ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារមួយច្បាប់ជូនចំពោះ ឯកឧត្តម ដូណាល់ ចនត្រាំ (Donald John Trump) ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ដើម្បីសម្ដែងនូវព្រះរាជហឫទ័យអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសារលិខិតអបអរសាទររបស់ប្រធានាធិបតីអាមេរិក ក្នុងឱកាសនៃខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជា។

ក្នុងព្រះរាជសារចុះកាលបរិច្ឆេទនាខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា ទ្រង់បាន​គូស​បញ្ជាក់ពីចំណុចស្នូលចំនួនពីរ ដែលឆ្លុះបញ្ចាំងពីទិសដៅវិជ្ជមាននៃចំណងការទូតរវាងទីក្រុងភ្នំពេញ និងទីក្រុងវ៉ាស៊ីនតោន ក៏ដូចជាបរិយាកាសសន្តិសុខក្នុងតំបន់។

ព្រះមហាក្សត្រ ទ្រង់បានសម្ដែងនូវព្រះរាជហឫទ័យសោមនស្សរីករាយយ៉ាងខ្លាំង ចំពោះវឌ្ឍនភាពគួរ​ឱ្យ​កត់​សម្គាល់​នៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ ជាពិសេស ព្រះអង្គបានរំលេចចំៗលើវិស័យអាទិភាពចំនួនបួនដែលកំពុងមានដំណើរការទៅមុខ រួមមាន៖ វិស័យពាណិជ្ជកម្ម និងការវិនិយោគ វិស័យអនុវត្តច្បាប់នៃកិច្ចសហការផ្នែកសន្តិសុខ និងយុត្តិធម៌ រួមទាំងសកម្មភាពបោសសម្អាតមីនមនុស្សធម៌ ដែលជាកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង និងមានអត្ថន័យមនុស្សធម៌យ៉ាងជ្រាលជ្រៅសម្រាប់ប្រជាជនកម្ពុជា។

ព្រះអង្គទ្រង់បានបង្ហាញព្រះទ័យជឿជាក់ថា មិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កានេះ នឹងបន្តចាក់ឫសកាន់តែជ្រៅ និងរីកចម្រើនបន្ថែមទៀត ដើម្បីនាំមកនូវសុខុមាលភាព និងវិបុលភាពរួមសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ក្រៅពីក្របខណ្ឌទ្វេភាគី ព្រះរាជសាររបស់ព្រះមហាក្សត្រកម្ពុជា ក៏បានបង្ហាញពីជំហរការទូតដ៏សំខាន់ពាក់ព័ន្ធនឹងស្ថិរភាពតំបន់ផងដែរ។ ក្នុងនាមព្រះអង្គផ្ទាល់ និងប្រជាជនកម្ពុជាទាំងមូល ព្រះមហាក្សត្រ ទ្រង់បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការគាំទ្រដ៏មានតម្លៃរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ទៅលើ «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ» ដែលបានចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក៏ដូចជាការប្ដេជ្ញាចិត្តជាបន្តបន្ទាប់របស់អាមេរិកក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់។

ព្រះមហាក្សត្រ ទ្រង់បានសង្កត់ធ្ងន់ថា កម្ពុជាវាយតម្លៃខ្ពស់ចំពោះការគាំទ្រដ៏ម៉ឺងម៉ាត់នេះ ហើយសង្ឃឹមយ៉ាងមុតមាំថា ការអនុវត្តប្រកបដោយភាពស្មោះត្រង់នូវកិច្ចព្រមព្រៀងទីក្រុងគូឡាឡាំពួ នឹងត្រួសត្រាយផ្លូវឆ្ពោះទៅរកសន្តិភាព ស្ថិរភាពយូរអង្វែង និងវិបុលភាពរួម សម្រាប់ប្រទេសកម្ពុជា និងតំបន់ទាំងមូល។

សូមជម្រាបថា ការផ្លាស់ប្ដូរសារលិខិតក្នុងកម្រិតប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនាពេលនេះ បង្ហាញឱ្យឃើញពីបរិយាកាសការទូតដែលមានភាពវិជ្ជមាន និងស្ថាបនារវាងកម្ពុជា និងសហរដ្ឋអាមេរិក។ ការដែលព្រះមហាក្សត្រកម្ពុជា លើកឡើងទាំងវិស័យសេដ្ឋកិច្ច-សន្តិសុខទ្វេភាគី ទន្ទឹមនឹងការសង្កត់ធ្ងន់លើ «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ ឆ្នាំ២០២៥» នោះគឺបានបង្ហាញថា ទីក្រុងភ្នំពេញ និងទីក្រុងវ៉ាស៊ីនតោន កំពុងរក្សាបាននូវចំណុចប្រសព្វនៃផលប្រយោជន៍រួម ទាំងលើការអភិវឌ្ឍសេដ្ឋកិច្ច និងការរក្សាសណ្ដាប់ធ្នាប់សន្តិភាពក្នុងតំបន់។

យ៉ាងណាមិញ ជាទីបញ្ចប់នៃព្រះរាជសារ ព្រះមហាក្សត្រកម្ពុជា ទ្រង់បានប្រសិទ្ធពរជ័យជូនលោកប្រធានាធិបតី ដូណាល់ ត្រាំ និងប្រជាជនសហរដ្ឋអាមេរិកទទួលបាននូវវិបុលភាពកាន់តែខ្លាំងក្លាថែមទៀត៕

Share.