រលកបាតុកម្មតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់លោក អនុទីន កំពុងតែរុញច្រានស្ថានការណ៍នយោបាយនៅទីក្រុងបាងកក ឱ្យឈានទៅរកភាពតានតឹងខ្លាំង ក្រោយពេលដែលចលនាតវ៉ាមួយនេះ លែងជារឿងរបស់ប្រជាពលរដ្ឋសាមញ្ញម្នាក់ឯងទៀតហើយ ប៉ុន្តែបានក្លាយជាវេទិកាសម្ពាធនយោបាយដ៏ធំមួយដែលមានការជ្រោមជ្រែងយ៉ាងពេញទំហឹងពីសំណាក់សមាជិកសភា និងថ្នាក់ដឹកនាំបក្សនយោបាយ។

បាតុកម្ម «រណសិរ្សបដិវត្តន៍ប្រជាជន ដើម្បីការពារទឹកដី» ដឹកនាំដោយលោក ម៉ាណូ គ្រឿកែវ ទទួលបានកម្លាំងចិត្តបន្ថែមយ៉ាងខ្លាំង ក្រោយពេលអ្នកនយោបាយជើងចាស់ លោក សេរីពិសុទ្ធ តេមីយ៉ាវេស មេបក្សសេរីរួមថៃ បានចុះទៅដល់ជំរំតវ៉ានៅមុខវិមានរដ្ឋាភិបាលកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ លោក សេរីពិសុទ្ធ បានផ្ញើសារព្រមានចំៗទៅកាន់លោក អនុទីន ឱ្យឈប់ប្រើតំណាងមកសម្របសម្រួល ហើយត្រូវក្លាហានចេញមកជួបតទល់ជាមួយប្រជាជនដោយផ្ទាល់ ដើម្បីដោះស្រាយវិបត្តិដែលកំពុងប៉ះពាល់ដល់ជីវភាពពលរដ្ឋទូទាំងប្រទេស។ ជាមួយគ្នានេះ ក្រុមតំណាងរាស្ត្រតំបន់ភាគខាងត្បូងមកពីគណបក្សប្រជាធិបតេយ្យ រួមមានលោក Chaichana Dechdecho, លោក Songsak Musikong និងលោក Saksit Khaothong ក៏បានបង្ហាញវត្តមានគាំទ្រ និងផ្តល់កម្លាំងចិត្តដល់ក្រុមបាតុករដល់កន្លែងផងដែរ។

ការតវ៉ាដែលចាប់ផ្តើមចេញពីក្រុមអ្នកស្រុកភាគខាងត្បូង ក្នុងខេត្ត Krabi កាលពីសប្តាហ៍មុន បានរីករាលដាលខ្លាំងទៅជាចលនាថ្នាក់ជាតិ ដោយមានពលរដ្ឋមកពីបណ្តាខេត្តផ្សេងៗជាច្រើនចូលរួម។ ក្រុមបាតុករបានបោះជំរំនៅជិតស្ពាន Chamai Maruchet មុខវិមានរដ្ឋាភិបាល ចាប់តាំងពីយប់ថ្ងៃអាទិត្យ ដោយមានទាំងរថយន្តបំពងសំឡេង និងមានផែនការប្រមូលផ្តុំគ្នាតវ៉ារយៈពេល ៣០ថ្ងៃពេញ ខណៈកងកម្លាំងនគរបាលត្រូវបានដាក់ពង្រាយយ៉ាងកំហុកដើម្បីរក្សាសន្តិសុខ។

ចំពោះទាមទារសំខាន់ៗ ដែលរដ្ឋាភិបាលកំពុងប្រឈម ដំបូងឡើយបាតុករបានដាក់លក្ខខណ្ឌត្រឹមតែ ៣ចំណុចប៉ុណ្ណោះ គឺតម្រូវឱ្យរដ្ឋាភិបាលបញ្ចុះតម្លៃប្រេងសាំង ១០បាតក្នុងមួយលីត្រ បង្កើនការបង្ក្រាបគ្រឿងញៀន និងស៊ើបអង្កេតចាប់ខ្លួនមេខ្យល់បទល្មើសឆបោកអនឡាញដោយឥតយោគយល់ ទោះជាអ្នកនយោបាយមានអំណាចនៅពីក្រោយក៏ដោយ។ ប៉ុន្តែមកទល់ពេលនេះ ក្រុមបាតុករបានបន្ថែមការទាមទារថ្មីមួយទៀត គឺបង្ខំឱ្យរដ្ឋាភិបាលទីក្រុងបាងកក ចេញវិធានការដោះស្រាយបញ្ហាតម្លៃផលដំណាំកសិកម្មដែលកំពុងធ្លាក់ថ្លៃខ្លាំងជាបន្ទាន់ផងដែរ៕

ប្រភព៖ Amarin TV

Share.