កូនខ្មែរធ្វើបាន! ក្រុម Angkor Warriors បាននាំយក មេដាយមាស​ដ៏មានតម្លៃមកកាន់មាតុភូមិវិញហើយ​កាល​ពី​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងវិញ្ញាសា Valorant ក្រោយ​បញ្ចប់​ការប្រកួត​ជើងឯក China-ASEAN Esports Competition 2026 នៅ​ទីក្រុង ណាននីង សាធារណរដ្ឋប្រជាមានិតចិន។


ជុំវិញ​ភាព​ជោគជ័យលើកនេះ លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិក បាន​មានប្រសាសន៍ថា៖ ការប្រកួតវិញ្ញាសា Valorant នេះ បើនិយាយទៅគឺមានប្រវត្តិសាស្រ្តតាំងពីស៊ីហ្គេម ឆ្នាំ២០២៣ ដែលពេលនោះយើងមិនទាន់បានមេដាយទេ ប៉ុន្តែក៏សូមសរសើរដល់កីឡាករដែលបានខិតខំប្រឹងប្រែងហ្វឹកហាត់បន្តបន្ទាប់មក ព្រមទាំងមានឱកាសបានទៅលេងព្រឹត្តិការណ៍ China-ASEAN 2025 ដែលជាបទពិសោធន៍ថ្មីមួយ ហើយពួកគាត់ធ្វើបានល្អ ដណ្ដើម​បាន​មេដាយ​មាសជូន​ជាតិ។

ក្រោយបង្ហាញផ្លែផ្កានាំយកមេដាយមាសលើឆាក អន្តរជាតិ លោក ហេង សុវត្ថារ៉ា ស្ថាបនិកក្រុម Reign Esports ស្នើសុំសហព័ន្ធបន្តជំរុញនិងគាំទ្រកីឡាករអេឡិចត្រូនិក វិញ្ញាសា Volorant បន្ថែមទៀត ដើម្បីឱ្យក្រុមកម្ពុជាឈានដល់កម្រិតពិភពលោក។

លោក ហេង សុវត្ថារ៉ា បាន​លើកឡើង​ថា៖ «គឺខ្ញុំសប្បាយចិត្តមែនទែន ហើយខ្ញុំកោតសរសើរីកីឡាករកម្ពុជាយើងមែនទែន កម្ពុជាយើងក៏អត់សូវមានឱកាសដើម្បីចូលរួមការប្រកួតតំបន់ថ្នាក់ជាតិជាច្រើនដែរ។ ខ្ញុំជំរុញពួកគាត់ឱ្យចូលរួមកម្មវិធីជាច្រើន ជាពិសេសការអនឡាញ ហើយសូម្បី Price Pool ១០០ដុល្លារ ២០០ដុល្លារ ក៏ខ្ញុំខំប្រឹងឱ្យគាត់ចូលរួមស្ម័គ្រចិត្តដើម្បីលើកទឹកចិត្តគាត់ ដើម្បីឱ្យគាត់កសាងសមត្ថភាព និងស្គាល់ភាពលេងជាមួយគ្នារហូត សូម្បីតែបងប្អូនធ្វើមើលទៅ ២០២៣ ហើយ ២០២៦។

លោក ហេង សុវត្ថារ៉ា បន្ថែម​ថា៖ «ខ្ញុំសូមសំណូមពរឱ្យសហព័ន្ធកីឡាអេឡិចត្រូនិច ឬភាគីសហព័ន្ធពាក់ព័ន្ធនានាអាចជួយគាំទ្របន្ថែមដើម្បីកីឡាករប្រទេសកម្ពុជាយើង ដោយសារមួយទៅលេងកម្មវិធី VCT 2027: Pacific Kickoff ដែលនាំផ្លូវពួកគាត់ដើម្បីចូលឆាកអន្តរជាតិ និងលេងជាមួយក្រុមខ្លាំងៗនៅទូទាំងពិភពលោក។»

តំណាងក្រុម Angkor Warriors វិញ្ញាសា Valorant បង្ហើបពីកត្តាជោគជ័យក្រោយការខិតខំប្រឹងប្រែងហ្វឹកហាត់ជាងមួយឆ្នាំពេញរហូតដណ្ដើមបានមេដាយមាសលើឆាកអន្តរជាតិ និងប្ដេជ្ញាកែលម្អសមត្ថភាពបន្ថែមទៀត សម្រាប់ការប្រកួតកម្រិតអន្តរជាតិនាពេលខាងមុខ។

គួរបញ្ជាក់ថា សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បាន​បញ្ជូន​ក្រុម​កីឡាអេឡិកត្រូនិកកម្ពុជា ២វិញ្ញាសា រួម​មាន Mobile Legend Bang Bang និង Volorant ទៅចូល​រួម​ប្រកួត​ជើងឯក China-ASEAN Esports Competition 2026 នៅ​ទីក្រុង ណាននីង សាធារណរដ្ឋប្រជាមានិតចិន មាន​រយ:​ពេល​ ៣ថ្ងៃ ចាប់​ពី​ថ្ងៃទី៦ ដល់​ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦។

ជាលទ្ធផល ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា ដែលបានឈ្នះមេដាយមាស និងសំរិទ្ធ ក្នុងព្រឹត្តិការណ៍ កីឡាអេឡិចត្រូនិកចិន-អាស៊ាន China–ASEAN Esports Competition 2026 នៅប្រទេសចិន ទទួលបានរួម​មាន៖

  • មេដាយមាស លើវិញ្ញាសា Valorant
  • មេដាយសំរិទ្ធ លើវិញ្ញាសា MLBB៕
Share.