លោក ឃូ គ្យែនហ្វ៊ែ (KOO KYEN HOE) ប្រធានក្លិបបាល់ទាត់ ឡាយហ្វ៍ អេហ្វស៊ី ខេត្តព្រះសីហនុ បានបញ្ចេញសារមុនទទួលក្រុមភ្ញៀវពីរាជធានីភ្នំពេញ វិសាខា ក្នុងការប្រកួតប្រកួតលីគកំពូលកម្ពុជា នៅចុងសប្ដាហ៍នេះ។

លោក David Koo បានសរសេររៀបរាប់ថា៖ «ក្រុងព្រះសីហនុ ជាទីក្រុងរបស់យើង! ឡាយហ្វ៍ អេហ្វស៊ី ជាក្រុមរបស់យើង! សូមគោរពជូនបងប្អូនប្រជាពលរដ្ឋក្រុងព្រះសីហនុ និងអ្នកស្រឡាញ់វិស័យបាល់ទាត់ទាំងអស់!
នៅ ថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា វេលាម៉ោង៦ល្ងាច ក្រុមឡាយហ្វ៍ អេហ្វស៊ី ខេត្តព្រះសីហនុ នឹងទទួលក្រុមវិសាខា ក្នុងការប្រកួតក្នុងដីលើកដំបូងរបស់យើងនារដូវកាលនេះ នៅកីឡដ្ឋាន Hyundai Stadium (អតីតកីឡដ្ឋាន Life Stadium)។ ខ្ញុំសូមគោរពអញ្ជើញបងប្អូនទាំងអស់ មកចូលរួមទស្សនា និងលើកទឹកចិត្តក្រុមដែលតំណាងឱ្យខេត្តរបស់យើង។
ក្លិបរបស់យើងបានចាប់ផ្តើមពីក្តីស្រមៃមួយ គឺនាំមកនូវមោទនភាពជូនខេត្តព្រះសីហនុ តាមរយៈកីឡាបាល់ទាត់។ យើងបានឈ្នះជើងឯកលីគទី២ និងទទួលបានសិទ្ធិឡើងមកប្រកួតក្នុងលីគកំពូលកម្ពុជា។ ក្រោយការឡើងមកលីគកំពូល យើងបានឆ្លងកាត់រដូវកាលដ៏លំបាក និងលទ្ធផលមិនសមតាមបំណង។ ប៉ុន្តែយើងមិនដែលបោះបង់ឡើយ។ នៅរដូវកាលនេះ យើងកំពុងបង្ហាញទម្រង់លេងល្អ ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងចំណោមក្រុមកំពូលទាំង៦។ យើងប្តេជ្ញាបន្តអភិវឌ្ឍខ្លួន ដើម្បីធ្វើឱ្យខេត្តរបស់យើងមានមោទនភាព។
ពេលនេះ កីឡាកររបស់យើងត្រូវការកម្លាំងចិត្តដ៏សំខាន់មួយ គឺ ការគាំទ្រពីបងប្អូនអ្នកខេត្តព្រះសីហនុផ្ទាល់!

ពេលខ្ញុំឃើញអ្នកគាំទ្រក្រុមស្វាយរៀង និងអង្គរថាយហ្គឺរ ចូលរួមលើកទឹកចិត្តយ៉ាងកុះករពេញកីឡដ្ឋាន ខ្ញុំក៏ស្រមៃចង់ឃើញទិដ្ឋភាពបែបនេះនៅខេត្តព្រះសីហនុរបស់យើងដែរ។ គឺទិដ្ឋភាពដែលក្រុមគ្រួសារ មិត្តភក្តិ និងអ្នកជិតខាង មកជួបជុំគ្នាគាំទ្រក្រុមបាល់ទាត់របស់យើង។
ឡាយហ្វ៍ អេហ្វស៊ី ខេត្តព្រះសីហនុ គឺជាក្រុមរបស់បងប្អូន! រាល់ពេលចូលទីលាន កីឡាកររបស់យើងប្រកួតតំណាងឱ្យឈ្មោះខេត្តរបស់យើង។ សំឡេងហ៊ោគាំទ្រ និងសំឡេងទះដៃរបស់បងប្អូន អាចផ្តល់កម្លាំងឱ្យកីឡាករបន្តរត់ ទោះបីនឿយហត់ និងផ្តល់ភាពក្លាហានឱ្យពួកគេតស៊ូរហូតដល់ចប់ការប្រកួត។
វិសាខាគឺជាក្រុមមួយក្នុងចំណោមក្រុមខ្លាំងបំផុតនៅលីគកំពូលកម្ពុជា (CPL)។ ប៉ុន្តែប្រសិនបើបងប្អូនមកចូលរួមគាំទ្រពេញកីឡដ្ឋាន កីឡាកររបស់យើងនឹងមានទំនុកចិត្ត និងការតាំងចិត្តកាន់តែខ្លាំង ដើម្បីប្រជែងយកលទ្ធផលល្អ។
នៅពេលសម្រាកចន្លោះតង់ ក៏នឹងមានការសម្តែងកាយសម្ព័ន្ធជាក្រុមដ៏អស្ចារ្យ ពីសិស្សានុសិស្សរបស់យើង ដែលបានខិតខំរៀបចំជាពិសេសសម្រាប់បងប្អូនផងដែរ! សូមចូលរួមទះដៃលើកទឹកចិត្ត និងអបអរសាទរចំពោះការខិតខំប្រឹងប្រែង សាមគ្គីភាព និងទេពកោសល្យរបស់ពួកគេ។

ថ្ងៃអាទិត្យនេះ សូមនាំក្រុមគ្រួសារ អញ្ជើញមិត្តភក្តិ និងអ្នកជិតខាង មកកាន់កីឡដ្ឋានជាមួយគ្នា។ មិនថាបងប្អូនជាអ្នកគាំទ្របាល់ទាត់យូរមកហើយ ឬទើបមកទស្សនាលើកដំបូងទេ យើងស្វាគមន៍បងប្អូនទាំងអស់គ្នា។ ឱ្យតែមានទឹកចិត្តស្រឡាញ់ក្រុងព្រះសីហនុ បងប្អូនគឺជាផ្នែកមួយនៃគ្រួសាររបស់យើង»។
សូមមកបំពេញកន្លែងអង្គុយក្នុងកីឡដ្ឋាន! សូមរួមគ្នាបន្លឺសំឡេងលើកទឹកចិត្តកីឡាកររបស់យើង! សូមរួមគ្នាធ្វើឱ្យក្រុងព្រះសីហនុមានមោទនភាព!
គួរបញ្ជាក់ថា ក្លិបបាល់ទាត់ ឡាយហ្វ៍ អេហ្វស៊ី ខេត្តព្រះសីហនុ នឹងបើកទ្វាកីឡដ្ឋាន Hyundai របស់ខ្លួនដើម្បីទទួលស្វាគមន៍ក្រុមភ្ញៀវ វិសាខា នៅថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ៦:០០នាទីល្ងាច៕


