កម្លាំងសមត្ថកិច្ចខេត្តបរកែវ ប្រទេសឡាវ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងស្រុកផាឧត្តម និងស្រុកតុងភឿង កាលពីថ្ងៃទី១៨ និងទី១៩ ខែវិច្ឆិកា ដោយបានឃាត់ខ្លួនជនបរទេសសរុបចំនួន ៨០នាក់។

យោងតាមរបាយការណ៍ពីស្នងការដ្ឋានសន្តិសុខសាធារណៈខេត្តបរកែវ ជនសង្ស័យទាំងនោះរួមមាន ជនជាតិចិន ៧០នាក់ មីយ៉ាន់ម៉ា ៥នាក់ តៃវ៉ាន់ ២នាក់ វៀតណាម ២នាក់ និងហ្វីលីពីន ១នាក់ ក្នុងនោះមានស្ត្រីចំនួន ៨នាក់។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើនរួមមាន កុំព្យូទ័រលើតុ ៥៥គ្រឿង កុំព្យូទ័រយួរដៃ ៣០គ្រឿង ម៉ាស៊ីនកុំព្យូទ័រ (CPU) ១៤គ្រឿង ទូរស័ព្ទដៃ ១,៧៥៨គ្រឿង ថេប្លេត ២គ្រឿង ឯកសណ្ឋានប៉ូលិសចិន ១កំប្លេ និងឧបករណ៍ពង្រីកសេវាអ៊ីនធឺណិត ១គ្រឿង។
នៅក្នុងករណីដាច់ដោយឡែកមួយទៀត ដែលឆ្លុះបញ្ចាំងពីការរីករាលដាលនៃសកម្មភាពឧក្រិដ្ឋកម្មអនឡាញរបស់ពលរដ្ឋថៃនៅក្រៅប្រទេស អាជ្ញាធរឡាវបានចាត់វិធានការបញ្ជូនពលរដ្ឋថៃចំនួន ១៧នាក់ (ស្រី ៥ នាក់) ប្រគល់ឱ្យភាគីថៃវិញ នៅច្រកទ្វារស្ពានមិត្តភាពឡាវ-ថៃ ទី១ ក្នុងរដ្ឋធានីវៀងចន្ទន៍ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា។

ក្រុមជនជាតិថៃទាំងនេះ ត្រូវបានអាជ្ញាធរឡាវចាប់ខ្លួនបន្ទាប់ពីរកឃើញថា បានលួចលាក់ប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា ដើម្បីធ្វើសកម្មភាពឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត និងឆបោកតាមទូរគមនាគមន៍យ៉ាងសកម្មនៅលើទឹកដីឡាវ។ ការប្រគល់ខ្លួន ត្រូវបានធ្វើឡើងជាផ្លូវការ តាមរយៈអនុស្សរណៈមួយ ចុះហត្ថលេខាដោយ លោក Kaenkham Kaenthavong ប្រធានផ្នែកអន្តោប្រវេសន៍ នៅច្រកទ្វារព្រំដែនអន្តរជាតិឡាវ និង លោក Noppadon Rakchat ប្រធានការិយាល័យអន្តោប្រវេសន៍ខេត្ត Nong Khai ប្រទេសថៃ។ ករណីនេះបានបង្ហាញឱ្យឃើញថា ខណៈដែលភាគីថៃតែងតែលើកឡើងពីបញ្ហាឆបោកតាមអនឡាញនៅតាមតំបន់ព្រំដែន ពលរដ្ឋថៃខ្លួនឯងបែរជាកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការប្រព្រឹត្តបទល្មើសបច្ចេកវិទ្យានៅក្នុងប្រទេសជិតខាងទៅវិញ។
ការចាប់ខ្លួន និងបញ្ជូនជនសង្ស័យត្រឡប់ទៅវិញជាបន្តបន្ទាប់នេះ គឺជាផ្នែកមួយនៃយុទ្ធនាការក្តៅរបស់រដ្ឋាភិបាលឡាវ ក្នុងការបោសសម្អាតអំពើឆបោកតាមអនឡាញ និងល្បែងស៊ីសងខុសច្បាប់។ ជាក់ស្តែង កាលពីពាក់កណ្តាលខែវិច្ឆិកា ប៉ូលិសនៅក្រុងវៀងចន្ទន៍ បានបើកប្រតិបត្តិការឆ្មក់ចូលទីតាំងចំនួន ៤កន្លែង ដោយឃាត់ខ្លួនជនបរទេស ៤៩នាក់ និងរឹបអូសទូរស័ព្ទដៃរាប់រយគ្រឿង។ លើសពីនេះ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា អាជ្ញាធរឡាវនៅខេត្តហ្លួងណាំថា ក៏បានប្រគល់ជនជាតិចិន ៧៤នាក់ ដែលជាប់សង្ស័យពីបទឆបោកតាមទូរស័ព្ទ និងអនឡាញ ទៅឱ្យអាជ្ញាធរចិនវិញ តាមច្រកទ្វារអន្តរជាតិបូតេន ផងដែរ។
គួរបញ្ជាក់ថា ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ ២០២៦នេះ សមត្ថកិច្ចឡាវបានឃាត់ខ្លួនជនសង្ស័យសរុបរហូតដល់ ១០,៦៥១នាក់ មកពី ៣១សញ្ជាតិផ្សេងៗគ្នា នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោក និងល្បែងអនឡាញខុសច្បាប់ទូទាំងប្រទេស៕

