថយទោស សម្រាប់ឱកាសប្រារព្ធពិធីបុណ្យទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ឆ្នាំ២០២៧ខាងមុខនេះ។

ការពិនិត្យ និងវាយតម្លៃនេះ បានធ្វើឡើងកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ នុត សវនា អគ្គនាយករង និងជាប្រធានមណ្ឌលអប់រំកែប្រែទី១ ដោយមានការប្រជុំថ្នាក់មណ្ឌលលើកទី១ ដើម្បីពិនិត្យលើកម្រិតកែប្រែ និងវាយតម្លៃលក្ខណៈសម្បត្តិរបស់ទណ្ឌិត មុននឹងរៀបចំសំណើសុំបន្ធូរបន្ថយទោស និងលើកលែងទោស។

តាមលទ្ធផលនៃកិច្ចប្រជុំ គណៈកម្មការបានឯកភាពដាក់បញ្ចូលទណ្ឌិតចំនួន ៨៣នាក់ ក្នុងបញ្ជីស្នើសុំបន្ធូរបន្ថយទោស ក្នុងនោះទណ្ឌិតចំនួន ៨២នាក់ ស្នើសុំបន្ធូរបន្ថយទោសរយៈពេល ៣ខែ និងទណ្ឌិតម្នាក់ ស្នើសុំបន្ធូរបន្ថយទោសរយៈពេល ៦ខែ។ ចំពោះទណ្ឌិតចំនួន ៥នាក់ផ្សេងទៀត ដែលស្ថិតក្នុងចំណោមទណ្ឌិត ៨៨នាក់ដំបូង គណៈកម្មការនឹងបន្តពិនិត្យសមាសភាព និងវាយតម្លៃបន្ថែម ដោយគ្រោងបន្តកិច្ចប្រជុំនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្តម នុត សវនា ក៏បានអបអរសាទរដល់ទណ្ឌិតទាំង ៨៣នាក់ ដែលត្រូវបានគណៈកម្មការឯកភាពដាក់បញ្ចូលក្នុងបញ្ជីស្នើសុំបន្ធូរបន្ថយទោស ព្រមទាំងបានណែនាំដល់មន្ត្រីជំនាញឱ្យបន្តសហការជាមួយប្រធានអគារនីមួយៗ ដើម្បីពិនិត្យ និងរៀបចំបញ្ជីឈ្មោះទណ្ឌិតឱ្យបានច្បាស់លាស់ មុនដាក់ជូនគណៈកម្មការពិនិត្យ និងវាយតម្លៃកម្រិតកែប្រែ។

ជាមួយគ្នានេះ មណ្ឌលអប់រំកែប្រែទី១ នឹងបន្តការងារពិនិត្យ និងវាយតម្លៃសមាសភាពទណ្ឌិត សម្រាប់ការស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យផ្សេងៗនាពេលខាងមុខ ស្របតាមនីតិវិធីដែលបានកំណត់៕

