ក្រចេះ៖ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តក្រចេះ បានបន្តចុះល្បាត និងពង្រឹងការអនុវត្តច្បាប់នៅក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» ក្នុងភូមិសាស្ត្រឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដោយបានរកឃើញស្លាកស្នាមត្រួសត្រាយដីព្រៃនៅចំណុចមួយចំនួន ព្រមទាំងប្រទះឃើញជនសង្ស័យ៥នាក់កំពុងបាញ់ថ្នាំស្មៅ និងកាត់ស្មៅក្នុងតំបន់ការពារ ប៉ុន្តែពួកគេបានរត់គេចខ្លួនចូលក្នុងព្រៃ ដោយបន្សល់ទុកវត្ថុតាងមួយចំនួននៅកន្លែងកើតហេតុ។

ប្រតិបត្តិការនេះធ្វើឡើងចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីមន្ត្រីជំនាញទទួលបានសេចក្តីរាយការណ៍អំពីករណីទន្ទ្រានដីព្រៃក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦។ ទោះបីជាស្ថិតក្នុងអំឡុងពេលឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក៏មន្ត្រីឧទ្យានុរក្សនៅតែបន្តបំពេញភារកិច្ច ដើម្បីតាមដាន និងទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅក្នុងតំបន់ការពារ។

តាមរបាយការណ៍ប្រតិបត្តិការ ក្រុមការងារបានចុះត្រួតពិនិត្យតាមគោលដៅសំខាន់ៗចំនួន៦ ក្នុងភូមិសាស្ត្រឃុំកំពង់ចាម ស្រុកសំបូរ ជាលទ្ធផល នៅចំណុចលេខ៦ ហៅអូរក្បាលបេង ចំណុចលេខ៧ ហៅក្បាលអូរស្ងាត់ និងចំណុចលេខ៨ ហៅចុងអូរស្ងាត់ មន្ត្រីជំនាញពុំបានរកឃើញស្លាកស្នាមនៃការកាប់រាន ឬត្រួសត្រាយដីព្រៃនោះទេ។ ទោះជាយ៉ាងណា ក្រុមការងារបានបោះស្លាកហាមឃាត់ចំនួនមួយស្លាកនៅតាមទីតាំងនីមួយៗ ដើម្បីផ្សព្វផ្សាយ និងទប់ស្កាត់ការប្រព្រឹត្តបទល្មើស។
ដោយឡែក នៅចំណុចអូរសាឡុង ក្រុមការងារបានពិនិត្យឃើញស្លាកស្នាមត្រួសត្រាយជើងក្រោមព្រៃ មានទំហំប្រមាណ២០អា ខណៈនៅចំណុចអូរស្ទឹងក្រូច ក៏បានរកឃើញស្លាកស្នាមត្រួសត្រាយជើងក្រោមព្រៃក្នុងទំហំប្រមាណ៣០អាផងដែរ។ នៅទីតាំងទាំងពីរនេះ មន្ត្រីឧទ្យានុរក្សបានដាក់ស្លាកហាមឃាត់មួយស្លាកក្នុងមួយទីតាំង ដើម្បីចូលរួមការពារដីព្រៃ និងទប់ស្កាត់ការពង្រីកការទន្ទ្រានបន្ថែម។

ចំណែកនៅចំណុចដំរីផុង ប្រតិបត្តិការចុះល្បាតបានប្រទះឃើញជនសង្ស័យចំនួន៥នាក់ កំពុងធ្វើសកម្មភាពបាញ់ថ្នាំស្មៅ និងកាត់ស្មៅ។ ប៉ុន្តែពេលក្រុមការងារចុះទៅដល់ ជនសង្ស័យទាំងនោះបានរត់គេចខ្លួនចូលក្នុងព្រៃ ដោយបន្សល់ទុកវត្ថុតាងនៅកន្លែងកើតហេតុ រួមមាន ម៉ាស៊ីនកាត់ស្មៅចំនួន២គ្រឿង និងធុងបាញ់ថ្នាំចំនួន៣ធុង។

បច្ចុប្បន្ន វត្ថុតាងទាំងនោះត្រូវបានក្រុមការងារប្រមូលយកទៅរក្សាទុកនៅស្នាក់ការគម្ពោធគយ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ មន្ត្រីជំនាញបានបញ្ជាក់ថា នឹងបន្តពង្រឹងការចុះល្បាត ត្រួតពិនិត្យ និងចាត់វិធានការបង្ក្រាបបទល្មើសធនធានធម្មជាតិឱ្យបានម៉ឺងម៉ាត់ ដើម្បីការពារធនធានព្រៃឈើ និងជីវចម្រុះនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។
អត្ថបទ៖ចតុម្មុខ

