កម្លាំងសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ មុខរបរជាអ្នកដឹកជញ្ជូនម្ហូប បន្ទាប់ពីរូបគេបានប្រើល្បិចធ្វើជាសួរផ្លូវ រួចធ្វើសកម្មភាពប្រទូស្តកេរខ្មាស និងបំពានលើរាងកាយស្ត្រីរងគ្រោះម្នាក់ ខណៈមេឃកំពុងភ្លៀងនិងស្ថិតនៅទីតាំងស្ងាត់ជ្រងំ ក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ។
ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាននៅចំណុចសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ រិទ្ធ សុភារុន ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នកដឹកជញ្ជូនម្ហូប បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលតាមបណ្តោយផ្លូវ៣៧១ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។
គួររំលឹកថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២១ និង ៥៧ នាទីយប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចផ្លូវ 13BT ភូមិសន្សំកុសលទី៥ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ។ នៅពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូមកឈប់ ដោយធ្វើពុតជាវង្វេងផ្លូវ រួចហៅសួរនាំស្ត្រីរងគ្រោះ ដែលស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុ។ ឆ្លៀតឱកាសដែលមេឃកំពុងភ្លៀង និងពុំសូវមានមនុស្សឆ្លងកាត់ ជនសង្ស័យក៏បានធ្វើសកម្មភាពបំពានលើរាងកាយស្ត្រីរងគ្រោះ រួចជិះម៉ូតូគេចខ្លួនបាត់ស្រមោល។


លុះដល់ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ត្រីរងគ្រោះបានអញ្ជើញទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី១ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ទើបឈានដល់ការកំណត់មុខសញ្ញា និងឃាត់ខ្លួនបានភ្លាមៗតែម្តង។ បច្ចុប្បន្ន ជនសង្ស័យកំពុងស្ថិតក្រោមការសាកសួរ និងកសាងសំណុំរឿងនៅការិយាល័យជំនាញ ដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី៕

