ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី២៥ ខែវិច្ឆិកា នេះ បានប្រកាសស្នើដាក់ពន្ធគយថ្មីលើដៃគូពាណិជ្ជកម្មសំខាន់ៗ ចំនួន ១៤ រួមមានប្រទេសចិន សហភាពអឺរ៉ុប ជប៉ុន កូរ៉េខាងត្បូង កោះតៃវ៉ាន់ ឥណ្ឌា ស្វីស បង់ក្លាដែស និងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ជាច្រើនដូចជា សិង្ហបុរី វៀតណាម ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងប្រទេសកម្ពុជាផងដែរ។

វិធានការនេះបង្ហាញឱ្យឃើញថា បើទោះបីជាគណបក្សសាធារណរដ្ឋរបស់លោកបានទទួលបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិកក៏ដោយ ក៏សេតវិមាននៅតែបន្តជំរុញគោលនយោបាយគាំពារនិយមពាណិជ្ជកម្មយ៉ាងរឹងមាំ ដោយផ្អែកលើការស៊ើបអង្កេតផ្នែកឧស្សាហកម្ម និងក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានស្រាប់។

ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ហៅកាត់ថា USTR បានបញ្ជាក់ថា រដ្ឋបាលលោក ត្រាំ បានស្នើអត្រាពន្ធថ្មីក្នុងកម្រិតចាប់ពី ២០ភាគរយ ដល់ ៤០ភាគរយ ក្រោមការស៊ើបអង្កេតសំខាន់មួយហៅថា «មាត្រា ៣០១» ពាក់ព័ន្ធនឹងបញ្ហាសមត្ថភាពផលិតកម្មលើសកម្រិត។ ប៉ុន្តែ អត្រាពន្ធទាំងនេះនឹងត្រូវកំណត់ត្រឹមកម្រិតទាបជាងនេះ ស្របតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានចុះហត្ថលេខារួចហើយ ឬកិច្ចព្រមព្រៀងដែលកំពុងស្ថិតក្នុងដំណាក់កាលចរចា។

ក្រោមយន្តការនេះ ប្រទេសចិននឹងត្រូវប្រឈមនឹងអត្រាពន្ធកំណត់ខ្ពស់បំផុត ២០ភាគរយ ដែលស្របតាមកិច្ចព្រមព្រៀងផ្អាកជម្លោះពាណិជ្ជកម្មរយៈពេលមួយឆ្នាំរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ដែលនឹងផុតកំណត់នៅថ្ងៃទី១០ ខែមករា ខាងមុខ។ អត្រានេះនឹងត្រូវបូកបន្ថែមពីលើពន្ធប្រមាណជា ២៥ភាគរយដែលបានដាក់រួចហើយកាលពីអាណត្តិទីមួយរបស់លោក ត្រាំ។ ប៉ុន្តែ ប្រសិនបើកិច្ចព្រមព្រៀងផ្អាកជម្លោះពាណិជ្ជកម្មថ្មីដួលរលំ អត្រាពន្ធសម្រាប់ចិនអាចនឹងកើនឡើងរហូតដល់ប្រមាណ ៤០ភាគរយ។ យ៉ាងណាក៏ដោយ ទំនិញនាំចូលរបស់ចិនប្រមាណ ៣០ពាន់លានដុល្លារ ដែលកំពុងស្ថិតក្រោមការពិចារណាកាត់បន្ថយពន្ធតាមយន្តការទ្វេភាគី នឹងមិនរងផលប៉ះពាល់ដោយពន្ធថ្មីនេះឡើយ។

ងាកមកប្រទេសវៀតណាមវិញ នឹងត្រូវប្រឈមនឹងអត្រាពន្ធ ២០ភាគរយ ប្រសិនបើអាចសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ប៉ុន្តែអត្រានេះនឹងកើនដល់ ៣៥ភាគរយ ប្រសិនបើការចរចាត្រូវបរាជ័យ។ ចំពោះដៃគូពាណិជ្ជកម្មផ្សេងទៀត ពន្ធថ្មីនេះនឹងមិនលើសពីកម្រិតដែលបានព្រមព្រៀងជាមួយរដ្ឋបាលលោក ត្រាំ នោះទេ ពោលគឺនៅត្រឹមកម្រិត ១៥ភាគរយសម្រាប់សហភាពអឺរ៉ុប ជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ ព្រមទាំង ១៩ភាគរយសម្រាប់ម៉ាឡេស៊ី។ លើសពីនេះ ពន្ធទាំងនេះក៏មិនបូកបញ្ចូលពីលើពន្ធ ១០ភាគរយ ឬ ១២.៥ភាគរយ ដែលបានដាក់កាលពីខែកក្កដា លើដៃគូពាណិជ្ជកម្ម ៦០ ប្រទេស ជុំវិញច្បាប់ប្រឆាំងពលកម្មបង្ខំផងដែរ។ ដោយឡែក ប្រទេសម៉ិកស៊ិក និងន័រវែស ត្រូវបានដកចេញពីសំណើពន្ធនេះជាបណ្តោះអាសន្ន ដោយសារការស៊ើបអង្កេតលើប្រទេសទាំងពីរកំពុងបន្ត។

គួរកត់សម្គាល់ថា ការស៊ើបអង្កេតរបស់ USTR ក៏បានផ្តោតផ្នែកខ្លះទៅលើការវិនិយោគរបស់ចិននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ រួមមាន វៀតណាម ឥណ្ឌូណេស៊ី និងកម្ពុជា ដែលត្រូវបានប្រើប្រាស់ជាមូលដ្ឋានផលិតកម្មដើម្បីនាំចូលទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងគេចផុតពីរបាំងពន្ធគយកាលពីមុន។ ទន្ទឹមនឹងនេះ USTR ក៏បានស្នើដាក់ពន្ធថ្មី ១០ភាគរយលើការនាំចូលយន្តហោះពាណិជ្ជកម្ម Embraer ពីប្រទេសប្រេស៊ីល និងដំឡើងពន្ធលើស្ករសប្រេស៊ីលដែលនាំចូលលើសកូតាផងដែរ ដើម្បីជំរុញឱ្យរដ្ឋាភិបាលប្រេស៊ីលកែតម្រូវការអនុវត្តពាណិជ្ជកម្មដែលចោទថាអយុត្តិធម៌។

តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក ជេមីសុន គ្រៀរ បានថ្លែងថា ពន្ធថ្មីទាំងនេះនឹងមិនទាន់ចូលជាធរមានភ្លាមៗនោះទេ រហូតដល់ក្រោយមានការសម្រេចជាសាធារណៈមតិនៅថ្ងៃទី២៥ ខែមករា ខាងមុខ ហើយដៃគូពាណិជ្ជកម្មទាំងអស់ក៏បានទទួលដំណឹងរួចហើយដែរ។ លោកបញ្ជាក់ថា វិធានការនេះមានគោលបំណងទប់ទល់នឹងយុទ្ធសាស្ត្រឧស្សាហកម្ម ការគាបសង្កត់ប្រាក់ឈ្នួល និងកម្លាំងពលកម្ម ការផ្តល់ជំនួយហិរញ្ញវត្ថុ និងការអនុវត្តផ្សេងៗទៀតដែលបង្កការរំខានដល់ទីផ្សារ និងប៉ះពាល់ដល់មូលដ្ឋានផលិតកម្មរបស់សហរដ្ឋអាមេរិក៕

ប្រភព៖ CNA

Share.