តុលាការព្រហ្មទណ្ឌទីក្រុងបាងកក បានសម្រេចផ្ដន្ទាទោសលោក ប្រាស៊ីត ជៀវកុក ដែលជាពាណិជ្ជករជនជាតិថៃដ៏ល្បីឈ្មោះម្នាក់ ឱ្យជាប់ពន្ធនាគារសរុបចំនួន ១.២៤៤ឆ្នាំ ក្រោយរកឃើញថាមានពិរុទ្ធភាពលើបទចោទប្រកាន់ចំនួន ៣១១ករណី ពាក់ព័ន្ធនឹងបណ្តាញឆបោកគម្រោងវិនិយោគកញ្ចប់ទេសចរណ៍ ដែលបានបោកប្រាស់ប្រាក់ពីជនរងគ្រោះសរុប ៣១១នាក់។

នៅក្នុងសវនាការជំនុំជម្រះក្តី តុលាការបានរកឃើញថា ទណ្ឌិតរូបនេះរួមជាមួយក្រុមហ៊ុនពាក់ព័ន្ធចំនួន ៣ បានរួមគំនិតគ្នាប្រមូលប្រាក់ពីសាធារណជនក្នុងទម្រង់ជាការឆបោក តាមរយៈការអូសទាញ និងសន្យាផ្ដល់ផលចំណេញខ្ពស់ហួសប្រមាណលើកញ្ចប់ទេសចរណ៍។ តាមពិតទៅ តុលាការបានសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន ៨ឆ្នាំ សម្រាប់បទល្មើសនីមួយៗក្នុងចំណោម ៣១១ករណី ដែលធ្វើឱ្យទោសសរុបឡើងដល់ ២.៤៨៨ឆ្នាំឯណោះ។ ប៉ុន្តែដោយសារជនជាប់ចោទបានសារភាពកំហុស និងផ្ដល់កិច្ចសហការល្អក្នុងដំណើរការនីតិវិធីតុលាការ ទើបតុលាការសម្រេចបន្ធូរបន្ថយទោសពាក់កណ្ដាល មកនៅត្រឹម ១.២៤៤ឆ្នាំ។

ទោះបីជាតួលេខទោសទណ្ឌមានចំនួនច្រើនលើសលប់រាប់ពាន់ឆ្នាំបែបនេះក្តី ប៉ុន្តែបើផ្អែកតាមក្របខណ្ឌច្បាប់នៃព្រះរាជាណាចក្រថៃ ការអនុវត្តទោសពន្ធនាគារជាក់ស្តែងសម្រាប់បទល្មើសច្រើនករណីរួមបញ្ចូលគ្នា គឺត្រូវបានកំណត់កម្រិតអតិបរមាមិនឱ្យលើសពី ២០ឆ្នាំនោះឡើយ។

ក្រៅពីទោសជាប់ពន្ធនាគារ តុលាការក៏បានបង្គាប់ឱ្យលោក ប្រាស៊ីត និងក្រុមហ៊ុនទាំង ៣ រួមគ្នាបង់ប្រាក់ពិន័យចំនួនជាង ៩៣លានបាត ព្រមទាំងត្រូវសងប្រាក់ដើមទាំងអស់ជូនជនរងគ្រោះទាំង ៣១១នាក់វិញ បូករួមទាំងការប្រាក់ក្នុងអត្រា ៧,៥% ក្នុងមួយឆ្នាំផងដែរ។ ដោយឡែក ជនជាប់ចោទម្នាក់ទៀតនៅក្នុងសំណុំរឿងដូចគ្នានេះ ត្រូវបានតុលាការសម្រេចដោះលែងឱ្យរួចផុតពីបទចោទប្រកាន់ ដោយសារភស្តុតាងរបស់តំណាងអយ្យការមិនទាន់មានទម្ងន់រឹងមាំគ្រប់គ្រាន់ក្នុងការដាក់បន្ទុក។

សូមជម្រាបថា សំណុំរឿងឆបោកដ៏កក្រើកនេះ គឺជាបន្ទុកផ្លូវច្បាប់ដ៏ធ្ងន់ធ្ងរបន្ថែមទៀតសម្រាប់លោក ប្រាស៊ីត ជៀវកុក ដ្បិតកន្លងមករូបលោកក៏ធ្លាប់ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារក្នុងសំណុំរឿងឆបោកហិរញ្ញវត្ថុទ្រង់ទ្រាយធំដទៃទៀតរួចជាស្រេចទៅហើយ៕

ប្រភព៖ Bangkok Post

Share.