ព្រះខ័នរាជស្វាយរៀង កំពុងស្ថិតក្នុងស្ថានភាពល្អដើម្បីដណ្តើមកៅអី វគ្គ ១៦ក្រុម នៃពានរង្វាន់ AFC Champions League Two រដូវកាល ២០២៦/២៧ បន្ទាប់ពីបង្កើតប្រវត្តិសាស្ត្រយកឈ្នះក្រុមលីគកំពូលជប៉ុន (J1 League) FC Machida Zelvia ក្នុងលទ្ធផល ២-០ កាលពីយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ។

យ៉ាងណាការកក់កៅអីវគ្គ ១៦ក្រុមជាផ្លូវការនឹងត្រូវកំណត់នៅប្រកួតចុងក្រោយ នៃវគ្គចែកពូល ពូល G ជាមួយក្រុម Shanghai Shenhua FC នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៦ (ម៉ោង ៥:០០ ល្ងាច ម៉ោងនៅកម្ពុជា) នៅ Kunshan Olympic Sports Center។ ឈ្នះ ឬស្មើ​នោះ​ព្រះខ័នរាជស្វាយរៀង នឹង​ឡើង។

ក្រោយ​យក​ឈ្នះ​ក្រុមមកពីលីគកំពូលជប៉ុន គឺ​ជាកត្តាទី១ ជំរុញឱ្យព្រះខ័នរាជស្វាយរៀង មានឱកាសឡើងវគ្គ ១៦ក្រុម ដោយ​បង្កើនទំនុកចិត្ត និងស្មារតីក្រុមយ៉ាងខ្លាំងសម្រាប់ការប្រកួតបន្ទាប់។ មួយវិញ​ទៀតក្រោមការដឹកនាំរបស់គ្រូបង្វឹក Matthew McConkey ព្រះខ័នរាជស្វាយរៀង រក្សាទម្រង់លេងមានវិន័យការពារបានល្អ ហើយឆ្លៀតឱកាសវាយបកបាន​យ៉ាង​រហ័ស តាម​រយ:កីឡាករ​បាន​គុណភាពនៅ​ក្នុង​ក្រុម។

លើសពី​នេះ អ្នកចាំទី វីរៈ ដារ៉ា ក៏​ជា Key Player រួម​ចំណែក​ជួយក្រុម ជាមួយតំបន់ការពារ ធ្វើបានល្អក្នុងការទប់ទល់នឹងសម្ពាធរបស់ក្រុមភ្ញៀវ ជាក់​ស្ដែង​ដូច​ជាការ​ប្រកួតជាមួយ Machida Zelvia ព្យាយាមវាយសម្រុកតាមរកគ្រាប់​បាល់បាន​សម្រេខ។

សម្រាប់​បញ្ហាប្រឈម​របស់​ព្រះខ័ន​រាជស្វាយរៀង គឺការលេ​ងដែល​មានសម្ពាធក្រៅដី និងគុណភាពដៃគូ ការលេងនៅក្រៅទឹកដីទល់នឹងក្លិបចិន Shanghai Shenhua ដែលទើបយកឈ្នះ Tampines Rovers ៧-១ នៅតម្រូវឱ្យស្វាយរៀង រក្សាការផ្តោតអារម្មណ៍ខ្ពស់ ស្មារតីក្រុម និងកាត់បន្ថយកំហុសនៅតំបន់ការពារ។

ឆ្លងកាត់ ៥ ប្រកួតកន្លងមក ព្រះខ័នរាជស្វាយរៀង ឈរនៅលេខរៀងទី២ មាន ១០ ពិន្ទុ (ឈ្នះ ៣ ស្មើ ១ ចាញ់ ១) ខណៈ Shanghai Shenhua ឈរនៅលេខរៀងទី៣ មាន ៧ ពិន្ទុ (ឈ្នះ ២ ស្មើ ១ ចាញ់ ២)។

សរុប​មក​ព្រះខ័ន​រាជស្វាយរៀង ត្រូវការត្រឹម ១ ពិន្ទុ (ស្មើ) ក៏​អាច​ឡើង​វគ្គ​បន្ត​បាន​។ ខណ:ក្រុម Shanghai Shenhua ត្រូវការឈ្នះព្រះខ័ន​រាជស្វាយរៀងដាច់ខាត ដើម្បី​ក្ដោប​ឱកាសឡើង​ទៅ​កាន់​វគ្គ ១៦ក្រុម នៃពានរង្វាន់ AFC Champions League Two រដូវកាល ២០២៦/២៧៕

Share.