សិង្ហបុរី៖ ទីផ្សារភាគហ៊ុន និងប្រាក់ដុល្លារអាមេរិកបានធ្លាក់ចុះ ខណៈដែលប័ណ្ណរតនាគារ និងតម្លៃមាសបានស្ទុះឡើងក្នុងពេលជួញដូរលើទីផ្សារអាស៊ីនាព្រឹកថ្ងៃពុធនេះ។ ការប្រែប្រួលនៃទីផ្សារនេះកើតឡើងចំពេលដែលលទ្ធផលបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិកកំពុងចាប់ផ្តើមបង្ហាញរូបរាង ដោយគណបក្សប្រជាធិបតេយ្យហាក់កំពុងទទួលបានលទ្ធផលគួរឱ្យចាប់អារម្មណ៍ និងមានសង្ឃឹមខ្ពស់ក្នុងការដណ្តើមការគ្រប់គ្រងសភាតំណាងរាស្ត្រ ខណៈការប្រកួតប្រជែងនៅព្រឹទ្ធសភានៅតែតឹងតែង ដែលអាចផ្លាស់ប្តូរជញ្ជីងអំណាចនយោបាយ និងជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចសកល។

យោងតាមការព្យាករណ៍ គណបក្សប្រជាធិបតេយ្យទទួលបានជ័យជម្នះសំខាន់ៗដំបូងក្នុងការប្រកួតប្រជែងព្រឹទ្ធសភា រួមទាំងការដណ្តើមបានអាសនៈនៅរដ្ឋ North Carolina ដោយលោក Roy Cooper បានឈ្នះបេក្ខជនគាំទ្រដោយលោក ដូណាល់ ត្រាំ។ ជាមួយគ្នានេះ លោក Jon Ossoff និងលោក Mark Warner ក៏បានឈ្នះការបោះឆ្នោតបន្តអាណត្តិផងដែរ ដែលបង្កើនក្តីសង្ឃឹមឱ្យគណបក្សប្រជាធិបតេយ្យអាចដណ្តើមការគ្រប់គ្រងសភាទាំងពីរ។

ជាលទ្ធផល សន្ទស្សន៍ភាគហ៊ុន S&P 500 បានធ្លាក់ចុះពី ០,៥% ដល់ ០,៨% និង Nasdaq ធ្លាក់ចុះពី ០,៩% ដល់ ១,៨% ដោយសារក្តីបារម្ភថាការផ្លាស់ប្តូរអំណាចអាចនាំឱ្យមានការរឹតបន្តឹងបទប្បញ្ញត្តិលើវិស័យបច្ចេកវិទ្យា និង AI។ លើសពីនេះ សន្ទស្សន៍ប្រាក់ដុល្លារអាមេរិកបានធ្លាក់ចុះប្រមាណ ០,២% មកត្រឹម ១០១,៧ ខណៈអត្រាផលប័ត្រប័ណ្ណរតនាគារអាយុកាល ១០ ឆ្នាំ បានធ្លាក់ចុះមកនៅត្រឹមប្រហែល ៤,៩%។

អ្នកជំនាញបានលើកឡើងថា ប្រសិនបើគណបក្សប្រជាធិបតេយ្យកាន់កាប់សភាទាំងពីរ វាអាចកម្រិតសមត្ថភាពរដ្ឋាភិបាលលោក ដូណាល់ ត្រាំ ក្នុងការបង្កើនការចំណាយ និងវិធានការជំរុញសេដ្ឋកិច្ច ដែលធ្វើឱ្យប្រាក់ដុល្លារបន្តធ្លាក់ចុះ។ ទោះជាយ៉ាងណា ប្រតិកម្មទីផ្សារក៏អាស្រ័យលើទំហំនៃជ័យជម្នះផងដែរ។

ចំណែកទីផ្សារនៅអាស៊ីមានភាពចម្រុះ ដោយសន្ទស្សន៍ Nikkei របស់ជប៉ុនធ្លាក់ចុះរហូតដល់ ៣% ប៉ុន្តែភាគហ៊ុនកូរ៉េខាងត្បូងបានស្ទុះឡើងជាង ១,៦% ដោយសារការទទួលបានការទ្រទ្រង់ពីប្រាក់ចំណេញដ៏រឹងមាំរបស់ក្រុមហ៊ុន AMD។

រីឯតម្លៃមាសបានកើនឡើងក្នុងនាមជាទ្រព្យសកម្មសុវត្ថិភាព ដោយតម្លៃជួញដូរផ្ទាល់បានឡើងដល់ប្រមាណ ៣.៩៣៤ ដុល្លារក្នុងមួយអោន ខណៈតម្លៃប្រេងឆៅ Brent បានបន្តធ្លាក់ចុះមកនៅត្រឹមប្រហែល ១០២ ដុល្លារក្នុងមួយបារ៉ែល។ វិនិយោគិនកំពុងថ្លឹងថ្លែងរវាងក្តីសង្ឃឹមនៃកិច្ចចរចាបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ និងអ៊ុយក្រែន ជាមួយនឹងហានិភ័យនៃការវាយប្រហារថ្មីៗដែលអាចរំខានដល់ការផ្គត់ផ្គង់ថាមពល ខណៈស្ថានការណ៍នៅច្រកសមុទ្រហ័រមូហ្ស ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់របស់ពិភពលោក កំពុងបន្តជាកត្តាហានិភ័យចម្បង៕

