សៀមរាប៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានជំរុញឱ្យកងកម្លាំងនគរបាលផ្លាស់ប្តូរផ្នត់គំនិតពីការគ្រប់គ្រង និងត្រួតត្រា មកជាការបម្រើ និងធ្វើជាដៃគូជាមួយប្រជាពលរដ្ឋ ដោយពង្រឹងទំនាក់ទំនង និងកិច្ចសហការជិតស្និទ្ធជាមួយសហគមន៍ ដើម្បីរួមគ្នារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។

ការជំរុញនេះធ្វើឡើងក្នុងឱកាសលោកឧត្តមសេនីយ៍ទោ ហួត សុធី អញ្ជើញជាសហអធិបតី ជាមួយលោកឧត្តមសេនីយ៍ទោ សាយ រិទ្ធីសក្កិ នាយកសាលានគរបាលជាតិភូមិភាគ៤ ក្នុងពិធីធ្វើបាឋកថាចែករំលែកបទពិសោធន៍ការងារជូនសិស្សនគរបាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី២០ លើកទី២ ក្រោមប្រធានបទ «ការលើកកម្ពស់ទស្សនទាននគរបាលជាតិ និងនគរបាលសហគមន៍ ដើម្បីពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ» នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលានគរបាលជាតិភូមិភាគ៤។ ពិធីនេះមានការចូលរួមពីស្នងការរងទទួលផែនការងារជំនាញ នាយការិយាល័យ និងសិស្សនគរបាល សរុបចំនួន ១៦៨នាក់ ក្នុងនោះស្ត្រី ៥៣នាក់។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី បានចែករំលែកគោលការណ៍ណែនាំ យុទ្ធសាស្ត្រ និងបទពិសោធន៍ការងារជាក់ស្តែង ដើម្បីឱ្យសិស្សនគរបាលយល់កាន់តែច្បាស់ពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់កងកម្លាំងនគរបាលជាតិ ក្នុងការការពារសន្តិសុខ សុវត្ថិភាព និងបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ និងប្រកបដោយវិជ្ជាជីវៈ។

លោកស្នងការបានគូសបញ្ជាក់ថា ការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ មិនអាចពឹងផ្អែកតែលើការបង្ក្រាបបទល្មើសក្រោយពេលកើតហេតុប៉ុណ្ណោះទេ ប៉ុន្តែត្រូវផ្តោតសំខាន់លើការបង្ការ និងទប់ស្កាត់ជាមុន តាមរយៈការស្រាវជ្រាវ ក្តាប់សភាពការណ៍ និងប្រមូលព័ត៌មានសន្តិសុខពីមូលដ្ឋាន ព្រមទាំងជំរុញការចូលរួមសហការពីប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ ការកសាងជំនឿទុកចិត្តរវាងប្រជាពលរដ្ឋ និងនគរបាល ក៏ជាកត្តាចាំបាច់ដែលត្រូវបង្កើតឡើងតាមរយៈការបំពេញការងារដោយសុចរិតភាព សីលធម៌ វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។

ជាមួយគ្នានេះ លោកស្នងការបានបង្ហាញពីទិសដៅ និងយុទ្ធសាស្ត្រសំខាន់ៗចំនួន៥ សម្រាប់ការកសាងកងកម្លាំងនគរបាលជាតិឱ្យកាន់តែទំនើប មានសមត្ថភាព និងវិជ្ជាជីវៈខ្ពស់ រួមមាន៖
ទី១. ការងារនគរបាល និងសហគមន៍៖ ជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងពង្រឹងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ តាមរយៈការពិគ្រោះយោបល់ជាប្រចាំ ដើម្បីស្តាប់ពីកង្វល់ និងរួមគ្នាដោះស្រាយបញ្ហាសន្តិសុខនៅក្នុងសហគមន៍។
ទី២. ការបង្ការ និងទប់ស្កាត់បទល្មើសជាមុន៖ ផ្លាស់ប្តូរពីការរង់ចាំដោះស្រាយបញ្ហាក្រោយពេលកើតហេតុ ទៅជាការស្រាវជ្រាវ និងក្តាប់សភាពការណ៍សន្តិសុខក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា ដើម្បីចាត់វិធានការបង្ការ និងទប់ស្កាត់បទល្មើស ព្រមទាំងពង្រឹងការគ្រប់គ្រងមុខសញ្ញាឱ្យមានប្រសិទ្ធភាព។
ទី៣. ការធ្វើទំនើបកម្ម និងប្រើប្រាស់បច្ចេកវិទ្យា៖ ជំរុញការប្រមូល គ្រប់គ្រង និងប្រើប្រាស់ទិន្នន័យតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដូចជា ប្រព័ន្ធ FPCS ប្រព័ន្ធអត្តសញ្ញាណប័ណ្ណ និងទិន្នន័យចរាចរណ៍ ព្រមទាំងពង្រឹងសមត្ថភាពក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសបច្ចេកវិទ្យា។
ទី៤. ការកសាងសមត្ថភាព និងអភិបាលកិច្ចល្អ៖ យកចិត្តទុកដាក់លើការបណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាពជំនាញ ចំណេះដឹងផ្នែកច្បាប់ សីលធម៌ វិជ្ជាជីវៈ និងការគោរពសិទ្ធិមនុស្ស ព្រមទាំងពង្រឹងវិន័យកងកម្លាំង ការទទួលខុសត្រូវចំពោះមុខច្បាប់ និងការប្រឆាំងអំពើពុករលួយ។
ទី៥. លទ្ធផលរំពឹងទុក៖ ការអនុវត្តទិសដៅ និងយុទ្ធសាស្ត្រខាងលើ នឹងរួមចំណែកកាត់បន្ថយបទល្មើស និងបញ្ហាសង្គមក្នុងមូលដ្ឋាន បង្កើនការចូលរួមរបស់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់ភាពកក់ក្តៅ និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះកងកម្លាំងនគរបាលជាតិ។

ក្រៅពីនេះ ក្នុងកម្មវិធីដដែល លោកស្នងការរងទទួលផែនការងារសេនាធិការ បានធ្វើបទបង្ហាញអំពីការអនុវត្តការងារនគរបាល និងសហគមន៍។ លោកស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានចែករំលែកអំពីការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ខណៈលោកស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ បានធ្វើបទបង្ហាញពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងការរក្សាសណ្តាប់ធ្នាប់សាធារណៈ។

ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោ ហួត សុធី បានផ្តាំផ្ញើដល់សិស្សនគរបាលទាំងអស់ឱ្យខិតខំសិក្សារៀនសូត្រ ស្វែងយល់ និងស្រូបយកចំណេះដឹង បទពិសោធន៍ ព្រមទាំងជំនាញវិជ្ជាជីវៈឱ្យបានល្អ ដើម្បីត្រៀមយកទៅអនុវត្តក្នុងការបំពេញតួនាទី និងភារកិច្ចនាពេលអនាគត ប្រកបដោយសុចរិតភាព វិន័យ ស្មារតីទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងបេសកកម្មការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបម្រើប្រជាពលរដ្ឋ៕



