ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ដែលគ្រោងនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ ទោះជាយ៉ាងណា ការរៀបចំពិធីបុណ្យនេះនៅតាមបណ្តាខេត្តនានា អាចប្រព្រឹត្តទៅជាធម្មតា តាមទំនៀមទម្លាប់ប្រពៃណី និងលទ្ធភាពជាក់ស្តែងរបស់អាជ្ញាធរ និងប្រជាពលរដ្ឋ។

យោងតាមសារាចររបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ បានបញ្ជាក់ថា ការសម្រេចនេះធ្វើឡើងក្នុងបរិបទដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ខ្ពស់លើស្ថានការណ៍ចំពោះមុខនៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសការដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋភៀសសឹក ព្រមទាំងកិច្ចការអាទិភាពចំពោះមុខមួយចំនួនទៀត ។ ទន្ទឹមនឹងការផ្អាកការប្រារព្ធពិធីនៅរាជធានីភ្នំពេញ រាជរដ្ឋាភិបាលបានបញ្ជាក់ថា ការឈប់សម្រាករបស់មន្ត្រីរាជការ និយោជិត និងកម្មករ ចំនួន៣ថ្ងៃ ក្នុងឱកាសព្រះរាជពិធីនេះ នៅរក្សាដដែល តាមប្រតិទិនឈប់សម្រាកការងារប្រចាំឆ្នាំ២០២៦ ដែលមានចែងក្នុងអនុក្រឹត្យលេខ១៦៧ អនក្រ.បក ចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានណែនាំឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងរដ្ឋបាលរាជធានី-ខេត្ត បន្តយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ព្រមទាំងសហការដោះស្រាយបញ្ហានានាជូនយុទ្ធជន និងគ្រួសារយុទ្ធជនដែលរងរបួស ពលី និងកំពុងឈរជើងការពារទឹកដី ព្រមទាំងអតីតយុទ្ធជននៅតាមមូលដ្ឋានរៀងៗខ្លួន។ ចំពោះពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ រាជរដ្ឋាភិបាលបានណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលដល់ការស្វែងរកការងារធ្វើ ព្រមទាំងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីផ្សព្វផ្សាយឱកាសការងារដល់ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរនៅតាមមូលដ្ឋាននីមួយៗ។

ក្រៅពីនេះ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី-ខេត្ត ត្រូវបន្តយកចិត្តទុកដាក់លើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន រក្សាស្ថិរភាពថ្លៃ ខ្សែច្រវាក់ផលិតកម្ម និងការផ្គត់ផ្គង់ គាំទ្រការផលិតក្នុងស្រុក ព្រមទាំងដោះស្រាយបញ្ហារាំងស្ទះដល់សកម្មភាពផលិតកម្ម អាជីវកម្ម និងការវិនិយោគ។ ជាពិសេស ត្រូវបន្តពង្រឹងការត្រៀមបង្ការគ្រោះធម្មជាតិ ដូចជាគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ព្រមទាំងចាត់វិធានការរក្សាទឹកទុកឱ្យបានច្រើន ដើម្បីត្រៀមបង្ការការខ្វះខាតទឹក និងការកើនឡើងកម្ដៅនៅរដូវប្រាំងឆ្នាំ២០២៧ ដែលអាចអូសបន្លាយរយៈពេលយូរ ដោយសារឥទ្ធិពលបាតុភូតអែលនីញ៉ូ (El Niño)។

ជាមួយគ្នានេះ ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។ គួរបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ជាពិធីបុណ្យប្រពៃណីជាតិដ៏សំខាន់មួយរបស់កម្ពុជា ដែលតែងប្រារព្ធឡើងរយៈពេល៣ថ្ងៃ នៅថ្ងៃ១៤កើត ១៥កើត និង១រោច ខែកត្តិក ជារៀងរាល់ឆ្នាំ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យប្រពៃណីជាតិ និងបន្តថែរក្សាទំនៀមទម្លាប់ដ៏ប្រពៃរបស់ខ្មែរ។

