ស្របពេលស្ថានការណ៍នៅតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ានៅតែបន្តឡើងកម្តៅ និងពោរពេញដោយភាពមិនប្រាកដប្រជាដោយសារឥទ្ធិពលនៃជម្លោះប្រដាប់អាវុធនៅប្រទេសជិតខាងផងនោះ
ការដែលកងទ័ពអាកាសថៃបញ្ជូនយន្តហោះចម្បាំង F-16 ចំនួន ២គ្រឿង ឱ្យហោះឡើងស្ទាក់ចាប់យន្តហោះមិនស្គាល់ប្រភពនៅកម្ពស់ប្រមាណ ១១,០០០ហ្វីត ត្រង់ចំណុចព្រំដែនស្រុកផប់ផ្រៈ ខេត្តតាក កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បានជំរុញឱ្យមានការចោទសួរជាច្រើនអំពីប្រសិទ្ធភាពនៃការគ្រប់គ្រងសន្តិសុខតាមបណ្តោយព្រំដែន និងផលប៉ះពាល់ផ្លូវចិត្តដល់ប្រជាពលរដ្ឋក្នុងតំបន់។
ជាញឹកញាប់ នៅពេលមានហេតុការណ៍ទាក់ទងនឹងព្រំដែនកើតឡើង ភាគីថៃតែងតែប្រើប្រាស់ភាសានៃការ «ការពារអធិបតេយ្យភាព» និង «ការត្រៀមខ្លួនឆ្លើយតបភ្លាមៗ» ដើម្បីបង្ហាញពីភាពរឹងមាំផ្នែកយោធា។ ទោះបីជាយ៉ាងណាក៏ដោយ ការិយាល័យអ្នកនាំពាក្យមិនបានបញ្ជាក់ឡើយថា តើយន្តហោះនោះ បានហោះរំលោភចូលក្នុងដែនអាកាសថៃ ដែរឬក៏អត់។ ភាពមិនច្បាស់លាស់បែបនេះ ធ្វើឱ្យការបង្ហាញប្រតិបត្តិការយោធាហាក់ដូចជា មានលក្ខណៈបំប៉ោងបរិយាកាស ជាជាងផ្តល់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ និងតម្លាភាពដល់សាធារណជន។

មែនទែនទៅ ហេតុការណ៍នេះមិនមែនទើបកើតជាលើកទីមួយឡើយ ដែលថៃ បញ្ចេញយន្តហោះចម្បាំង F-16 ទៅព្រំដែនជាប់មីយ៉ាន់ម៉ា ក្នុងប្រតិបត្តិការប្រដេញយន្តហោះ ខណៈសមរភូមិនៅខាងមីយ៉ាន់ម៉ា នៅតែបន្ដអូសបន្លាយ និងឡើងកម្តៅខ្លាំង។ ជាក់ស្តែង កាលពីថ្ងៃទី១៦ ខែនេះ កងទ័ពអាកាសថៃ បានបញ្ចេញយន្តហោះចម្បាំង F-16 ចំនួន ២គ្រឿងដូចគ្នា ទៅហោះល្បាត តាមដានសភាពការណ៍ជាបន្ទាន់លើដែនអាកាសចាប់ពីស្រុក Phop Phra នៃខេត្ត Tak ដល់ស្រុក Mae Sariang នៃខេត្ត Mae Hong Son ក្រោយកងទ័ពរបបសឹកមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកលើរដ្ឋការ៉ែន ធ្វើឱ្យរង្គើដល់ដីថៃ។ ដោយឡែក កាលពីថ្ងៃទី៩ ខែវិច្ឆិកា ដដែល ថៃ ក៏បញ្ជូនយន្តហោះ F-16 ទៅកាន់ខេត្ត Tak ដែរ ក្នុងអ្វីដែលខ្លួនអះអាងថា ជាប្រតិបត្តិការល្បាតលើស្រុក Phop Phra និងប្រដេញ ក្រោយទទួលព័ត៌មានថា យន្តហោះមីយ៉ាន់ម៉ា ហោះមកក្បែរព្រំដែនថៃ។

ភាពញឹកញាប់នៃប្រតិបត្តិការបែបនេះ បង្ហាញយ៉ាងច្បាស់ថា អសន្តិសុខនៅតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា ជាពិសេសនៅខេត្តតាក នៅតែជាបញ្ហារ៉ាំរ៉ៃដែលមិនទាន់អាចដោះស្រាយឱ្យមានស្ថិរភាពពិតប្រាកដបាននៅឡើយ ហើយកំពុងដាក់សម្ពាធយ៉ាងខ្លាំងទៅលើជីវភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋរស់នៅតំបន់ព្រំដែន។
ការបញ្ជូនយន្តហោះចម្បាំងដែលជាសព្វាវុធធុនធ្ងន់ ទៅកាន់តំបន់ព្រំដែនដែលមានប្រជាជនរស់នៅ អាចបង្កើតជាបរិយាកាសតានតឹង និងការព្រួយបារម្ភបន្ថែមទៀតដល់ពលរដ្ឋរស់នៅក្នុងតំបន់នោះ។ ការអំពាវនាវឱ្យប្រជាពលរដ្ឋមានទំនុកចិត្ត មិនអាចជំនួសឱ្យការដោះស្រាយឫសគល់នៃអសន្តិសុខព្រំដែន និងការរក្សាស្ថិរភាពរយៈពេលវែងបានឡើយ ប្រសិនបើតំបន់ព្រំដែននៅតែស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់ និងងាយនឹងផ្ទុះជាបញ្ហាគ្រប់ពេលវេលា។
ជារួម ប្រតិបត្តិការស្ទាក់ចាប់យន្តហោះអាថ៌កំបាំងនៅស្រុកផប់ផ្រៈ មិនត្រឹមតែជាកំណត់ត្រានៃប្រតិបត្តិការយោធារបស់ថៃប៉ុណ្ណោះទេ ប៉ុន្តែជាសញ្ញាបញ្ជាក់បន្ថែមទៀតថា អសន្តិសុខនៅតំបន់ព្រំដែននៅតែជាបញ្ហាប្រឈមដ៏រសើប ដែលទាមទារឱ្យមានការគ្រប់គ្រងដោយប្រុងប្រយ័ត្ន មានភាពច្បាស់លាស់ និងមានទំនួលខុសត្រូវខ្ពស់ ជាជាងការពឹងផ្អែកតែលើការបង្ហាញកម្លាំងយោធាដើម្បីបង្កើតទំនុកចិត្ត៕

