យោងតាមការចុះផ្សាយរបស់ព័ត៌មាននៅប្រទេសថៃនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក អ័ក្ខរៈវឌ្ឍន៍ ពង្សធនាឈលិតកុល សមាជិកព្រឹទ្ធសភាបម្រុង ក្រុមទី១០ បានប្រកាសថា លោកបានដាក់ពាក្យបណ្តឹងទៅកាន់តុលាការព្រហ្មទណ្ឌទទួលបន្ទុកបទល្មើសពុករលួយ និងការប្រព្រឹត្តខុសឆ្គងក្នុងតួនាទីភូមិភាគ ១ នៅខេត្តស្រះបុរី ដើម្បីចាត់ការតាមផ្លូវច្បាប់លើឥស្សរជននយោបាយ និងមន្ត្រីស្ថាប័នបោះឆ្នោតសរុបចំនួន ១៩រូប រួមទាំងនាយករដ្ឋមន្ត្រី លោក អនុធីន ចានវីរៈគុល និងលោក នេវិន ឈីតឈប ប្រធានក្លឹបបាល់ទាត់បុរីរ៉ាំ យូណាយធីត ផងដែរ។

បើមើលលើខ្លឹមសារនៃពាក្យបណ្តឹងរបស់លោក អ័ក្ខរៈវឌ្ឍន៍ ដើមចោទបានចោទប្រកាន់ថា បុគ្គលទាំង ១៩រូបនេះ មានឈ្មោះនៅក្នុងសំណុំរឿងរបស់អនុគណៈកម្មាធិការស៊ើបអង្កេតឈុតទី២៦ ពាក់ព័ន្ធនឹងការចូលរួមគាំទ្រ និងរៀបចំផែនការក្នុងដំណើរការជ្រើសរើសសមាជិកព្រឹទ្ធសភាឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅដោយមិនសុចរិត និងមិនយុត្តិធម៌។ នៅក្នុងពាក្យបណ្តឹងនោះ ភាគីដើមចោទបានបែងចែកចុងចោទជា២ក្រុម ដោយក្រុមទី១គឺចុងចោទលំដាប់ទី ១ ដល់ទី ៧ ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីគណៈកម្មាធិការរៀបចំការបោះឆ្នោត ត្រូវបានចោទប្រកាន់ក្នុងនាមជាអ្នករួមប្រព្រឹត្តបទល្មើសសំខាន់លើបទល្មើសចំនួន ៤ ប្រការ។

ចំណែកក្រុមទី២គឺចុងចោទលំដាប់ទី ៨ ដល់ទី ១៩ ត្រូវបានលោក អ័ក្ខរៈវឌ្ឍន៍ ចោទប្រកាន់ក្នុងនាមជាអ្នកគាំទ្របទល្មើសលើបទល្មើសចំនួន ៣ ប្រការ ដែលរួមមាននាយករដ្ឋមន្ត្រី អនុទីន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណបក្សភូមិចៃថៃ, លោក នេវិន ឈីតឈប រួមជាមួយគណៈកម្មាធិការប្រតិបត្តិគណបក្សភូមិចៃថៃ និងអ្នកពាក់ព័ន្ធផ្សេងទៀត។
តាមការបញ្ជាក់របស់ដើមចោទ បទចោទប្រកាន់ទាំងនេះពាក់ព័ន្ធនឹងការអនុវត្ត ឬល្អៀងមិនអនុវត្តតួនាទីដោយទុច្ចរិត ឬប្រើប្រាស់តំណែងមិនត្រឹមត្រូវ តាមច្បាប់រដ្ឋធម្មនុញ្ញស្តីពីគណៈកម្មាធិការរៀបចំការបោះឆ្នោត ច្បាប់ស្តីពីការបានមកនូវសមាជិកព្រឹទ្ធសភា ច្បាប់ស្តីពីការបង្ការ និងបង្ក្រាបអំពើពុករលួយ រួមផ្សំក្រមព្រហ្មទណ្ឌមាត្រា ៨៣ និងមាត្រា ៨៦។ លើសពីនេះ លោក អ័ក្ខរៈវឌ្ឍន៍ ក៏បានលើកឡើងទៀតថា លោកបានដាក់សំណុំរឿងមួយទៀតទៅកាន់តុលាការកំពូលតាមមាត្រា ៤៤ នៃច្បាប់ស្តីពីការបានមកនូវសមាជិកព្រឹទ្ធសភា ឆ្នាំ២០១៨ ដើម្បីស្នើឱ្យដកហូតសេចក្តីវិនិច្ឆ័យរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត និងចាត់ការលើបេក្ខជនសមាជិកព្រឹទ្ធសភាចំនួន ២២៩នាក់ ដែលត្រូវបានចោទថា ចុះឈ្មោះខុសក្រុមវិជ្ជាជីវៈ ខណៈដែលគណៈកម្មាធិការរៀបចំការបោះឆ្នោតបានចាត់ការលើមនុស្សត្រឹមតែ ៧៧នាក់ប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ យោងតាមនីតិវិធីតុលាការ ការដាក់ពាក្យបណ្តឹងរបស់លោក អ័ក្ខរៈវឌ្ឍន៍ នាពេលនេះ គ្រាន់តែជាការចោទប្រកាន់របស់ភាគីដើមចោទប៉ុណ្ណោះ ហើយមិនទាន់មានការសម្រេចទោសកំហុសណាមួយនៅឡើយទេ ដោយភាគីចុងចោទទាំងអស់នៅតែត្រូវបានចាត់ទុកថា ជាអ្នកគ្មានទោស និងមានសិទ្ធិពេញលេញក្នុងការការពារក្តីតាមផ្លូវច្បាប់ រហូតដល់មានសាលក្រមស្ថាពរ។ បច្ចុប្បន្ន តុលាការព្រហ្មទណ្ឌទទួលបន្ទុកបទល្មើសពុករលួយ និងការប្រព្រឹត្តខុសឆ្គងក្នុងតួនាទីភូមិភាគ ១ បានទទួលពាក្យប្ដឹងនោះ និងបានកំណត់កាលបរិច្ឆេទណាត់ត្រួតពិនិត្យភស្តុតាងនៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខ៕

