
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) បានចេញសារព្រមានយ៉ាងម៉ឺងម៉ាត់អំពីហានិភ័យនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដោយគ្មានការគ្រប់គ្រងត្រឹមត្រូវ ដោយលោកបានសង្កត់ធ្ងន់ថា ការដាក់បញ្ចូលប្រព័ន្ធ AI ទៅក្នុងប្រព័ន្ធបញ្ជា និងគ្រប់គ្រងអាវុធនុយក្លេអ៊ែរ គឺជាការបើកផ្លូវឆ្ពោះទៅរកគ្រោះមហន្តរាយដ៏ធំធេងសម្រាប់មនុស្សជាតិ។
ថ្លែងនៅក្នុងកិច្ចពិភាក្សាបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្ដីពីការដោះស្រាយជម្លោះក្នុងយុគសម័យនៃការផ្លាស់ប្ដូរបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស កាលពីថ្ងៃទី២៤ ខែវិច្ឆិកា កន្លងទៅ លោក ហ្គូទែរ៉េស បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិជាបន្ទាន់ ដើម្បីបង្កើត «របាំងសុវត្ថិភាព» សម្រាប់ការអភិវឌ្ឍ AI ខណៈបច្ចេកវិទ្យានេះកំពុងផ្លាស់ប្ដូរទម្រង់សេដ្ឋកិច្ច សង្គម និងសន្តិសុខ លឿនជាងសមត្ថភាពដែលស្ថាប័នមានស្រាប់អាចសម្របខ្លួនបាន។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Xinhua ប្រមុខអង្គការសហប្រជាជាតិរូបនេះ បានគូសបញ្ជាក់ពីការគំរាមកំហែងចម្បងចំនួនបី ដែលកើតចេញពីការអភិវឌ្ឍ AI ដោយគ្មានបទប្បញ្ញត្តិ៖
១.លោកថា សង្គ្រាមបច្ចុប្បន្នកំពុងក្លាយជាទីលានសាកល្បងសម្រាប់ប្រព័ន្ធកំណត់គោលដៅដែលបំពាក់ដោយ AI ចាប់តាំងពីការប្រមូលព័ត៌មានសម្ងាត់ រហូតដល់ការជ្រើសរើសគោលដៅវាយប្រហារ ដែលធ្វើឱ្យក្បួនដោះស្រាយ កាន់តែមានឥទ្ធិពលលើការសម្រេចចិត្តអំពីជីវិត និងសេចក្ដីស្លាប់។ លោកបានព្រមានថា មនុស្សត្រូវតែរក្សាការគ្រប់គ្រងជានិច្ចលើការប្រើប្រាស់កម្លាំង និងការសម្រេចចិត្តសម្លាប់ ដោយផ្អែកលើច្បាប់អន្តរជាតិ និងក្រមសីលធម៌ ព្រមទាំងអំពាវនាវជាថ្មីឱ្យចាប់ផ្ដើមការចរចាបង្កើតឯកសារផ្លូវច្បាប់ដែលមានលក្ខណៈចងកាតព្វកិច្ច សម្រាប់ប្រព័ន្ធអាវុធស្វ័យប្រវត្តិប្រល័យជីវិត។
២.លោកបន្តថា បច្ចេកវិទ្យា AI កំពុងជំរុញឱ្យមានការរីកសាយភាយនៃព័ត៌មានក្លែងក្លាយ បង្កើនការបែកបាក់គំនិតនយោបាយ បំផ្លាញទំនុកចិត្តរបស់ពលរដ្ឋលើស្ថាប័ននានា និងធ្វើឱ្យភាពស្អិតរមួតក្នុងសង្គមចុះខ្សោយ។
៣.លោកសង្តត់ធ្ងន់ថា ការរត់ប្រណាំងផ្នែក AI ដោយគ្មានការគ្រប់គ្រង កំពុងត្រូវបានជំរុញដោយផលប្រយោជន៍ពាណិជ្ជកម្ម និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ។ តម្រូវការថាមពល ទឹក និងរ៉ែដ៏មហាសាលសម្រាប់មជ្ឈមណ្ឌលទិន្នន័យ AI កំពុងបង្កើនភាពតានតឹងរវាងសហគមន៍ និងប្រទេសនានា ទន្ទឹមនឹងការប្រមូលផ្ដុំអំណាច AI នៅក្នុងដៃប្រទេស និងក្រុមហ៊ុនតែមួយក្ដាប់តូច ដែលជាក្ដីបារម្ភដ៏ធំមួយ។
ដើម្បីទប់ស្កាត់ហានិភ័យទាំងនេះ លោក ហ្គូទែរ៉េស បានសង្កត់ធ្ងន់លើតួនាទីនៃ កិច្ចសន្ទនាសកលស្ដីពីអភិបាលកិច្ច AI និង ក្រុមប្រឹក្សាវិទ្យាសាស្ត្រអន្តរជាតិស្ដីពី AI ក្នុងការបង្រួបបង្រួមស្តង់ដារមូលដ្ឋាន វិធីសាស្ត្រវាយតម្លៃហានិភ័យ និងការឈានទៅរកក្របខណ្ឌពហុភាគីដែលមានការត្រួតពិនិត្យដោយឯករាជ្យ។ លោកបានទាមទារឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ AI ត្រូវតែមានគណនេយ្យភាពចំពោះផលិតផលរបស់ខ្លួន ដោយលើកយកឧទាហរណ៍ជាក់ស្ដែងមកប្រៀបធៀបថា
«អំណាចក្នុងទំហំប៉ុណ្ណេះ មិនអាចបណ្ដោយឱ្យដើរដោយគ្មានការត្រួតពិនិត្យបានឡើយ។ បច្ចេកវិទ្យាដែលយើងទុកចិត្តបំផុត ដូចជាវិស័យអាកាសចរណ៍ វេជ្ជសាស្ត្រ និងថាមពលនុយក្លេអ៊ែរ ទទួលបានទំនុកចិត្តនេះ ដោយសារយើងតម្រូវឱ្យអ្នកផលិតទទួលខុសត្រូវ។ ស្តង់ដារដូចគ្នានេះ ត្រូវតែអនុវត្តចំពោះ AI ដែរ»។
សូមជម្រាបថា ការលើកឡើងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិនៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខ គឺបានឆ្លុះបញ្ចាំងពីគម្លាតដ៏គួរឱ្យព្រួយបារម្ភរវាង «ល្បឿននៃនវានុវត្តន៍បច្ចេកវិទ្យា» និង «ភាពយឺតយ៉ាវនៃច្បាប់អន្តរជាតិ»។ ខណៈដែលមហាអំណាចពិភពលោកកំពុងប្រជែងគ្នាដណ្ដើមឧត្តមភាពផ្នែក AI ទាំងក្នុងវិស័យសេដ្ឋកិច្ច និងយោធា ការព្រមានអំពីការភ្ជាប់ AI ទៅនឹងអាវុធនុយក្លេអ៊ែរ គឺជាសញ្ញាអាសន្នមួយដែលបង្ហាញថា ប្រសិនបើគ្មានកិច្ចព្រមព្រៀងពហុភាគីដែលមានប្រសិទ្ធភាពទេនោះ ពិភពលោកអាចនឹងប្រឈមមុខនឹងកំហុសបច្ចេកទេស ឬការគណនាខុសដោយម៉ាស៊ីន ដែលមនុស្សមិនអាចគ្រប់គ្រងទាន់ពេលវេលា។
ជាទីបញ្ចប់ លោក ហ្គូទែរ៉េស បានរំលឹកឡើងវិញនូវស្មារតីនៃការបង្កើតអង្គការសហប្រជាជាតិថា ទោះបីជាស្ថាបនិកនៃស្ថាប័ននេះមិនអាចស្រមៃឃើញពី AI កាលពីអតីតកាលក៏ដោយ ប៉ុន្តែពួកគេយល់ច្បាស់ថា «អំណាចត្រូវតែគ្រប់គ្រងដោយច្បាប់ ហើយសន្តិភាពគឺជាជម្រើសរបស់មនុស្ស» ដូច្នេះសហគមន៍អន្តរជាតិត្រូវតែធានាឱ្យបានថា គោលការណ៍នេះនៅតែបន្តរក្សាបានជារៀងរហូត៕

