
ករណីបាត់ខ្លួន និងសង្ស័យថាជាការចាប់ជំរិត ឬឆបោកលើជនបរទេសបានផ្ទុះឡើងជាថ្មីទៀតហើយនៅលើទឹកដីថៃ ដោយបានលាតត្រដាងកាន់តែច្បាស់ពីចន្លោះប្រហោងនៃសន្តិសុខ និងសុវត្ថិភាពសម្រាប់អ្នកទេសចរ ខណៈស្ត្រីជនជាតិចិន វ័យ ២៧ឆ្នាំម្នាក់ មកពីទីក្រុងក្វាងចូវ បានបាត់ដំណឹងសូន្យឈឹងអស់រយៈពេលជាង ១០ថ្ងៃមកហើយ បន្ទាប់ពីនាងបានជើងជាន់ដីក្រុងបាងកក កាលពីថ្ងៃទី២៣ ខែតុលា កន្លងទៅ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Thaiger និង chinapress នាពេលថ្មីៗនេះបានឱ្យដឹងថា ករណីនេះបានកើតឡើងតាមរយៈរូបភាពចាញ់បោកស្នេហាតាមប្រព័ន្ធអនឡាញ ដោយជនរងគ្រោះត្រូវបានបុរសប្លែកម្នាក់ ស្គាល់គ្នាតាមបណ្តាញសង្គមប្រើប្រាស់ល្បិចអូសទាញ និងបញ្ចុះបញ្ចូលឱ្យនាងធ្វើដំណើរបន្តទៅខេត្តឈៀងម៉ៃ ដើម្បីជួបផ្ទាល់ ដោយមានការសន្យាថានឹងទិញទូរស័ព្ទ iPhone 18 ជូននាង ព្រមទាំងធ្លាប់បានបោកប្រាស់ឱ្យនាងផ្ញើប្រាក់បង់ថ្លៃធានារ៉ាប់រងកញ្ចប់កាដូថែមទៀតផង។

ករណីបាត់ខ្លួនដ៏គ្រោះថ្នាក់នេះ ត្រូវបានគេសង្ស័យយ៉ាងខ្លាំងថាជារឿងរ៉ាវពាក់ព័ន្ធនឹងបណ្តាញក្រុមឧក្រិដ្ឋជនចាប់ជំរិត និងឆបោកឆ្លងដែនដែលកំពុងសម្ងំប្រតិបត្តិការយ៉ាងសកម្មនៅលើទឹកដីថៃ។ បច្ចុប្បន្ន អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងប្រទេសចិន បាននិងកំពុងបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់លើករណីនេះ ខណៈក្រុមគ្រួសាររបស់ស្ត្រីរងគ្រោះ កំពុងប្រញាប់ប្រញាល់រៀបចំឯកសារធ្វើដំណើរមកកាន់ប្រទេសថៃ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ និងសុំជំនួយពីនគរបាលថៃ។ គិតមកទល់ពេលនេះ ទីតាំង និងជោគវាសនាសុវត្ថិភាពរបស់ស្ត្រីរងគ្រោះរូបនេះ នៅតែស្ថិតក្នុងភាពស្រពិចស្រពិល និងគួរឱ្យព្រួយបារម្ភនៅឡើយ។
ព្រឹត្តិការណ៍នេះ បានក្លាយជាការវាយបក និងជាភស្តុតាងទៅលើការអះអាងនាពេលកន្លងមករបស់អាជ្ញាធរថៃ ដែលតែងតែទម្លាក់កំហុស និងបង្វែរដានរឿងភាគីជិតខាងលើបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន និងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ប៉ុន្តែធាតុពិតជាក់ស្តែង ទឹកដីថៃខ្លួនឯងផ្ទាល់ គឺជាចំណុចក្ដៅ ជាចំណុចស្ទាក់ចាប់ និងជាច្រកទ្វារចេញចូលដ៏មានគ្រោះថ្នាក់បំផុតសម្រាប់ជនរងគ្រោះបរទេស ដែលត្រូវបានក្រុមឧក្រិដ្ឋជនល្បួងយកទៅជំរិត និងធ្វើបាបដោយសេរី ដោយគ្មានការទប់ស្កាត់ ឬធានាសុវត្ថិភាពបានត្រឹមត្រូវពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចថៃឡើយ៕

