
ភ្នំពេញ៖ ខណៈដែលរដ្ឋាភិបាលទីក្រុងបាងកក តាមរយៈរដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ បានព្យាយាមបិទមាត់ និងព្រមានរារាំងកម្ពុជាជាមុន មិនឱ្យលើកយកបញ្ហាជម្លោះព្រំដែនមកនិយាយនៅលើវេទិកាអន្តរជាតិ ជាពិសេសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីក៏ដោយ ក៏ការពិតមិនអាចបិទបាំងភ្នែកពិភពលោកបានឡើយ។ ផ្ទុយទៅវិញ មេដឹកនាំមហាអំណាចសេដ្ឋកិច្ចលេខ១ របស់ពិភពលោក គឺប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចេញមុខនិយាយរំលឹកអំពីបញ្ហាព្រំដែន និងកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នៅចំពោះមុខមេដឹកនាំពិភពលោកធំៗ ដល់ទៅ ២លើកផ្ទួនៗគ្នា ធ្វើឱ្យភាគីថៃត្រូវអាម៉ាស់មុខ និងទាល់ច្រកនៅលើឆាកអន្តរជាតិ។
សកម្មភាពលើកយកបញ្ហាព្រំដែនកម្ពុជា-ថៃ មកលាតត្រដាងជាសាធារណៈដោយផ្ទាល់មាត់របស់លោក ដូណាល់ ត្រាំ នៅលើវេទិកាកំពូលៗរបស់ពិភពលោក រួមមាន៖
លើកទី ១៖ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក នាទីក្រុងម៉ានីល ប្រទេសហ្វីលីពីន
ក្នុងអំឡុងពេលថ្លែងសុន្ទរកថាផ្លូវការនៅចំពោះមុខប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលអាស៊ាន លោកប្រធានាធិបតី ដូណាល់ ត្រាំ បានរំលឹកឡើងវិញយ៉ាងច្បាស់ៗអំពី «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួ» ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រវាងកម្ពុជា និងថៃ ក្រោមសក្ខីភាពរបស់រូបលោកផ្ទាល់ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim)។ លោក ត្រាំ បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការរក្សាសុពលភាពបទឈប់បាញ់ ការដកអាវុធធុនធ្ងន់ក្រោមការត្រួតពិនិត្យរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងការដោះស្រាយព្រំដែនដោយសន្តិវិធីតាមច្បាប់អន្តរជាតិ។ ជាមួយគ្នានេះ លោកក៏បានកោតសរសើរ និងកត់សម្គាល់ពីការដឹងគុណរបស់កម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងសន្តិភាពនេះផងដែរ។

លើកទី ២៖ នៅក្នុងកិច្ចប្រជុំកំពូល APEC នាទីក្រុងសិនជិន ប្រទេសចិន (ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦)
នៅចំពោះមុខមេដឹកនាំសេដ្ឋកិច្ចពិភពលោកទាំង ២១ លោក ដូណាល់ ត្រាំ បានបន្តលើកយករឿងនេះមកនិយាយជាថ្មីម្តងទៀត ដោយថ្លែងថា៖ «កាលពីមួយឆ្នាំមុន យើងបានជួយសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងថៃ ដែលធ្វើឱ្យប្រជាពលរដ្ឋរាប់មិនអស់ បានវិលត្រឡប់ទៅផ្ទះសម្បែងវិញ»។ អ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍បំផុតនោះ គឺលោក ត្រាំ បានលូកដៃទៅប៉ះនាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈកុល រួចសួរចំៗថា៖ «តើពិតមែនទេ?»។
សំណួរដ៏មុតស្រួចរបស់មេដឹកនាំអាមេរិកមួយឃ្លានេះ បានធ្វើឱ្យទឹកមុខរបស់នាយករដ្ឋមន្ត្រីថៃនាយកណ្ដុរ អនុទីន ធ្លាក់ចុះ និងសើចលែងសមភ្លាមៗ ព្រោះខ្លួនឯងដឹងច្បាស់ពីការពិតដ៏អាម៉ាស់ថា យោធាថៃមិនបានគោរពតាមកិច្ចព្រមព្រៀងឡើយ។ ជាក់ស្តែង រហូតមកទល់ពេលនេះ ជនភៀសសឹកកម្ពុជាប្រមាណ ២០.០០០ នាក់ នៅតែពុំទាន់អាចវិលត្រឡប់ទៅកាន់ភូមិដ្ឋានកំណើតរបស់ពួកគេវិញបាននៅឡើយ ដោយសារតែយោធាថៃបានយកទូកុងតឺន័រមកដាក់បិទផ្លូវ រាយបន្លាលួស បង្កប់គ្រាប់មីនរារាំង និងបន្តឈរជើងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ ព្រមទាំងបានបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ និងកែប្រែស្ថានភាពដើមនៅលើដីថែមទៀតផង។

គួរកត់សម្គាល់ថា ប្រសិនបើរាប់បញ្ចូលទាំងការលើកឡើងក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយថៃ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ផងនោះ គឺមានរហូតដល់ទៅ ៣លើកហើយ ក្នុងរយៈពេលត្រឹមតែ ៤ថ្ងៃប៉ុណ្ណោះ ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានទាញបញ្ហាព្រំដែនកម្ពុជា-ថៃ មករំលឹកនៅលើឆាកអន្តរជាតិ។ នេះគឺជាការទះកំផ្លៀងផ្នែកការទូតយ៉ាងចាស់ដៃទៅលើរដ្ឋាភិបាលថៃ ដែលព្យាយាមបិទបាំងទង្វើឈ្លានពាន និងរំលោភបំពានកិច្ចព្រមព្រៀងសន្តិភាពរបស់ខ្លួន ពីក្រសែភ្នែកសហគមន៍អន្តរជាតិ៕

