លើវេទិកាកិច្ចប្រជុំកំពូលស្តីពីកំណើនសេដ្ឋកិច្ចអាស៊ានប្រកបដោយបរិយាបន្ន (ASEAN Inclusive Growth Summit) នៅទីក្រុងតាហ្គីក (Taguig) ប្រទេសហ្វីលីពីន កាលពីថ្ងៃពុធ ទី១១ ខែវិច្ឆិកា កន្លងទៅ កំពូលតារាសម្តែងហូលីវូដ និងជាបេសកជនមនុស្សធម៌ លោកស្រី អ៊ែនជេលីណា ចូលី បានលើកតម្កើងកិត្យានុភាពកម្ពុជានៅចំពោះមុខមេដឹកនាំធុរកិច្ច និងប្រតិភូអន្តរជាតិ។

ផ្អែកលើបទពិសោធន៍ការងារមនុស្សធម៌ជាង ២០ ឆ្នាំនៅកម្ពុជា ដែលជាស្រុកកំណើតកូនប្រុសច្បងលោកស្រី គឺលោក ម៉ាដុក ចូលី-ភីត (Maddox Jolie-Pitt) លោកស្រីបានសង្កត់ធ្ងន់ថា កម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍ មិនមែនជាប្រទេសក្រីក្រនោះទេ ប៉ុន្តែជាទឹកដីដែលសម្បូរធនធានធម្មជាតិ វប្បធម៌រុងរឿង និងមានធនធានមនុស្សដ៏ឆ្លាតវៃ។
ជាមួយគ្នានេះ លោកស្រី ចូលី បានអំពាវនាវឱ្យវិស័យឯកជន និងអង្គការអន្តរជាតិ ផ្លាស់ប្តូរយុទ្ធសាស្ត្រពីការផ្តល់ជំនួយរយៈពេលខ្លី មកជាការបណ្តាក់ទុនរយៈពេលវែងលើវិស័យអប់រំ ការបណ្តុះបណ្តាលជំនាញ និងការបើកផ្លូវពាណិជ្ជកម្មប្រកបដោយសមធម៌ដល់សហគមន៍ងាយរងគ្រោះ ដើម្បីឱ្យពលរដ្ឋអាចឈរលើជើងខ្លួនឯងបានយ៉ាងរឹងមាំដោយមិនចាំបាច់ពឹងជំនួយពីខាងក្រៅ។
ក្រៅពីកិច្ចពិភាក្សាសេដ្ឋកិច្ចដែលមានការចូលរួមពីរដ្ឋមន្ត្រីពាណិជ្ជកម្មហ្វីលីពីន លោកស្រី គ្រីស្ទីណា រ៉ូកេ (Cristina Roque) និងតារាចម្រៀង លី សាឡុងហ្គា (Lea Salonga) ផងនោះ លោកស្រី ចូលី ក៏បានបង្ហាញពីបំណងប្រាថ្នាចង់រស់នៅបែបសាមញ្ញ ដើម្បីបន្តបូជាកម្លាំងកាយចិត្តបម្រើការងារសង្គមតទៅមុខទៀត៕

