សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការជ្រើសរើសយកចុងឆ្នាំ២០២៩ ដើម្បីចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ជាជាងឆ្នាំ២០២៧ មិនមែនដោយសារកម្ពុជាខ្វះលក្ខខណ្ឌនោះទេ ប៉ុន្តែគឺដើម្បីទុកពេលវេលាត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ រៀបចំទីលាន និងចរចាជាមួយដៃគូពាណិជ្ជកម្ម ដើម្បីធានាថាកម្ពុជាអាចប្រកួតប្រជែងដោយរលូន «ទាំងល្អមើល ទាំងល្អស៊ី» និងប្រែក្លាយបញ្ហាប្រឈមទៅជាឱកាសវិនិយោគ។

ថ្លែងក្នុងវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជា ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ សម្ដេចធិបតី បានចូលរួមអបអរសាទរប្រទេសឡាវដែលបានចាកចេញពី LDC នៅឆ្នាំ២០២៦ ព្រមទាំងបានបកស្រាយបំភ្លឺចំពោះចម្ងល់របស់សាធារណជនមួយចំនួនដែលសួរអំពីមូលហេតុដែលកម្ពុជាមិនទាន់ចាកចេញនៅឆ្នាំនេះ។ សម្ដេចបានរំលឹកថា កម្ពុជាត្រូវបានចាត់ចូលជាប្រទេស LDC នៅឆ្នាំ១៩៩១ ហើយបានឆ្លងកាត់ការវាយតម្លៃបំពេញលក្ខខណ្ឌវិនិច្ឆ័យជាប់លើកទី១ នៅឆ្នាំ២០២១ និងលើកទី២ នៅឆ្នាំ២០២៤។

នាយករដ្ឋមន្ត្រីកម្ពុជាបានពន្យល់ថា ក្រោយការវាយតម្លៃអនុម័តឱ្យចាកចេញ កម្ពុជាមានជម្រើសអន្តរកាលពីរ គឺរយៈពេល ៣ឆ្នាំ (ចាកចេញនៅចុងឆ្នាំ២០២៧) និងរយៈពេល ៥ឆ្នាំ (ចាកចេញនៅចុងឆ្នាំ២០២៩)។ បន្ទាប់ពីគណៈកម្មការគោលនយោបាយបានសិក្សាវិភាគយ៉ាងល្អិតល្អន់ និងពិគ្រោះយោបល់ជាមួយដៃគូពាក់ព័ន្ធ រាជរដ្ឋាភិបាលបានសម្រេចជ្រើសរើសយករយៈពេល ៥ឆ្នាំ ដើម្បីពង្រឹងសមត្ថភាពផ្ទៃក្នុងបន្ថែមទៀត ក្រោយរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល។

សម្ដេចធិបតីបានសង្កត់ធ្ងន់ថា ការពន្យារពេល ២ឆ្នាំបន្ថែមនេះ មិនមែនដើម្បីសម្ងំស្រណុក ឬរំពឹងលើការអាណិតអាសូរពីគេនោះទេ ប៉ុន្តែជាពេលវេលាសម្រាប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងពាណិជ្ជកម្ម ធ្វើការចរចាជាមួយដៃគូ ដូចជាបណ្ដាប្រទេសនៅអឺរ៉ុប ដើម្បីរៀបចំទីលានប្រកួតប្រជែងថ្មី។ នៅពេលចាកចេញពី LDC ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងហិរញ្ញប្បទានមួយចំនួននឹងត្រូវដកចេញ ដែលតម្រូវឱ្យកម្ពុជាប្រឈមនឹងការប្រកួតប្រជែងកាន់តែតឹងរឹង ដូច្នេះការត្រៀមខ្លួនបានល្អនឹងជួយជៀសវាងភាពរអាក់រអួលដែលអាចប៉ះពាល់ដល់ការងារ និងជីវភាពប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះ សម្ដេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ជូនប្រជាពលរដ្ឋ និងវិនិយោគិនថា តាមពិតទៅ កម្ពុជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់លើសលប់រួចទៅហើយលើសូចនាករទាំងបីរបស់អង្គការសហប្រជាជាតិ។ សូចនាករទី១ គឺចំណូលជាតិសម្រាប់មនុស្សម្នាក់ (GNI per capita) ដែលលក្ខខណ្ឌតម្រូវយ៉ាងហោចណាស់ ១,២២២ ដុល្លារនៅឆ្នាំ២០២៦ ខណៈកម្ពុជាសម្រេចបានដល់ ២,៧៥០ ដុល្លារ ពោលគឺខ្ពស់ជាងលក្ខខណ្ឌតម្រូវទ្វេដង។ សូចនាករទី២ គឺសន្ទស្សន៍ទ្រព្យសម្បត្តិមនុស្ស (HAI) ដែលតម្រូវយ៉ាងហោចណាស់ ៦៦ពិន្ទុ ខណៈកម្ពុជាទទួលបាន ៧៧,៥៣ពិន្ទុ និងសូចនាករទី៣ គឺសន្ទស្សន៍ភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងបរិស្ថាន (EVI) ដែលតម្រូវឱ្យមានពិន្ទុទាបជាង ៣២ពិន្ទុ ខណៈកម្ពុជាមានត្រឹម ២២,១៥ពិន្ទុប៉ុណ្ណោះ ដែលបង្ហាញពីភាពធន់ខ្ពស់ជាងលក្ខខណ្ឌកំណត់រហូតដល់ ១០ពិន្ទុ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវកុំឱ្យសាធារណជនមើលឃើញត្រឹមតែឈ្មោះ «ប្រទេសអភិវឌ្ឍន៍តិចតួច» ដោយត្រូវពិនិត្យមើលលើតួលេខសូចនាករពិតប្រាកដ និងទិសដៅយុទ្ធសាស្ត្ររយៈពេលវែងរបស់រាជរដ្ឋាភិបាល ដែលកំពុងរៀបចំបរិស្ថានវិនិយោគឱ្យកាន់តែរឹងមាំ ដើម្បីប្រែក្លាយការចាកចេញពី LDC នៅចុងឆ្នាំ២០២៩ ទៅជាឱកាសទាក់ទាញទុនវិនិយោគ និងបង្កើតការងារថ្មីៗបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋកម្ពុជា៕

Share.