កណ្ដាល៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានផ្ដាំផ្ញើដល់យុវជនស្ម័គ្រចិត្តជាង ៣០០នាក់ ដែលត្រៀមចេញទៅបំពេញកាតព្វកិច្ចយោធា និងហ្វឹកហ្វឺននៅសាលាហ្វឹកហ្វឺនកងទ័ពខេត្តកំពង់ឆ្នាំង ឱ្យមានភាពក្លាហាន មិនត្រូវខ្លាចឧបសគ្គ ត្រូវខិតខំតស៊ូ គោរពវិន័យ និងរក្សាសាមគ្គីភាព ព្រោះការឆ្លងកាត់ការលំបាកនឹងជួយបង្កើតភាពរឹងមាំ និងជាមូលដ្ឋានសម្រាប់ភាពជោគជ័យនៅថ្ងៃអនាគត។

ការផ្ដាំផ្ញើនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តម គួច ចំរើន អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ប្រមាណជាង ៣០០នាក់ ទៅកាន់សាលាហ្វឹកហ្វឺនកងទ័ពខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តកណ្ដាល។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន បានលើកឡើងថា ក្នុងរយៈពេល ២ឆ្នាំនៃការបំពេញកាតព្វកិច្ចយោធា យុវជនទាំងអស់អាចនឹងជួបប្រទះឧបសគ្គ និងការលំបាកជាច្រើន ដូចជាការគោរពវិន័យយ៉ាងម៉ឺងម៉ាត់ ការហ្វឹកហាត់កាយសម្បទា និងការរស់នៅជាក្រុម។ ប៉ុន្តែការឆ្លងកាត់បទពិសោធន៍ទាំងនេះ នឹងជួយឱ្យយុវជនមានភាពអត់ធ្មត់ រឹងមាំ និងចេះតស៊ូជំនះការលំបាក។

ឯកឧត្តមបានសង្កត់ធ្ងន់ថា «មនុស្សយើងមិនត្រូវខ្លាចឧបសគ្គទេ ឧបសគ្គក៏ជាឱកាស គ្មានឧបសគ្គ គ្មានឱកាសតស៊ូ គ្មានភាពលត់ដំ ហើយក៏គ្មានភាពរឹងមាំឡើយ។ ឆ្លងកាត់ឧបសគ្គតូច រឹងមាំតិច ឧបសគ្គធំ រឹងមាំខ្លាំង»។ ដូច្នេះ យុវជនត្រូវប្ដេជ្ញាចិត្តខិតខំប្រឹងប្រែង គោរពវិន័យ និងបទបញ្ជា ព្រមទាំងស្រឡាញ់សាមគ្គីភាពក្នុងអំឡុងពេលស្នាក់នៅ និងហ្វឹកហ្វឺន។

អភិបាលខេត្តកណ្ដាលរូបនេះក៏បានបញ្ជាក់ថា ការបំពេញកាតព្វកិច្ចយោធាមាននៅតាមបណ្ដាប្រទេសជាច្រើនលើពិភពលោក។ សម្រាប់កម្ពុជា បន្ទាប់ពីបានឆ្លងកាត់សង្គ្រាមស៊ីវិលជាច្រើនឆ្នាំ និងបញ្ចប់សង្គ្រាមក្រោមនយោបាយឈ្នះ-ឈ្នះក្នុងឆ្នាំ១៩៩៨ ប្រទេសជាតិចាំបាច់ត្រូវមានកងកម្លាំងសកម្ម និងកម្លាំងបម្រុងរឹងមាំ ដើម្បីបំពេញភារកិច្ចការពារជាតិ។ ក្នុងន័យនេះ យុវជនដែលបានបញ្ចប់កាតព្វកិច្ចយោធា នឹងក្លាយជាកម្លាំងបម្រុងដ៏សំខាន់របស់ជាតិ។

ឯកឧត្តមបានបន្ថែមថា ការចូលរួមដោយស្ម័គ្រចិត្តរបស់យុវជននាពេលនេះ គឺជាការលះបង់ភាពសប្បាយរីករាយផ្ទាល់ខ្លួន ដើម្បីបំពេញកាតព្វកិច្ចដ៏មានតម្លៃក្នុងការការពារមាតុភូមិ។ ជាមួយគ្នានេះ ការរស់នៅ និងហ្វឹកហាត់ក្នុងរយៈពេល ២ឆ្នាំ ក៏នឹងជួយឱ្យយុវជនចៀសផុតពីសកម្មភាពក្មេងទំនើង និងហានិភ័យពាក់ព័ន្ធនឹងគ្រឿងញៀន ព្រមទាំងទទួលបានរាងកាយមាំមួន ស្មារតីរឹងប៉ឹង សតិអារម្មណ៍ល្អ និងចំណេះដឹងផ្នែកយោធា។

ជាពិសេស ឯកឧត្តម គួច ចំរើន បានលើកឡើងពីឱកាសការងារក្រោយបញ្ចប់កាតព្វកិច្ចយោធាថា យុវជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមានបំណងបន្តអាជីពក្នុងជួរកងទ័ព ឬកងរាជអាវុធហត្ថ នឹងត្រូវបានរាជរដ្ឋាភិបាល និងក្រសួងការពារជាតិផ្ដល់អាទិភាព។ មិនតែប៉ុណ្ណោះ បណ្ដាក្រុមហ៊ុនឯកជន រោងចក្រ និងសហគ្រាសនានា ក៏ផ្ដល់តម្លៃខ្ពស់ចំពោះបុគ្គលិកដែលបានឆ្លងកាត់ការបំពេញកាតព្វកិច្ចយោធារួចរាល់ ដោយសារមានវិន័យ និងការទទួលខុសត្រូវក្នុងការងារ។ ក្នុងពិធីនេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានថ្លែងអំណរគុណដល់អាណាព្យាបាល និងក្រុមគ្រួសារយុវជនទាំងអស់ ដែលបានគាំទ្រ និងស្ម័គ្រចិត្តបញ្ជូនកូន បងប្អូន ឱ្យចូលបំពេញកាតព្វកិច្ចការពារជាតិមាតុភូមិ ដោយបង្ហាញពីស្មារតីស្នេហាជាតិ និងការចូលរួមចំណែកក្នុងការកសាងកម្លាំងការពារជាតិដ៏រឹងមាំ៕

Share.