ភ្នំពេញ៖ ក្រសែភ្នែកមហាជន និងអ្នកតាមដានស្ថានការណ៍តំបន់កំពុងផ្តោតការយកចិត្តទុកដាក់ និងរង់ចាំអ៊ុតមើលលទ្ធផលយ៉ាងអន្ទះសា ចំពោះកិច្ចប្រជុំផ្សះផ្សាលើកទី៣ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។

យោងតាមសេចក្តីប្រកាសរបស់តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) គណៈកម្មការផ្សះផ្សាដែលត្រូវបានបង្កើតឡើងក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញា UNCLOS នឹងរៀបចំកិច្ចប្រជុំលើកទី៣ នេះឡើង ដើម្បីបន្តពិភាក្សាលើការកំណត់ព្រំដែនសមុទ្ររវាងប្រទេសទាំងពីរ ដោយផ្តោតសំខាន់លើទិដ្ឋភាពបច្ចេកទេស និងស្វែងរកចំណុចរួមបន្ថែមទៀត ផ្អែកលើលទ្ធផលនៃកិច្ចប្រជុំលើកមុននៅទីក្រុងឡាអេ កាលពីខែតុលា ឆ្នាំ២០២៦។

សម្រាប់បេសកកម្មការទូត និងច្បាប់ដ៏មានសារៈសំខាន់នេះ គណៈប្រតិភូជាន់ខ្ពស់កម្ពុជានឹងដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមតំណាងរាជរដ្ឋាភិបាល, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាប្រធានក្រុមចរចា និង ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុកលេខាធិការដ្ឋានកិច្ចការព្រំដែន ជាតំណាងរងរបស់រាជរដ្ឋាភិបាល ព្រមទាំងមានការអមដំណើរដោយក្រុមការងារបច្ចេកទេស និងអ្នកជំនាញផ្នែកច្បាប់អន្តរជាតិផងដែរ។

គួររំលឹកថា តាមរយៈដំណើរការផ្សះផ្សាដោយសន្តិវិធីដែលផ្តួចផ្តើមឡើងដោយកម្ពុជានេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលបំណងច្បាស់លាស់ចំនួន ៣ ដំណាក់កាល៖

ជម្រើសទី១៖ ឈានទៅដល់ការចុះសន្ធិសញ្ញាជាមួយប្រទេសថៃ ដើម្បីកំណត់ព្រំដែនសមុទ្រតែមួយ សម្រាប់គ្រប់គោលបំណងរវាងរដ្ឋទាំងពីរ។

ជម្រើសទី២៖ ឈានទៅដល់កិច្ចព្រមព្រៀងស្តីពីការអភិវឌ្ឍរួម និងការបែងចែកធនធានដោយសមធម៌ ក្នុងអំឡុងពេលរង់ចាំការព្រមព្រៀងជាស្ថាពរលើព្រំដែនសមុទ្រ។

ជម្រើសទី៣៖ ក្នុងករណីជម្រើសទាំងពីរខាងលើពុំទាន់អាចសម្រេចបាន កម្ពុជានឹងស្នើសុំឱ្យគណៈកម្មការផ្សះផ្សារៀបចំអនុសាសន៍ផ្លូវការ ដើម្បីប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការចរចានៅពេលអនាគត ដោយអនុលោមតាមកាតព្វកិច្ចក្រោមច្បាប់ UNCLOS។

សូមជម្រាបថា កម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះវិធានការកសាងទំនុកចិត្ត និងត្រៀមខ្លួនចូលរួមក្នុងកិច្ចប្រជុំនៅទីក្រុងគូឡាឡាំពួ ដោយឈរលើស្មារតីសុចរិតភាព កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក ដើម្បីនាំមកនូវដំណោះស្រាយមួយដ៏យុត្តិធម៌ ផ្អែកលើច្បាប់អន្តរជាតិ និងស្ថិតស្ថិរយូរអង្វែងសម្រាប់ប្រជាជាតិទាំងពីរ៕

Share.