ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសជាផ្លូវការថា លោកស្ម័គ្រចិត្តទទួលយកលទ្ធផលនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិ បន្ទាប់ពីគណបក្សប្រជាធិបតេយ្យ បានទទួលជោគជ័យគួរឱ្យភ្ញាក់ផ្អើល ដោយអាចដណ្តើមបានការគាំទ្រ និងកៅអីសំខាន់ៗទាំងនៅក្នុងព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសអភិបាលរដ្ឋ។ ទោះបីជាជារឿយៗ លោក ត្រាំ ធ្លាប់មានភាពតឹងតែងចំពោះលទ្ធផលបោះឆ្នោតក៏ដោយ ប៉ុន្តែក្នុងដំណាក់កាលនេះ តាមរយៈកិច្ចសម្ភាសន៍តាមទូរស័ព្ទជាមួយបណ្តាញព័ត៌មាន Fox News លោកបានផ្ញើសារអបអរសាទរដល់គណបក្សប្រជាធិបតេយ្យ ចំពោះជ័យជម្នះរបស់ពួកគេ និងបាននិយាយថា បក្សប្រជាធិបតេយ្យធ្វើការងារបានល្អ។

ទន្ទឹមនឹងនេះ លោក ត្រាំ ក៏បានបង្ហោះសារនៅលើបណ្តាញសង្គម Truth Social ផងដែរថា «លោកមិនបានឈរឈ្មោះបោះឆ្នោតផ្ទាល់ខ្លួននោះទេ ប៉ុន្តែប្រសិនបើលោកមានឈ្មោះនៅលើសន្លឹកឆ្នោត នោះគណបក្សសាធារណរដ្ឋនឹងទទួលបានជ័យជម្នះយ៉ាងគគ្រឹកគគ្រេងជាក់ជាមិនខាន»។

លទ្ធផលបោះឆ្នោតពាក់កណ្តាលអាណត្តិនេះ គឺជាការសាកល្បងដ៏តានតឹងមួយសម្រាប់រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ដោយសារតែវាអាចបង្កផលប៉ះពាល់ដល់អំណាចគ្រប់គ្រងក្នុងរយៈពេល ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក។ បក្សប្រជាធិបតេយ្យបានឈ្នះឆ្នោតនៅតាមរដ្ឋសំខាន់ៗ និងតំបន់កាន់កាប់របស់បក្សសាធារណរដ្ឋ ដូចជា រដ្ឋតិចសាស់ និងរដ្ឋអូហៃអូ ជាដើម ដែលធ្វើឱ្យបរិយាកាសនៅឯសេតវិមានស្ថិតក្រោមភាពតានតឹង។

បញ្ហាសេដ្ឋកិច្ច និងបន្ទុកនៃការចំណាយជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋអាមេរិក ត្រូវបានគេមើលឃើញថា ជាកត្តាចម្បងដែលធ្វើឱ្យអ្នកបោះឆ្នោតងាកមកគាំទ្របេក្ខជនគណបក្សប្រជាធិបតេយ្យ ដើម្បីបង្កើតតុល្យភាពអំណាចប្រឆាំងនឹងគោលនយោបាយរបស់សេតវិមាន។

ទោះបីជាត្រូវប្រឈមមុខនឹងការបាត់បង់សំឡេងភាគច្រើននៅក្នុងសភាខ្លះក៏ដោយ ក៏លោក ដូណាល់ ត្រាំ បានប្តេជ្ញាចិត្តប្រើប្រាស់អំណាចវេតូរបស់ខ្លួន ដើម្បីទប់ស្កាត់រាល់សេចក្តីព្រាងច្បាប់ទាំងឡាយណាដែលចេញពីភាគីប្រជាធិបតេយ្យ ប្រសិនបើវាប៉ះពាល់ដល់របៀបវារៈនយោបាយរបស់រដ្ឋបាលលោក។ ការវិវត្តជាបន្តបន្ទាប់នេះនឹងបន្តជាប្រធានបទដ៏ក្តៅគគុកមួយនៅក្នុងឆាកនយោបាយអាមេរិក ខណៈដែលភាគីទាំងសងខាងកំពុងរៀបចំយុទ្ធសាស្ត្រថ្មីៗសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត៕

ប្រភព៖ CNA

Share.