
ភ្នំពេញ៖ នៅក្នុងរបត់ការទូតដ៏សំខាន់មួយរវាងកម្ពុជា និងសហរដ្ឋអាមេរិក ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ឯកឧត្តម Christopher Anderson ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលក្រាបបង្គំគាល់ និងថ្វាយសារតាំង នៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦។

ឯកឧត្តម Christopher Anderson ត្រូវបានតែងតាំង និងបានចូលកាន់តំណែងជាប្រធានបេសកកម្មការទូតអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦។ ឯកឧត្តម គឺជាអ្នកជំនាញជាន់ខ្ពស់ផ្នែកកិច្ចការសភា និងសន្តិសុខជាតិ ដែលមានបទពិសោធន៍ជិត ២០ ឆ្នាំ លើកិច្ចការបរទេស ការពារជាតិ និងនយោបាយអន្តរជាតិ ទាំងនៅក្នុងស្ថាប័ននីតិប្រតិបត្តិ និងនីតិបញ្ញត្តិ នៃរដ្ឋាភិបាលសហរដ្ឋអាមេរិក។ មុនពេលទទួលបេសកកម្មការទូតនៅកម្ពុជា ឯកឧត្តមធ្លាប់កាន់តំណែងជាទីប្រឹក្សាសន្តិសុខជាតិជូនសមាជិកព្រឹទ្ធសភាអាមេរិក Steve Daines (ស្ទីវ ដេនស៍) ដោយផ្តល់ប្រឹក្សាលើកិច្ចការសន្តិសុខជាតិ គោលនយោបាយបរទេស ការពារជាតិ ចារកិច្ច និងរបបស៊ើបអង្កេតហិរញ្ញវត្ថុខុសច្បាប់អន្តរជាតិ។

បន្ថែមលើនេះ ឯកឧត្តមទូតថ្មីរូបនេះ ធ្លាប់ជាយោធិនជើងចាស់ នៃកងទ័ពជើងគោកអាមេរិក ដែលធ្លាប់បានចូលរួមក្នុងបេសកកម្មយោធានៅខេត្តហែលម៉ាន់ Helmand ប្រទេសអាហ្វហ្គានីស្ថាន កាលពីឆ្នាំ២០១១ មុនពេលប្តូរមកធ្វើជាទីប្រឹក្សាផ្នែកសន្តិសុខជាតិជូនថ្នាក់ដឹកនាំជាន់ខ្ពស់ និងក្រសួងកិច្ចការយោធិនជើងចាស់អាមេរិក។ ឯកឧត្តមកើតនៅរដ្ឋ Wisconsin ដោយបានបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Wisconsin-La Crosse និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងការងារសាធារណៈ (M.P.M.) ពីសាកលវិទ្យាល័យរដ្ឋ Pennsylvania ។

សូមជម្រាបថា ការចូលកាន់តំណែងរបស់ឯកអគ្គរដ្ឋទូតដែលមានប្រវត្តិនយោបាយសន្តិសុខជាតិ និងយោធាដ៏រឹងមាំរូបនេះ ត្រូវគេរំពឹងថានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងការទូត កិច្ចសហប្រតិបត្តិការសន្តិសុខ និងការយោគយល់គ្នារវាងកម្ពុជា និងសហរដ្ឋអាមេរិកឱ្យកាន់តែជិតស្និទ្ធថែមទៀត៕

