ស្វាយរៀង ៖ កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងចុះពិនិត្យ បង្ក្រាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ចំនួន ២ទីតាំង ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ឃាត់ខ្លួនមនុស្ស ២៨នាក់ និងដកហូតវត្ថុតាងមួយចំនួន កាលពីរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

ក្នុងប្រតិបត្តិការខាងលើ ក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់ពីលោកស្រី ពៅ ទេវី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ចុះត្រួតពិនិត្យទីតាំងទី១ ផ្ទះជួលរបស់ឈ្មោះ ឡាយ យូឡុង ឃាត់ខ្លួនជនជាតិចិនចំនួន១៣នាក់ ដកហូតសម្ភារមួយចំនួន ។ ទីតាំងទី២ ឃាត់ខ្លួនជនជាតិចិនចំនួន ១៣នាក់ ស្រី ១នាក់ ជនជាតិខ្មែរចំនួន ២នាក់ (ភេទស្រី ជាបុគ្គលិកអនាម័យ) និងដកហូតបានសម្ភារមួយចំនួន ក្នុងនោះដកហូតរថយន្តម៉ាក Range Rover ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BV-7172 ។

ជនសង្ស័យនិងវត្ថុតាងនាំយកទៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕



