
ក្នុងឱកាសនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ប្រទេសបារាំងនឹងរៀបចំ “ពន្លាជាតិបារាំង” នៅក្នុងភូមិហ្រ្វង់កូហ្វូនី រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ដោយផ្តល់ជូននូវកម្មវិធីស្វែងយល់ ផ្លាស់ប្តូរវប្បធម៌ និងជួបជុំគ្នារយៈពេលប្រាំថ្ងៃ។ ពន្លានេះនឹងទទួលស្វាគមន៍សាធារណជនគ្រប់វ័យ ដើម្បីឈ្វេងយល់ពីភាពសម្បូរបែបនៃកិច្ចសហប្រតិបត្តិការរវាងបារាំង និងកម្ពុជា តាមរយៈពិព័រណ៍អន្តរកម្ម បទពិសោធន៍ឌីជីថល និងសកម្មភាពផ្សេងៗដែលបង្ហាញពីវិស័យវប្បធម៌ អប់រំ វិទ្យាសាស្ត្រ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ពន្លាជាតិបារាំងត្រូវបានរៀបចំឡើងជាទីកន្លែងដ៏រស់រវើកមួយ ដែលផ្តល់ឱកាសដល់សាធារណជនស្វែងយល់ពីទិដ្ឋភាពផ្សេងៗនៃភាពជាដៃគូរវាងប្រទេសបារាំង និងកម្ពុជា។ ពន្លានេះបើកទទួលសាធារណជនគ្រប់មជ្ឈដ្ឋាន ដោយមានការតាំងពិព័រណ៍អន្តរកម្មជាបន្តបន្ទាប់ ដែលបែងចែកជាបីប្រធានបទសំខាន់ៗ រួមមាន វប្បធម៌ និងការបង្កើតស្នាដៃសិល្បៈ ភាសាបារាំង និងឱកាសនៃការសិក្សា និងការផ្លាស់ប្តូរបទពិសោធន៍នៅក្រៅប្រទេស ព្រមទាំងវិទ្យាសាស្ត្រ និងការអភិវឌ្ឍប្រកបដោយចីរភាព។ តាមរយៈល្បែងកម្សាន្ត វីដេអូ ការតាំងពិព័រណ៍ និងធនធានឌីជីថល អ្នកទស្សនានឹងបានស្វែងយល់ពីកិច្ចសហការរវាងប្រទេសទាំងពីរលើវិស័យជាច្រើន។ រាល់សកម្មភាព និងព័ត៌មានទាំងអស់នឹងមានជាភាសាបារាំង និងភាសាខ្មែរ។

ក្នុងចំណោមបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍ ពន្លាជាតិបារាំងនឹងបង្ហាញពីការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងមរតកតន្ត្រីខ្មែរ។ នៅក្នុងរម៉កដែលត្រូវបានរៀបចំតុបតែងជាពិសេស អ្នកទស្សនានឹងមានឱកាសសន្ទនាជាមួយរូបតំណាងនិម្មិតដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរបស់លោក ស៊ីន ស៊ីសាមុត ដែលជាអ្នកចម្រៀងរឿងព្រេងនិទានរបស់កម្ពុជា និងមានសំឡេងមាស ព្រមទាំងអាចសួរសំណួរផ្សេងៗទៅកាន់រូបតំណាងនេះពេញមួយរយៈពេលប្រាំថ្ងៃនៃកម្មវិធី។

ក្រៅពីនេះ ពន្លាជាតិបារាំងក៏នឹងមានការរៀបចំសកម្មភាពពិសេសៗ និងវត្ថុអនុស្សាវរីយ៍ជូនអ្នកទស្សនាផងដែរ។ ទន្ទឹមនឹងនេះ កម្មវិធីរបស់ប្រទេសបារាំងនឹងនាំមកនូវព្រឹត្តិការណ៍ឥតគិតថ្លៃប្រមាណ ២០ នៅតាមទីតាំងផ្សេងៗ រួមមាន ភូមិហ្រ្វង់កូហ្វូនី វិទ្យាស្ថានបារាំងនៅកម្ពុជា សាលសន្និសីទចតុមុខ និងមហោស្រព The Last Stage Aquation។ កម្មវិធីទាំងនេះរួមមាន ការប្រគំតន្ត្រី សិក្ខាសាលា សន្និសីទ កិច្ចពិភាក្សា ការច្រៀងខារ៉ាអូខេជាភាសាបារាំង ការសម្តែងល្ខោន និងរបាំ ការបញ្ចាំងភាពយន្ត និងការតាំងពិព័រណ៍ផ្សេងៗ។ ក្នុងចំណោមកម្មវិធីលេចធ្លោទាំងនេះ ក៏មានការដំឡើងកន្លែងផ្តល់ទឹកស្អាតសម្រាប់ពិសា ដែលរៀបចំដោយទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) សហការជាមួយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) នៅបរិវេណវត្តបទុមវតី ព្រមទាំងការសម្ពោធស្នាដៃគំនូរជញ្ជាំងខ្នាតធំមួយនៅវិទ្យាស្ថានបារាំងនៅកម្ពុជា។

ឯកឧត្តម្ភ អូលីវីយេ រីឆ ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជា បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលប្រទេសបារាំងនឹងប្រគល់តួនាទីជាប្រធានកិច្ចប្រជុំកំពូលនេះជូនប្រទេសកម្ពុជាសម្រាប់អាណត្តិរយៈពេលពីរឆ្នាំខាងមុខ។ លោកឯកអគ្គរដ្ឋទូតក៏បានសង្កត់ធ្ងន់លើចំណងមិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់វិស័យអប់រំ ភាពចម្រុះនៃវប្បធម៌ ឱកាសសម្រាប់យុវជន សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

តាមរយៈពន្លាជាតិបារាំង ប្រទេសបារាំងមានគោលបំណងបង្ហាញពីភាពរស់រវើកនៃកិច្ចសហប្រតិបត្តិការដែលតភ្ជាប់វប្បធម៌ ចំណេះដឹង និងភាសា ព្រមទាំងបង្កើតឱកាសថ្មីៗសម្រាប់យុវជនជំនាន់ក្រោយ។ សាធារណជនទាំងអស់អាចចូលទស្សនាដោយសេរី ដើម្បីស្វែងយល់ ជួបជុំ ផ្លាស់ប្តូរបទពិសោធន៍ និងអបអរសាទរភាពជាហ្រ្វង់កូហ្វូនី នៅពន្លាជាតិបារាំង ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ក្នុងភូមិហ្រ្វង់កូហ្វូនី រាជធានីភ្នំពេញ៕

