កំពង់ធំ៖ សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៅស្រុកតាំងគោក ខេត្តកំពង់ធំ ទទួលបានសមិទ្ធផលថ្មីក្នុងវិស័យអប់រំ តាមរយៈការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មីចំនួន ៥ខ្នង សរុប ៥៥បន្ទប់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានចាត់តាំងកម្លាំងនគរបាលសរុបចំនួន ៦០០នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងពិធីសម្ពោធដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថិតនៅភូមិថ្មី ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានឱ្យដឹងថា ដោយអនុវត្តតាមការយកចិត្តទុកដាក់ និងការណែនាំពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ស្នងការដ្ឋាននគរបាលខេត្តបានដាក់ចេញនូវផែនការការពារយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់ ដោយរៀបចំកម្លាំងប្រចាំការ និងត្រៀមអន្តរាគមន៍នៅតាមគោលដៅសំខាន់ៗ ដើម្បីធានាឱ្យពិធីប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អប្រសើរ។

លោកស្នងការបានបញ្ជាក់ថា ក្នុងរយៈពេល២ថ្ងៃនៃបេសកកម្មការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពនេះ អង្គភាពបានប្រើប្រាស់កម្លាំងនគរបាលសរុបចំនួន ៦០០នាក់ ក្នុងនោះកម្លាំងស្នងការដ្ឋាននគរបាលខេត្តចំនួន ៣១០នាក់ និងកម្លាំងនគរបាលក្រុង-ស្រុកចំនួន ២៩០នាក់។

ក្រៅពីកម្លាំងនគរបាល ក៏មានការត្រៀមសម្ភារៈ និងមធ្យោបាយបម្រើការងារផងដែរ រួមមាន រថយន្តស៊ីរ៉ែនចំនួន ៦គ្រឿង រថយន្តពន្លត់អគ្គិភ័យចំនួន ៥គ្រឿង រថយន្តសង្គ្រោះចំនួន ២គ្រឿង ម៉ូតូប្រដេញចំនួន ៨គ្រឿង វិទ្យុទាក់ទងចំនួន ៤៨០គ្រឿង ត្រាក់ទ័រចំនួន ៤គ្រឿង និងរថយន្តស្ទូចចំនួន ២គ្រឿង។

ការដាក់ចេញផែនការការពារយ៉ាងគ្រប់ជ្រុងជ្រោយនេះ គឺដើម្បីធានាសន្តិសុខ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំ ប្រតិភូ ភ្ញៀវជាតិ-អន្តរជាតិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធី ព្រមទាំងបង្កបរិយាកាសឱ្យការប្រារព្ធពិធីប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។ សមិទ្ធផលអគារសិក្សាថ្មីទាំង៥ខ្នង ដែលមានចំនួន៥៥បន្ទប់នេះ គឺជាការរួមចំណែកបន្ថែមក្នុងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធអប់រំ និងបង្កើនលទ្ធភាពសិក្សារៀនសូត្ររបស់សិស្សានុសិស្សនៅមូលដ្ឋានស្រុកតាំងគោក ខេត្តកំពង់ធំ។

អត្ថបទ៖កំពង់ធំ

Share.