ព្រះវិហារ ៖ ហ្វូងដំរីព្រៃទាំង៦ក្បាលបានចល័តចេញពីភាគខាងលិច នៃភូមិកំប្រាក់ ឆ្ពោះទៅកាន់ភូមិអូរដា នៃឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ហើយចរឹកកាន់តែប្លែក កាចជាងមុន ចូលប៉ះចម្ការណាខ្ទេចចម្ការហ្នឹង ឃើញមនុស្សគឺដេញហើយ អាជ្ញាធរផ្សព្វផ្សាយ ឱ្យបងប្អូន មានការប្រុងប្រយ័ត្ន ។

រដ្ឋបាលស្រុក បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ខណៈដែលហ្វូងដំរីព្រៃទាំង៦ក្បាល បានចល័តចេញពីភាគខាងលិច នៃភូមិកំប្រាក់ ឆ្ពោះទៅកាន់ភូមិអូរដា ឃុំយាង ឱ្យយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាសុវត្ថិភាពទាំងប្រជាពលរដ្ឋ និងសត្វដំរីព្រៃ ។

រដ្ឋបាលស្រុកបានដាក់ចេញនូវវិធានការចាំបាច់មួយចំនួនដូចខាងក្រោម ៖ ១ បន្តសហការជាមួយរដ្ឋបាលឃុំ កម្លាំងនគរបាល កម្លាំងប្រជាការពារ និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីតាមដាន និងរាយការណ៍អំពីទីតាំងចល័តរបស់សត្វដំរីព្រៃជាប្រចាំ ។ ២ ជូនដំណឹង និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ពាក់ព័ន្ធ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសនៅពេលធ្វើដំណើរ និងប្រកបរបរកសិកម្មនៅតាមតំបន់ដែលសត្វដំរីអាចចល័តឆ្លងកាត់ ។ ៣ ហាមឃាត់ការចូលទៅជិត ការដេញដំ ការគប់ដុំថ្ម ការបង្កសំឡេងរំខាន ឬការប៉ុនប៉ងប៉ះពាល់ដល់សត្វដំរីព្រៃជាដាច់ខាត ។ ៤ ចៀសវាងការប្រមូលផ្តុំគ្នាទៅមើល ឬថតរូបសត្វដំរីនៅជិតៗ ព្រមទាំងរក្សាគម្លាតសុវត្ថិភាព និងជៀសវាងការបិទផ្លូវចល័តរបស់សត្វដំរី ។ ៥ ក្នុងករណីប្រទះឃើញសត្វដំរីព្រៃ សូមប្រញាប់រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីចាត់វិធានការសមស្រប និងទាន់ពេលវេលា ។

បើតាមប្រជាពលរដ្ឋបានឱ្យដឹងថា ពលរដ្ឋបានក្តីព្រួយបារម្ភ អំពីសុវត្តិភាព ចរឹកហ្វូងដំរីប្លែក កាលពីលើកមុន ឃើញមនុស្សរត់គេច តែមកដល់ពេលនេះ ឃើញមនុស្សដេញតែម្តង ហើយបើចូលចមហការណា គឺខ្ទេចចម្ការហ្នឹងហើយ ។

Share.