សហរដ្ឋអាមេរិក៖ ការចោទប្រកាន់ពាក់ព័ន្ធនឹងស្ត្រីម្នាក់ដែលត្រូវបានសង្ស័យថាជាចារកម្មរបស់ប្រទេសចិន និងមានទំនាក់ទំនងជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Nvidia បានបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈតម្លៃទីផ្សាររបស់ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយនេះ បានធ្លាក់ចុះប្រមាណ ២៥០ពាន់លានដុល្លារអាមេរិក កាលពីថ្ងៃចន្ទ។

លោក Jensen Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា ការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) កំពុងពិនិត្យស៊ើបអង្កេតករណីនេះ។ លោកក៏បានបញ្ជាក់ថា លោកបានជួបសន្ទនាជាមួយលោក Jensen Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia កាលពីថ្ងៃចន្ទ ដើម្បីសាកសួរអំពីការសង្ស័យពាក់ព័ន្ធនឹងស្ត្រីរូបនោះ។
លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានថា លោកបានសួរលោក Huang ថា តើលោកបានដឹងដែរឬទេថា ស្ត្រីរូបនោះជាចារកម្ម? ហើយលោក Huang បានឆ្លើយថា លោកមិនបានដឹងអំពីរឿងនេះទាល់តែសោះ។ លោក ត្រាំ បន្ថែមថា លោកជឿជាក់លើការឆ្លើយតបរបស់នាយកប្រតិបត្តិរូបនេះ។

ទោះជាយ៉ាងណា ប្រទេសចិនបានចេញមុខច្រានចោលការចោទប្រកាន់នេះ ដោយក្រសួងការបរទេសចិនបានចាត់ទុកថា ការលើកឡើងអំពីករណីនេះ គឺគ្មានមូលដ្ឋាន គ្រាន់តែជាការសន្និដ្ឋាន និងមានគោលបំណងបង្ខូចកេរ្តិ៍ឈ្មោះប្រទេសចិន។
ចំណែកលោក ត្រាំ បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាននៅសេតវិមានថា លោកដឹងថា FBI កំពុងពិនិត្យករណីនេះ ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតអំពីវិសាលភាពនៃការស៊ើបអង្កេត ឬពេលវេលាដែលការស៊ើបអង្កេតបានចាប់ផ្តើមនោះទេ។ លោកក៏បានលើកឡើងថា លោកយល់ថា លោក Huang ជាមនុស្សមានកិត្តិយស និងមានទំនុកចិត្តថា លោកនឹងមិនជួបបញ្ហាធ្ងន់ធ្ងរឡើយ បន្ទាប់ពីការស៊ើបអង្កេត។
តាមសេចក្តីរាយការណ៍របស់កាសែត The New York Times រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានផ្ញើអនុស្សរណៈទៅកាន់មន្ត្រីជាន់ខ្ពស់នៅទីក្រុងវ៉ាស៊ីនតោន កាលពីរដូវផ្ការីកឆ្នាំនេះ ដោយព្រមានថា លោក Huang មានទំនាក់ទំនងជិតស្និទ្ធជាមួយស្ត្រីម្នាក់ដែលត្រូវបានសង្ស័យថាជាចារកម្មចិន។
ស្ត្រីរូបនោះមានឈ្មោះ Alice Huang ហើយក៏ត្រូវបានគេស្គាល់ថា Huang Le។ យោងតាមការលើកឡើងរបស់មន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិកដែលត្រូវបានដកស្រង់ដោយកាសែតខាងលើ ស្ត្រីរូបនេះត្រូវបានសង្ស័យថាបម្រើការឱ្យទីក្រុងប៉េកាំង។ ប៉ុន្តែគួរបញ្ជាក់ថា នាងមិនមានទំនាក់ទំនងជាសាច់ញាតិជាមួយលោក Jensen Huang នោះទេ។
ដោយឡែក ក្រុមហ៊ុន Nvidia បានចាត់តាំងឱ្យមានការស៊ើបអង្កេតដោយឯករាជ្យលើករណីនេះ និងបានបញ្ជាក់ថា ខ្លួនមិនមានហេតុផលណាមួយដែលធ្វើឱ្យជឿថា អាថ៌កំបាំងរបស់ក្រុមហ៊ុន ឬសន្តិសុខជាតិអាមេរិក ត្រូវបានប៉ះពាល់នោះទេ។
គួរជម្រាបថា Nvidia គឺជាក្រុមហ៊ុនមានតម្លៃទីផ្សារធំជាងគេលំដាប់ទី២ នៅលើពិភពលោក បន្ទាប់ពីក្រុមហ៊ុន Apple និងជាក្រុមហ៊ុនរចនាបន្ទះឈីបកុំព្យូទ័រដែលមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ ក្រោយព័ត៌មានពាក់ព័ន្ធនឹងករណីសង្ស័យចារកម្មនេះត្រូវបានផ្សព្វផ្សាយ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះជាង ៤% ដែលធ្វើឱ្យតម្លៃទីផ្សារបាត់បង់ប្រមាណ ២៥០ពាន់លានដុល្លារអាមេរិក។
ទោះបីជាមានការចោទប្រកាន់ និងការស៊ើបអង្កេតកំពុងបន្តក៏ដោយ ក៏មិនទាន់មានការបញ្ជាក់ជាផ្លូវការថា ស្ត្រីរូបនេះពិតជាចារកម្ម ឬមានការលេចធ្លាយព័ត៌មានសម្ងាត់របស់ក្រុមហ៊ុន Nvidia នោះឡើយ។
អត្ថបទសម្រួលពី BBC News
