កំពង់ស្ពឺ៖ បុរសម្នាក់ត្រូវបានបុគ្គលិករោងចក្រចាប់ឃាត់ខ្លួន និងប្រគល់ឱ្យសមត្ថកិច្ច បន្ទាប់ពីបន្លំខ្លួនធ្វើជាជាងភ្លើង ដើរកាត់ខ្សែភ្លើងនៅក្នុងអគាររោងចក្រ ដោយសកម្មភាពនេះត្រូវបានបែកការណ៍ ខណៈអ្នកបកប្រែ និងបុគ្គលិករោងចក្រមានការសង្ស័យ ក្រោយឃើញខ្សែភ្លើងដែលទើបតភ្ជាប់រួចត្រូវបានកាត់ចេញវិញ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចអគាររោងចក្រសួនឧស្សាហកម្ម តាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រៃស្រឡែង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ជនសង្ស័យមានឈ្មោះ លេង សារិន ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិព្រៃផ្អេរ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានបន្លំខ្លួនធ្វើជាជាងភ្លើង ដើរពិនិត្យ និងកាត់ខ្សែភ្លើងនៅក្នុងបរិវេណរោងចក្រ។ ទង្វើនេះបានធ្វើឱ្យបុគ្គលិកមានការងឿងឆ្ងល់ ដោយសារខ្សែភ្លើងដែលបានតភ្ជាប់រួចហើយ បែរជាត្រូវបានកាត់ចេញវិញ។ នៅពេលបុគ្គលិកសាកសួរអំពីមូលហេតុដែលកាត់ខ្សែភ្លើង ជនសង្ស័យបានព្យាយាមរត់គេចខ្លួន ធ្វើឱ្យបុគ្គលិកកាន់តែមានការសង្ស័យ និងនាំគ្នាចាប់ឃាត់ខ្លួន រួចប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម៉ូតូ១គ្រឿង ម៉ាកស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KJ-4590 ទូរស័ព្ទដៃ១គ្រឿង កាំបិតកែច្នៃ១ដើម ខ្សែភ្លើង និងកន្ត្រៃកាត់ខ្សែភ្លើងចំនួន២ដើម។ បច្ចុប្បន្ន ជនសង្ស័យត្រូវបាននាំខ្លួនទៅកាន់ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធីច្បាប់៕

Share.