ព្រះវិហារ ៖ ផ្ទះពលរដ្ឋចំនួន២ខ្នងត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចគ្នាសល់ អស់ទាំងទ្រព្យសម្បត្តិសន្ធឹកសន្ធាប់ ដោយសារទុស្សេខ្សែភ្លើង កាលពីវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្នុងភូមិដា ឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។

ម្ចាស់ផ្ទះរងគ្រោះ ទី១ ឈ្មោះ សុត នេន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកសិករ ប្រពន្ធឈ្មោះសូ ណូ អាយុ៤៥ឆ្នាំ មុខរបរកសិករ មានកូនចំនួន៣នាក់ ប្រុស១នាក់ ស្រី២នាក់ រងខូចខាតផ្ទះឈើទំហំ៧ម៉ែត្រx៨ម៉ែត្រ , ម៉ាសុីនកិនស្រូវ ,ស្រូវចំនួន១៥០បាវ ,មាស១តម្លឹង ,លុយ២លានរៀល ។ ជនរងគ្រោះទី២ ឈ្មោះ ហ៊ុយ ឆៃ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកសិករ ប្រពន្ធឈ្មោះ សូ ភេន អាយុ៣៥ឆ្នាំ មុខរបរកសិករ មានកូនស្រីចំនួន៣នាក់ រងខូចខាតផ្ទះឈើ ទណហំ៧ម៉ែត្រx៨ម៉ែត្រ , ឈើធ្វើផ្ទះ១គ្រឿង , ម៉ូតូ១គ្រឿង , មាស៣ជី ,ផ្លាទី៣ជី , ស្រូវ១០០បាវ , លុយ៦លានរៀល ។ ចំណែកផ្ទះមួយខ្នងទៀត រងខូចខាត តែជង្រុកស្រូវ និងជើងសសរ១ដើម មានម្ចាស់រងគ្រោះឈ្មោះ ស្រី រៀម ភេទស្រី អាយុ៤០ឆ្នាំ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា គ្រោះអគ្គិភ័យខាងលើផ្តើមចេញពីទុស្សចរន្តអគ្គិសនី គ្រាដែលម្ចាស់ផ្ទះមិននៅ ជាប់រវល់ចេញទៅច្រូតស្រូវ តែទោះជាយ៉ាងណា កម្លាំងអាជ្ញាធរ សមត្ថកិច្ច ទាំងនគរបាល អាវុធហត្ថ រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿងចេញជួយពន្លត់ភ្លើង និងការពារឆេះរាល ៕


