ខណៈដែលភាគីថៃបានបង្ហាញការព្រួយបារម្ភ និងលើកឡើងទាំងចោទមុនថា កម្ពុជាអាចនឹងយកវេទិកាកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ មកពិភាក្សាអំពីជម្លោះព្រំដែនទ្វេភាគីនោះ គោលជំហរ និងចក្ខុវិស័យជាផ្លូវការរបស់កម្ពុជា ដែលត្រូវបានប្រកាសនៅលើវេទិកាអង្គការសហប្រជាជាតិ កាលពីចុងខែកញ្ញា ឆ្នាំ២០២៦ បានបង្ហាញយ៉ាងច្បាស់ថា កិច្ចប្រជុំកំពូលនេះមានគោលដៅធំធេងជាងបញ្ហាទ្វេភាគី ពោលគឺផ្តោតលើការកសាងសន្តិភាព វិបុលភាពរួម និងការសន្ទនារវាងប្រជាជាតិមកពីគ្រប់ទ្វីប។

យោងតាមសេចក្តីថ្លែងការណ៍របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ថ្លែងទៅកាន់សម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ កម្ពុជាបានគូសបញ្ជាក់យ៉ាងច្បាស់អំពីរបៀបវារៈ និងសារៈសំខាន់នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលរាជធានីភ្នំពេញនឹងធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី១៤ ១៥ និងទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។

នៅក្នុងសុន្ទរកថាផ្លូវការនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា កិច្ចប្រជុំកំពូលនៅភ្នំពេញ គឺជាការជួបជុំជាថ្មីនៃគ្រួសារហ្វ្រង់កូហ្វូនីនៅតំបន់អាស៊ី បន្ទាប់ពីកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រនៅទីក្រុងហាណូយ កាលពីជិត ៣០ឆ្នាំមុន។ ឯកឧត្តមបានសង្កត់ធ្ងន់ថា កិច្ចប្រជុំនេះរៀបចំឡើងក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» ដែលឆ្លុះបញ្ចាំងពីភាពចាំបាច់ក្នុងការស្តារទំនុកចិត្ត និងការវិនិយោគឡើងវិញលើសន្តិភាពសកល។

ប្រមុខការទូតកម្ពុជាបានបញ្ជាក់បន្ថែមអំពីគោលបំណងពិតប្រាកដរបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះថា៖ «ក្រៅពីការលើកស្ទួយភាសាបារាំង កម្ពុជាមានបំណងនឹងធ្វើឱ្យកិច្ចប្រជុំកំពូលនេះក្លាយជាឱកាសនៃការខិតចូលគ្នារវាងប្រជាជននៃទ្វីបទាំងអស់ ជុំវិញតម្លៃរួម៖ សន្តិភាព ការគោរពភាពចម្រុះបែប ការសន្ទនារវាងវប្បធម៌ សាមគ្គីភាព ការយោគយល់គ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការ»។

ជាមួយគ្នានេះ ឯកឧត្តម ប្រាក់ សុខុន ក៏បានរំលេចពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះពហុភាគីនិយម ដោយលើកឡើងថា រដ្ឋសមាជិកគ្រប់រូប មិនថាធំឬតូច អភិវឌ្ឍន៍ឬកំពុងអភិវឌ្ឍ ត្រូវតែមានសំឡេង និងសេចក្តីថ្លៃថ្នូរស្មើគ្នានៅលើឆាកអន្តរជាតិ ដូចដែលកម្ពុជាបានបង្ហាញតាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាង ១០.០០០នាក់ ទៅចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិក្នុងរយៈពេល ២០ឆ្នាំកន្លងមក។

ការរំលឹកឡើងវិញនូវប្រសាសន៍ផ្លូវការរបស់ប្រមុខការទូតកម្ពុជានៅលើវេទិកាអង្គការសហប្រជាជាតិនេះ បានបង្ហាញឱ្យឃើញពីភាពខុសគ្នារវាងក្តីបារម្ភរបស់រដ្ឋមន្ត្រីការបរទេសថៃ លោក សីហាស័ក្ដ ភួងកេតកែវ ដែលបានថ្លែងកាលពីថ្ងៃទី១០ ខែវិច្ឆិកា ដោយជំរុញកុំឱ្យកម្ពុជាយកបញ្ហាជម្លោះព្រំដែនមកពិភាក្សាក្នុងកិច្ចប្រជុំនេះ ជាមួយនឹងផែនការយុទ្ធសាស្ត្រជាក់ស្តែងរបស់កម្ពុជា ដែលផ្តោតលើការទទួលស្វាគមន៍ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជុំវិញពិភពលោក ដើម្បីជំរុញកិច្ចសន្ទនាសន្តិភាព និងកិច្ចសហប្រតិបត្តិការពហុភាគី៕

Share.