តាមរយៈការចុះផ្សាយរបស់សារព័ត៌មាននាពេលថ្មីៗនេះបានឱ្យដឹងថា ភាគីថៃបានសម្តែងជំហររុញច្រានដោយទន់ភ្លន់ចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ចិន លើជម្លោះព្រំដែនជាមួយកម្ពុជា ដោយបានអះអាងប្រាប់ភាគីចិនថា ខ្លួនចង់ «បោះជំហានរំលងជម្លោះ» ខណៈទាមទារឱ្យការដោះស្រាយព្រំដែនសមុទ្រដើរតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ហើយបញ្ហាព្រំដែនគោកត្រូវតែដោះស្រាយជាជំហានៗ និងមានទស្សនៈវិធានការសន្តិសុខទូលំទូលាយជាងនេះ ទៅតាមស្ថានភាពជាក់ស្តែង។

ការលើកឡើងរបស់ភាគីថៃនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំទ្វេភាគី និងជំនួបពិភាក្សាលើតុទឹកតែ រវាងលោក ស៊ីហាសាក់ ពួងកេតកែវ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ ជាមួយលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន និងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសជាន់ខ្ពស់របស់កម្ពុជា នៅក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី១១ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នាទីក្រុងប៉េកាំង។

ទោះបីជាភាគីចិនបានបង្ហាញឆន្ទៈដើរតួជាអ្នកសម្របសម្រួល និងរៀបចំឱ្យមានជំនួបត្រីភាគីពិសាទឹកតែដើម្បីជំរុញការសន្ទនាក៏ដោយ លោក ស៊ីហាសាក់ បានឆ្លើយតបដោយវាចាទន់ភ្លន់ខុសពីពេលធ្វើបទសម្ភាសន៍នៅក្នុងប្រទេសថៃថា ដំណើរការដោះស្រាយជម្លោះត្រូវធ្វើឡើងជាជំហានៗ។ លោកបានគូសបញ្ជាក់ថា បញ្ហាដែនសមុទ្រត្រូវបានថៃប្រកាន់ជំហរតាមនីតិសមុទ្រ UNCLOS និងដំណើរការផ្សះផ្សាដោយបង្ខំរួចទៅហើយ ចែកដាច់ពីបញ្ហាព្រំដែនគោកដែលទាមទារឱ្យមានវិធានការសន្តិសុខទូលំទូលាយជាងមុន។ ជំហរវាយបក និងទាញពន្យារពេលរបស់ថៃនេះ ត្រូវគេមើលឃើញថាជាការព្យាយាមគេចចេញពីយន្តការសម្របសម្រួលរបស់មហាអំណាចតំបន់ និងជាយុទ្ធសាស្ត្ររៀបចំល្បែងចរចាតាមមុំដែលខ្លួនមានប្រៀបតែប៉ុណ្ណោះ។

ក្រៅពីបញ្ហាព្រំដែន ជំនួបទ្វេភាគីរវាងថៃ និងចិន ក៏បានផ្តោតលើកិច្ចសហប្រតិបត្តិការលុបបំបាត់ឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសបណ្តាញឆបោកតាមប្រព័ន្ធអនឡាញ ព្រមទាំងការស្នើគំនិតផ្តួចផ្តើមរបស់ថៃក្នុងការរៀបចំកិច្ចប្រជុំតំបន់ស្តីពីវិបត្តិនៅមីយ៉ាន់ម៉ា ជាមួយចិន និងឥណ្ឌា រួមជាមួយសមាជិកអាស៊ានមួយចំនួនទៀតនៅត្រឹមឆ្នាំ២០២៧ ខាងមុខផងដែរ៕

Share.