
ទោះបីជាមានការព្រមានយ៉ាងម៉ឺងម៉ាត់ និងការប្រៀបប្រដៅតាមផ្លូវការទូតនិងយោធា ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាលថៃយ៉ាងណាក៏ដោយ ក៏កងទ័ពយោធាមីយ៉ាន់ម៉ានៅតែបន្តប្រតិបត្តិការប្រយុទ្ធគ្នាយ៉ាងស្រួចស្រាវ ដើម្បីវាយកម្ទេចក្រុមបះបោរបំបែករដ្ឋនៅតាមបណ្តោយព្រំដែន ដោយបង្កឱ្យមានផលប៉ះពាល់ និងផ្លោងគ្រាប់ធ្លាក់ចូលទឹកដីថៃជាបន្តបន្ទាប់។
កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈកុល បានថ្លែងអះអាងថា រដ្ឋាភិបាលថៃបានសម្តែងការបារម្ភយ៉ាងខ្លាំង និងបានកោះហៅតំណាងស្ថានទូតមីយ៉ាន់ម៉ាមកជួបផ្ទាល់ ដើម្បីប្រគល់សារព្រមានជាផ្លូវការ ដោយទាមទារដាច់ខាតកុំឱ្យជម្លោះប្រដាប់អាវុធផ្ទៃក្នុងនេះ រាលដាលចូលក្នុងទឹកដីថៃ ដែលបង្កការគំរាមកំហែងដល់ជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋថៃឡើយ។
នាយករដ្ឋមន្ត្រីថៃរូបនេះក៏បានបញ្ជាឱ្យកងកម្លាំងសន្តិសុខថៃបង្កើនការល្បាតយ៉ាងប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារអធិបតេយ្យភាពជាតិ ដោយរក្សាជំហរមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ឬធ្វើឱ្យសង្គ្រាមកាន់តែធ្ងន់ធ្ងរឡើងនោះទេ ប៉ុន្តែត្រូវធានាសុវត្ថិភាពជូនប្រជាជនខ្លួនជាចម្បង។

ទន្ទឹមនឹងនេះ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ តាមការផ្សាយរបស់សារព័ត៌មានថៃ បានបន្ថែមឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក អាឌុន ប៊ុនថាំចារ៉ើន បានទាក់ទងតាមទូរស័ព្ទដោយផ្ទាល់ទៅកាន់អគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា ដើម្បីស្នើសុំឱ្យបញ្ឈប់ការបាញ់រំលោភចូលទឹកដីថៃជាបន្ទាន់។ ទោះបីជាភាគីថៃបញ្ជាក់ថា កិច្ចពិភាក្សានេះទទួលបានលទ្ធផលវិជ្ជមានក៏ដោយ ប៉ុន្តែសភាពការណ៍ជាក់ស្តែងនៅតាមព្រំដែននៅតែបន្តឡើងកម្ដៅយ៉ាងក្តៅគគុក។
យោងតាមរបាយការណ៍ចុងក្រោយដែលចុះផ្សាយដោយកាសែតថៃ Khaosod ក៏បានបន្ថែមឱ្យដឹងទៀតថា សមរភូមិប្រយុទ្ធដ៏ស្រួចស្រាវរវាងយោធាមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធបំបែករដ្ឋ កធូឡេ បានបង្កឱ្យមានគ្រាប់ផ្លោងធ្លាក់ចូលភូមិ Mae Sam Laep ក្នុងខេត្ត Mae Hong Son នៃប្រទេសថៃ បណ្តាលឱ្យខូចខាតផ្ទះសម្បែង និងអគាររដ្ឋចំនួន ១៧ខ្នង រួមមាន មណ្ឌលសុខភាព មណ្ឌលថែទាំកុមារ វត្តអារ៉ាម វិហារឥស្លាម និងព្រះវិហារគ្រិស្តសាសនាផងដែរ។

ស្ថានការណ៍ដ៏គ្រោះថ្នាក់នេះ បានបង្ខំឱ្យប្រជាពលរដ្ឋថៃជាច្រើនគ្រួសារត្រូវប្រញាប់ប្រញាល់ជម្លៀសខ្លួនចេញពីតំបន់ដងទន្លេ Salween ដែលជាព្រំដែនធម្មជាតិរវាងប្រទេសទាំងពីរ ដើម្បីទៅស្វែងរកទីទួលមានសុវត្ថិភាព។ ចំណែកឯភាគីថៃក៏នៅតែបន្តផ្តល់ជំនួយមនុស្សធម៌ដល់ជនភៀសខ្លួនមីយ៉ាន់ម៉ាដែលរត់ភៀសសង្គ្រាម ដោយបានអនុញ្ញាតឱ្យជនភ្ញៀសខ្លួនបន្តស្វែងរកការងារធ្វើក្នុងប្រទេសថៃ និងមានផែនការបញ្ជូនពួកគេត្រឡប់ទៅវិញនៅពេលស្ថានការណ៍ស្ងប់ស្ងាត់ឡើងវិញផងដែរ៕

