ត្បូងឃ្មុំ៖ ប្រជាពលរដ្ឋរស់នៅភូមិល្ងៀង និងភូមិល្វា ឃុំល្ងៀង ស្រុកត្បូងឃ្មុំ បានស្នើដល់អាជ្ញាធរខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ ឱ្យពិនិត្យដំណើរការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ បន្ទាប់ពីមានការលើកឡើងពីភាពមិនប្រក្រតីក្នុងការបើកសំណើដេញថ្លៃគម្រោងផ្លូវបេតុងអាមេមួយខ្សែ ដែលមានប្រវែង៤០០ម៉ែត្រ និងតម្លៃប៉ាន់ស្មានជាង២៤៦លានរៀល។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ការប្រជុំបើកសំណើដេញថ្លៃគម្រោងនេះ បានធ្វើឡើងកាលពីចុងសប្តាហ៍កន្លងទៅ នៅសាលាឃុំល្ងៀង ដោយមានក្រុមហ៊ុនចំនួន២០បានចុះបញ្ជីវត្តមាន ប៉ុន្តែក្នុងចំណោមនោះ មានតែក្រុមហ៊ុនចំនួន៤ប៉ុណ្ណោះ ដែលបានចូលរួមដាក់សំណើប្រកួតប្រជែង ខណៈក្រុមហ៊ុនជាង១០ផ្សេងទៀត មិនបានចូលរួមដាក់សំណើនោះទេ។

ប្រភពពីប្រជាពលរដ្ឋបានលើកឡើងថា ក្រុមហ៊ុនមួយចំនួនដែលមិនបានចូលរួមប្រកួតប្រជែង បានស្ថិតនៅក្នុងបរិវេណសាលាឃុំ និងមានការចោទប្រកាន់ថា មានការជួបពិភាក្សាគ្នាពាក់ព័ន្ធនឹងតម្លៃ និងផលប្រយោជន៍ផ្សេងៗ ក្រោយពេលបើកសំណើ។ ប្រភពដដែលក៏បានអះអាងថា ក្រុមហ៊ុនទាំងនោះបានទៅជួបជុំគ្នានៅទីតាំងស្រះចិញ្ចឹមត្រីមួយកន្លែង ស្ថិតនៅចុងភូមិល្វា ឃុំល្ងៀង បន្ទាប់ពីបញ្ចប់ការបើកសំណើផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ការលើកឡើងទាំងនេះនៅមិនទាន់មានការបញ្ជាក់ជាផ្លូវការពីសមត្ថកិច្ច ឬស្ថាប័នជំនាញនៅឡើយទេ។

ជុំវិញបញ្ហានេះ លោក កង សាមឿន មេឃុំល្ងៀង បានបញ្ជាក់ថា គម្រោងសាងសង់ផ្លូវបេតុងអាមេប្រវែង៤០០ម៉ែត្រនេះ មានតម្លៃប៉ាន់ស្មានជាង២៤៦លានរៀល ហើយក្រុមហ៊ុនដែលទទួលបានគម្រោង គឺក្រុមហ៊ុន ធួក តៃលី ដោយបានដាក់តម្លៃទាបជាងគេ ចំនួន២៣៨លានរៀល ក្នុងចំណោមក្រុមហ៊ុន៤ដែលបានដាក់សំណើ។

លោកមេឃុំបានបញ្ជាក់បន្ថែមថា ក្រុមហ៊ុនជាង១០ដែលមិនបានចូលរួមដាក់សំណើ គ្រាន់តែស្ថិតនៅខាងក្រៅបរិវេណកន្លែងបើកសំណើ ក្នុងនាមជាអ្នកសង្កេតការណ៍ប៉ុណ្ណោះ។ លោកបានអះអាងថា ដំណើរការបើកសំណើមានតម្លាភាព និងត្រឹមត្រូវតាមនីតិវិធី ហើយក្រុមហ៊ុនដែលទទួលបានគម្រោងត្រូវចុះកិច្ចសន្យាសាងសង់នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីឱ្យការដ្ឋានសាងសង់បានបញ្ចប់មុនដំណាច់ឆ្នាំ២០២៦។

ទោះជាយ៉ាងណា ប្រជាពលរដ្ឋក្នុងមូលដ្ឋាននៅតែមានចម្ងល់ចំពោះដំណើរការដេញថ្លៃនេះ និងស្នើឱ្យនាយកទីចាត់ការផែនការវិនិយោគខេត្ត រដ្ឋបាលស្រុកត្បូងឃ្មុំ ព្រមទាំងលោកអភិបាលខេត្តត្បូងឃ្មុំ ចាត់មន្ត្រីជំនាញចុះពិនិត្យ និងផ្ទៀងផ្ទាត់ដំណើរការលទ្ធកម្ម ការចូលរួមរបស់ក្រុមហ៊ុន និងការប្រើប្រាស់ថវិកាមូលនិធិឃុំ សង្កាត់ ឱ្យបានច្បាស់លាស់ ដើម្បីធានាតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពនៃការចំណាយថវិកាសាធារណៈ។

ជុំវិញការលើកឡើងនេះ សារព័ត៌មានត្រយង រង់ចាំការបកស្រាយបំភ្លឺពីមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីឱ្យសាធារណជនបានជ្រាបកាន់តែច្បាស់។

អត្ថបទ៖អាចារ្យលាក់

Share.