ការដាក់ពង្រាយយន្តហោះចម្បាំងទំនើបៗជាច្រើនគ្រឿង ដើម្បីអនុវត្តការទម្លាក់គ្រាប់បែកទម្ងន់ ៥០០ផោន នៅទីលានហ្វឹកហ្វឺនយុទ្ធសាស្ត្រឆៃបាដាន ខេត្តលុបបុរី នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការចូលរួមពីនាយករដ្ឋមន្ត្រីថៃ អនុទីន ចានវីរៈគុល ក្នុងឈុតអ្នកបើកយន្តហោះចម្បាំងបានបង្ហាញពីភាពហ៊ឺហារបស់វិស័យយោធាថៃ។ ប៉ុន្តែនៅពីក្រោយផ្ទាំងទស្សនីយភាពដ៏គគ្រឹកគគ្រេងនេះ ការប្រើប្រាស់ថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលើយុទ្ធោបករណ៍ទំនើបៗ និងសមយុទ្ធបង្ហាញសាច់ដុំបែបនេះ កំពុងរងការរិះគន់យ៉ាងចាស់ដៃ ក្នុងពេលដែលប្រជាពលរដ្ឋថៃមួយចំនួនធំកំពុងត្អូញត្អែរពីវិបត្តិជីវភាព និងបញ្ហាសេដ្ឋកិច្ចប្រចាំថ្ងៃ។


ក្នុងប្រតិបត្តិការវាយតម្លៃប្រតិបត្តិការផ្លូវអាកាសយុទ្ធសាស្ត្រប្រចាំឆ្នាំ២០២៧ នេះ កងទ័ពអាកាសថៃបានបញ្ចេញសព្វាវុធធុនធ្ងន់ និងយន្តហោះចម្បាំងតម្លៃរាប់រយលានដុល្លារ ដូចជា Gripen, F-16, F-5 និង T-50TH មកហោះហើរ និងទម្លាក់គ្រាប់បែកទម្ងន់ប្រមាណ ២២៦គីឡូក្រាម ដើម្បីបង្អួតសមត្ថភាព។ ជាការពិតណាស់ រាល់ការហោះហើរម្តងៗ របស់យន្តហោះចម្បាំងទាំងនេះ រួមជាមួយនឹងការប្រើប្រាស់គ្រាប់បែកពិត និងប្រេងឥន្ធនៈ សុទ្ធតែជាការដុតបំផ្លាញថវិកាជាតិយ៉ាងមហាសាល ដែលបានមកពីញើសឈាម និងពន្ធដាររបស់ប្រជាពលរដ្ឋ។


ផ្ទុយទៅនឹងភាពហ៊ឺហានៅលើទីលានហ្វឹកហ្វឺនយោធា ប្រជាពលរដ្ឋថៃនៅតាមមូលដ្ឋានជាច្រើនកំពុងប្រឈមមុខនឹងបន្ទុកចំណាយកើនឡើង ប្រាក់ចំណូលធ្លាក់ចុះ បំណុលគ្រួសារវ័ណ្ឌក និងភាពមិនប្រាកដប្រជានៃទីផ្សារការងារ។







ទង្វើនេះត្រូវបានគេមើលឃើញថា ជាការផ្តល់អាទិភាពលើការកសាងរូបភាពនយោបាយ និងការគាំទ្រឥទ្ធិពលយោធានិយម ជាជាងការយកចិត្តទុកដាក់ដោះស្រាយបញ្ហាក្រពះរបស់ប្រជាជន។ ការបង្ហាញភាពខ្លាំងក្លាតាមរយៈការចាយលុយលើយុទ្ធោបករណ៍ទំនើបៗ មិនអាចជួយឱ្យពលរដ្ឋមានអាហារហូបចុកគ្រប់គ្រាន់ ឬកាត់បន្ថយបន្ទុកជីវភាពបានឡើយ ប៉ុន្តែវាបង្ហាញយ៉ាងច្បាស់ពីគម្លាតដ៏ធំធេងរវាងមហិច្ឆតាយោធារបស់អ្នកដឹកនាំ និងទុក្ខលំបាកជាក់ស្តែងរបស់ប្រជាពលរដ្ឋ៕

