
ព្រះរាជាណាចក្រកម្ពុជា និងប្រទេសចិន បានប្រកាសបើកជាផ្លូវការនូវសមយុទ្ធយោធារួមគ្នា «នាគមាស ឆ្នាំ២០២៦» លើកទី៨ ដែលមានទ្រង់ទ្រាយធំជាងពេលណាៗទាំងអស់ នៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ម្សិលមិញនេះ។ ទន្ទឹមនឹងការបង្ហាញសាច់ដុំកិច្ចសហប្រតិបត្តិការយោធាដ៏រឹងមាំរវាងទីក្រុងភ្នំពេញ និងទីក្រុងប៉េកាំង ព្រឹត្តិការណ៍នេះក៏បានឆ្លុះបញ្ចាំងពីសារនយោបាយ-ការទូតដ៏សំខាន់របស់កម្ពុជា ក្នុងការរក្សាតុល្យភាពទំនាក់ទំនងជាមួយមហាអំណាច និងការធានាស្ថិរភាពក្នុងតំបន់។
ពិធីបើកសមយុទ្ធរយៈពេល ១៥ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្ម និងចោរសមុទ្ររួមគ្នា និងការងារមនុស្សធម៌» នេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងឧត្តមនាវីទោ លីវ ស៊ូមីន (Liu Sumin) មេបញ្ជាការមូលដ្ឋានកងទ័ពជើងទឹកទីក្រុងក្វាងចូវ នៃកងទ័ពរំដោះប្រជាជនចិន។ ជាមួយព្រឹត្តិការណ៍នេះគេចាប់អារម្មណ៍ឃើញថា៖

១. ជំហរមិនគំរាមកំហែងភាគីទី៣ និងការធានាសន្តិសុខតំបន់
ចំពេលដែលតំបន់អាស៊ី-ប៉ាស៊ីហ្វិក កំពុងស្ថិតក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់លើការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ទាំងភាគីកម្ពុជា និងភាគីចិន សុទ្ធតែបានផ្ញើសារការទូតរួមគ្នាដើម្បីបន្ធូរបន្ថយការព្រួយបារម្ភរបស់មជ្ឈដ្ឋានខាងក្រៅ។ ថ្លែងក្នុងពិធីបើក នាយឧត្តមសេនីយ៍ ទៀ សីហា និងឧត្តមនាវីទោ លីវ ស៊ូមីន បានបញ្ជាក់ដូចគ្នាថា សមយុទ្ធ «នាគមាស ២០២៦» ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្លាស់ប្ដូរបទពិសោធន៍ បង្កើនសមត្ថភាពប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌ប៉ុណ្ណោះ ដោយមិនមែនដើម្បីគំរាមកំហែងដល់ប្រទេសទី៣ ឬពាក់ព័ន្ធនឹងបញ្ហារសើបណាមួយនៅក្នុងតំបន់ឡើយ។
២. ការបើកចំហមូលដ្ឋានរាម និងតុល្យភាពការទូតយោធាជាមួយអាមេរិក

មូលដ្ឋានសមុទ្ររាម ដែលទទួលបានជំនួយធ្វើទំនើបកម្មពីភាគីចិន តែងតែជាកម្មវត្ថុនៃការតាមដានពីសំណាក់អ្នកសង្កេតការណ៍អន្តរជាតិ។ ទោះជាយ៉ាងណា កម្ពុជាបានបង្ហាញពីភាពបើកចំហ និងតុល្យភាពការទូតយោធារបស់ខ្លួនតាមរយៈសកម្មភាពជាក់ស្ដែង ដោយបញ្ជាក់ថា នាវាចម្បាំងរបស់ប្រទេសជាមិត្តទាំងអស់សុទ្ធតែអាចចូលចតនៅមូលដ្ឋានរាមបាន។ ជាក់ស្តែង ក្នុងឆ្នាំ២០២៦ នេះ នាវាចម្បាំងរបស់សហរដ្ឋអាមេរិក USS Cincinnati បានចូលចតកាលពីខែមករា ហើយនាវាចម្បាំងរបស់ឥណ្ឌា INS Kulish ក៏បានចូលចតកាលពីខែកញ្ញាផងដែរ។
លើសពីនេះ ដើម្បីរក្សាតុល្យភាពកិច្ចសហប្រតិបត្តិការយោធាជាមួយមហាអំណាចលោកខាងលិច សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានប្រកាសត្រៀមរៀបចំសមយុទ្ធយោធារួម «ឆ្មាំអង្គរ» ជាមួយសហរដ្ឋអាមេរិកឡើងវិញនៅដើមឆ្នាំ២០២៧ បន្ទាប់ពីត្រូវបានផ្អាកអស់រយៈពេល ១០ឆ្នាំ ពោលគឺកម្ពុជា និងអាមេរិក ធ្លាប់ធ្វើសមយុទ្ធឆ្មាំអង្គរបាន ៧លើក ចាប់តាំងពីឆ្នាំ២០១០។

៣. វឌ្ឍនភាពទំនើបកម្មកងទ័ពជើងទឹក និងនាវាចម្បាំង Frigate ថ្មី
ក្រៅពីសកម្មភាពហ្វឹកហ្វឺនរួមគ្នា ជ្រុងគួរឱ្យចាប់អារម្មណ៍មួយទៀតក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការការពារជាតិកម្ពុជា-ចិន គឺការបង្ហាញពីវឌ្ឍនភាពនៃការពង្រឹងសមត្ថភាពការពារដែនសមុទ្ររបស់កម្ពុជា តាមរយៈនាវាចម្បាំងប្រភេទ Frigate ថ្មីចំនួន ២គ្រឿង ដែលភាគីចិនកំពុងសាងសង់ជូនកម្ពុជា។ បច្ចុប្បន្ន នាវាចម្បាំងគ្រឿងទី១ ត្រូវបានដំឡើងរួចរាល់ជាស្ថាពរ ខណៈគ្រឿងទី២ សម្រេចការដំឡើងបានប្រមាណ ៥០ភាគរយហើយ ដែលនឹងក្លាយជាសមិទ្ធផលយុទ្ធសាស្ត្រថ្មីមួយសម្រាប់កងយោធពលខេមរភូមិន្ទក្នុងការការពារអធិបតេយ្យភាពដែនទឹក។
សូមជម្រាបថា សមយុទ្ធលើកទី៨ នេះ ត្រូវបានរៀបចំឡើងដើម្បីជំរុញការកសាង «សហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី» បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង កាលពីខែមេសា ឆ្នាំ២០២៥។

លក្ខណៈពិសេសនៃប្រតិបត្តិការរួមមាន៖ កម្លាំងយោធាចូលរួមសរុបប្រមាណ ២,០០០នាក់ (កម្ពុជាជាង ១,០០០នាក់ និងចិនជាង ៨០០នាក់) ដោយធ្វើប្រតិបត្តិការទាំងលើគោក លើសមុទ្រ និងលើអាកាស រួមជាមួយការប្រើប្រាស់ដ្រូន នាវាចម្បាំង យន្តហោះ រថក្រោះប្រយុទ្ធធុនធ្ងន់ និងរថពាសដែក។ ទីតាំងប្រតិបត្តិការបែងចែកជា ២តំបន់ធំៗ គឺការហ្វឹកហ្វឺនលើគោក និងអាកាសនៅវិទ្យាស្ថាននាយទាហានចម្រុះ និងសាលាហ្វឹកហ្វឺនតេជោសែនជុំគិរី ចំណែកការហ្វឹកហ្វឺនលើសមុទ្រ និងអាកាសធ្វើឡើងនៅមូលដ្ឋានសមុទ្ររាម មូលដ្ឋានទ័ពអាកាសកងកេង និងតំបន់សមុទ្រខេត្តព្រះសីហនុ។
ទន្ទឹមនឹងនេះ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានជូនដំណឹង និងអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់សមយុទ្ធ កុំឱ្យមានការភិតភ័យចំពោះការចល័តកម្លាំងទ័ព គ្រឿងយុទ្ធោបករណ៍ ឬការប្រើប្រាស់គ្រាប់ពិតនៅក្នុងអំឡុងពេលហ្វឹកហ្វឺនរយៈពេល ១៥ថ្ងៃនេះផងដែរ៕

