ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី៣ ចាប់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពលួចទូរស័ព្ទ២គ្រឿង ពីកម្មការនីរោងចក្រ បានសម្រេចហើយគេចខ្លួន លុះតាមទាន់ សុំយកវិញ បែជាជនសង្ស័យដាក់លក្ខខណ្ឌ គម្រាម ទាមទារឱ្យជនរងគ្រោះថតបង្ហាញកេរ្តិ៍ខ្មាស់ និងបាញ់លុយចូលកុងពួកគេ ទើបព្រមប្រគល់ទូរស័ព្ទ ក្តៅចិត្តប្តឹងសមត្ថកិច្ចចាប់ខ្លួនទាំង២នាក់តែម្តង កាលពីវេលាម៉ោង១២និង២០នាទីរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង២នាក់ ទី១ ឈ្មោះ ចាន់ ឌី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ។ ទី២ ឈ្មោះ ពៅ ករុណា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

ចំណែកជនរងគ្រោះជាដើមបណ្តឹង មានគ្នា២នាក់ ទី១ ឈ្មោះ សៀង ឡៃស័ង ភេទស្រី អាយុ២៥ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួល ជាន់ទី២ ភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ទី២ ឈ្មោះ នី រីតា ភេទស្រី អាយុ២២ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួលជាមួយគ្នា ។ ទូរស័ព្ទ២គ្រឿងដែលជនសង្ស័យលួចយក ម៉ាក I phone xs max ។

តាមជនរងគ្រោះបានឱ្យដឹងថា កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់វិលពីរោងចក្រវិញ នាំគ្នាទៅរកទិញប្រហិតហូប រួចចូលក្នុងបន្ទប់ ដេកចុចទូរស័ព្ទម្នាក់មួយលេង រហូតដល់ដេកលង់លក់ ទាំងមិនបានបិទទ្វារបន្ទប់ លុះដល់ពេលដឹងខ្លួនស្រាប់តែបាត់ទូរស័ព្ទទាំង២គ្រឿង ទើបផ្អើលឆោឡោ ពិនិត្យឆែកមើលតាមប្រព័ន្ធGPS ឃើញទូរស័ព្ទលោតសញ្ញាបង្ហាញនៅដីវាលមួយកន្លែង ផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ក៏ទៅតាមស្វែងរកឃើញជនសង្ស័យទាំង២នាក់មែន លយះស្នើសុំទូរស័ព្ទមកវិញ បែជាលោកចោរ ដាក់លក្ខខណ្ឌដោយគម្រាម បើចង់បានទូរស័ព្ទវិញ លុះត្រាណា ទាំង២នាក់ ថតបង្ហាញកេរ្តិ៍ខ្មាស់ និងបាញ់លុយឱ្យពួកគេ ទើបព្រមប្រគល់ទូរស័ព្ទឱ្យវិញ ។ លក្ខខណ្ឌលោកចោរ ហាក់បីដូចជាអសិលធម៌ពេក ក្តៅចិត្តរត់ទៅប្តឹងសម្ថកិច្ច នៅវេលាម៉ោង១២និង២០នាទីរសៀលថ្ងៃដដែល កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ចុះទៅអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យបានទាំង២នាក់ ។

ជនសង្ស័យទាំង២នាក់ ត្រូវបានចាប់ខ្លួននាំយកទៅប៉ុស្តិ៍នគរបាលចោមចៅទី៣ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌចាត់ការបន្តតាមនីតិវិធី រីឯទូរស័ព្ទទាំង២គ្រឿងដកហូតបាន សមត្ថកិច្ចប្រគល់ជូនជនរងគ្រោះយកទៅប្រើប្រាស់វិញ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.