កំពង់ធំ៖ ស្ពានដែកបេឡេតិ៍អូរតាឆុង ដែលស្ថិតនៅក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានបញ្ចប់ការសាងសង់ និងត្រូវបានគណៈកម្មការអន្តរក្រសួងចុះពិនិត្យ វាយតម្លៃ និងឯកភាពទទួលយកលទ្ធផលការងារ ដោយស្ពាននេះនឹងជួយសម្រួលការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងការតភ្ជាប់រវាងប្រជាពលរដ្ឋក្នុងឃុំចំនួន២។

ការចុះពិនិត្យនេះធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដឹកនាំដោយឯកឧត្តមបណ្ឌិត សាន វិសាល រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងគ.ត.វ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ។
តាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត សាន វិសាល ស្ពានដែកបេឡេតិ៍នេះ ត្រូវបានសាងសង់ឡើងតាមការសម្រេចផ្ដល់ជូនរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដែលសម្ដេចបានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយប្រជាពលរដ្ឋនៅចម្ការស្វាយចន្ទីរបស់សហគមន៍ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ តបតាមសំណើរបស់ប្រជាសហគមន៍ទំនើបប្រាសាទសំបូររុងរឿង។

ស្ពាននេះមានគោលបំណងជួយលើកកម្ពស់ការដឹកជញ្ជូនកសិផល និងផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរប្រចាំថ្ងៃ ជាពិសេសការធ្វើដំណើររបស់សិស្សានុសិស្សទៅសាលារៀន និងការដឹកជញ្ជូនអ្នកជំងឺទៅកាន់មណ្ឌលសុខភាពឱ្យបានទាន់ពេលវេលា ព្រមទាំងជួយសម្រួលដល់ការទទួលបានសេវាអប់រំ សុខាភិបាល អនាម័យ និងព័ត៌មានផ្សេងៗ។ ចំពោះលក្ខណៈបច្ចេកទេស ស្ពានមានប្រវែង៣៦ម៉ែត្រ ទទឹង៤,២ម៉ែត្រ និងមានផ្លូវក្រាលដីល្បាយគ្រួសនៅសងខាងក្បាលស្ពាន ប្រវែងម្ខាងៗ៥០០ម៉ែត្រ ទទឹង៦ម៉ែត្រ។ លើសពីនេះ ក៏មានការដំឡើងផ្លាកសញ្ញាចរាចរណ៍ចំនួន១២ផ្លាក និងបង្គោលសុវត្ថិភាពចំនួន៨០ដើម ដើម្បីជួយបង្កើនសុវត្ថិភាពដល់អ្នកធ្វើដំណើរឆ្លងកាត់។

ក្រោយការត្រួតពិនិត្យជាក់ស្ដែង គណៈប្រតិភូអន្តរក្រសួង រួមទាំងវិស្វករជំនាញផ្នែកត្រួតពិនិត្យបច្ចេកទេស បានឯកភាពទទួលយកលទ្ធផលការងាររបស់នាយកដ្ឋានផ្លូវលំជនបទ និងបញ្ចប់សុពលភាពការងារសាងសង់ ដោយបញ្ជាក់ថា ស្ពាននៅរក្សាបាននូវគុណភាព និងសោភ័ណភាពល្អ។ ជាមួយគ្នានេះ គណៈប្រតិភូបានស្នើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋឱ្យចូលរួមថែរក្សាស្ពាន និងផ្លូវតភ្ជាប់ឱ្យបានល្អ ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង។

គួរបញ្ជាក់ថា ស្ពាននេះតភ្ជាប់ឃុំចំនួន២ គឺឃុំតាំងក្រសៅ និងឃុំស្រើង ក្នុងស្រុកប្រាសាទសំបូរ ដោយផ្ដល់ផលប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋចំនួន១.៩០៨នាក់ ស្មើនឹង៤៧៧គ្រួសារ មកពីភូមិចំនួន៦។ ចំណែកអ្នកទទួលផលប្រយោជន៍ដោយប្រយោលមានចំនួន១.២៩៥នាក់ ស្មើនឹង៣៦៥គ្រួសារ ដែលរស់នៅក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់។ ស្ពាននេះនឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ក្នុងការតភ្ជាប់មូលដ្ឋាន និងជួយជំរុញសកម្មភាពសេដ្ឋកិច្ច កសិកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់។
អត្ថបទ៖កពង់ធំ

