សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរលើកទី៤ ក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើប្រាស់ផលិតផលជាតិ» នាថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ដោយមានស្តង់តាំងបង្ហាញជាង ៣០០ ស្តង់ និងផលិតផលខ្មែរជាង ១០០ មុខ ដើម្បីបន្តជំរុញចលនាគាំទ្រស្នាដៃខ្មែរ និងបង្កើតឱកាសទីផ្សារជូនសហគ្រិនក្នុងស្រុក។

ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានគូសបញ្ជាក់ថា គំនិតផ្ដួចផ្ដើមរៀបចំពិព័រណ៍ក្រោមមូលបទ «រួមគ្នាផលិត រួមគ្នាប្រើប្រាស់» នេះ ត្រូវបានបង្កើតឡើងដើម្បីដាស់ស្មារតីជាតិនិយម និងជំរុញឱ្យប្រជាពលរដ្ឋងាកមកគាំទ្រផលិតផលជាតិ។ លោកបានរំលឹកថា FASMEC បានរៀបចំព្រឹត្តិការណ៍ពិព័រណ៍ជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០០៤ មកម្ល៉េះ។ កាលពីមុន សកម្មភាពនៃការគាំទ្រនៅមានកម្រិតនៅឡើយ ដោយសារការយល់ដឹង និងឆន្ទៈគាំទ្រទំនិញក្នុងស្រុកមិនទាន់ទូលំទូលាយ ខណៈពលរដ្ឋភាគច្រើននិយមចូលចិត្តតែទំនិញម៉ាកបរទេស (Brand)។ ប៉ុន្តែឈានមកដល់ឆ្នាំ២០២៥ និងបន្តបន្ទាប់ គេសង្កេតឃើញថាស្មារតី និងសន្ទុះនៃការគាំទ្រផលិតផលខ្មែរពីសំណាក់មហាជនមានការកើនឡើងយ៉ាងខ្លាំង និងអាចយកជាការបាន។ លោកឧកញ៉ាបានបន្ថែមថា សម្រាប់ព្រឹត្តិការណ៍ពិព័រណ៍រយៈពេល ៣ ថ្ងៃ (ថ្ងៃទី២១, ២២ និង២៣) ក្រោមអធិបតីភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ នឹងមានការចូលរួមតាំងបង្ហាញជាង ៣០០ ស្តង់ និងមានផលិតផលខ្មែរជាង ១០០ មុខ។

លោកក៏បានសង្កត់ធ្ងន់ថា បណ្ដាប្រទេសទាំងអស់នៅលើពិភពលោក ទោះបីជាបានចូលរួមក្នុងអង្គការពាណិជ្ជកម្មពិភពលោក (WTO) ឬសមារណកម្មសេដ្ឋកិច្ចតំបន់យ៉ាងណាក៏ដោយ ក៏ប្រទេសទាំងនោះតែងតែរក្សាជំហរការពារ និងលើកស្ទួយផលិតផលជាតិរបស់ខ្លួនជានិច្ច ដូច្នេះប្រជាជនខ្មែរក៏ត្រូវតែភ្ញាក់រលឹក និងរួមគ្នាកាត់បន្ថយការចំណាយខ្ជះខ្ជាយលើទំនិញនាំចូល។

ជាមួយគ្នានេះដែរ ឧកញ៉ា ឈិន កេន អគ្គលេខាធិការសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានលើកឡើងអំពីចំណុចពិសេសនៃការរៀបចំពិព័រណ៍លើកទី៤ នេះថា ជាព្រឹត្តិការណ៍ដែលចម្រាញ់យ៉ាងយកចិត្តទុកដាក់បំផុត។ ខុសពីលើកមុនៗ ដែលផ្តោតលើការប្រមូលផ្តុំផលិតផលខ្មែរឱ្យបានច្រើនដោយមិនទាន់បានរៀបចំការត្រួតពិនិត្យល្អិតល្អន់ សម្រាប់ពិព័រណ៍លើកនេះ គណៈកម្មការបានចម្រាញ់ និងជ្រើសរើសយកតែផលិតផលណាដែលមានការចុះបញ្ជី គុណភាព និងស្តង់ដារត្រឹមត្រូវប៉ុណ្ណោះ ដើម្បីយកមកតាំងបង្ហាញជូនថ្នាក់ដឹកនាំ និងសាធារណជនទស្សនា។ លោកបានគូសបញ្ជាក់ពីគោលដៅយុទ្ធសាស្ត្រសំខាន់ៗចំនួន៣ នៃការរៀបចំព្រឹត្តិការណ៍នេះ រួមមាន៖ ទី១. ដើម្បីផ្សព្វផ្សាយផលិតផលក្នុងស្រុកឱ្យបានទូលំទូលាយ; ទី២. បង្កើតឱកាសមាសសម្រាប់អ្នកផលិតក្នុងការស្វែងរក និងបណ្ដាញភ្ជាប់ទំនាក់ទំនងជាមួយដៃគូចែកចាយបន្តនៅទូទាំងប្រទេស ដោយសារសហគ្រិនមួយចំនួនជួបការលំបាកក្នុងការយកទំនិញចូលទីផ្សារដោយខ្លួនឯង; និងទី៣. ដើម្បីបណ្ដុះទម្លាប់ និងស្មារតីនៃការចែករំលែក ព្រមទាំងការគាំទ្រដល់ផលវិបាក និងសមិទ្ធផលដែលជាស្នាដៃពិតប្រាកដរបស់កូនខ្មែរ៕

Share.