យោងតាមសារព័ត៌មានក្នុងស្រុកថៃ Khaosod បានឱ្យដឹងថា មានហេតុការណ៍ផ្ទុះរោងចក្រចម្រាញ់ប្រេងមួយកន្លែងក្នុងទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយបង្កឱ្យមានអណ្តាតភ្លើងសន្ធោសន្ធៅ អមដោយដុំផ្សែងខ្មៅក្រាស់ឃ្មឹកហុយឡើងលើផ្ទៃមេឃ។

បន្ទាប់ពីកើតហេតុភ្លាមៗ អាជ្ញាធរប្រចាំតំបន់បាងណា បានចេញសេចក្តីជូនដំណឹងបន្ទាន់លើទំព័រហ្វេសប៊ុកផ្លូវការ ដោយលើកឡើងថា៖ «ហេតុការណ៍ផ្ទុះ បានកើតឡើងនៅរោងចក្រប្រេងបាងចាក់ក្រុងបាងកក។ អាស្រ័យហេតុនេះ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន សាធារណជនទាំងអស់ ដែលស្ថិតក្នុងបរិវេណជុំវិញទីតាំងនោះ ត្រូវបានណែនាំឱ្យជម្លៀសទៅកាន់កន្លែងសុវត្ថិភាពជាបន្ទាន់»។

ទន្ទឹមនឹងការប្រកាសឱ្យប្រជាពលរដ្ឋនៅក្បែរតំបន់កើតហេតុប្រញាប់រុះរើ និងជម្លៀសខ្លួនចេញ ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុ សកម្មភាពនៃអណ្តាតភ្លើង និងផ្សែងខ្មៅធំៗបានបង្កឱ្យមានការចាប់អារម្មណ៍ និងការព្រួយបារម្ភយ៉ាងខ្លាំងដល់អ្នករស់នៅតំបន់ជុំវិញនោះ ខណៈព័ត៌មានលម្អិតបន្ថែមអំពីមូលហេតុ និងផលប៉ះពាល់ពិតប្រាកដ កំពុងស្ថិតក្រោមការតាមដាន និងការត្រួតពិនិត្យបន្ត៕

